ថៃមួយក្រុមប្រុងមករំដោះចោរថៃគ្នាឯងមិនបានសម្រេច ត្រូវពលរដ្ឋខ្មែរក្របួចជាប់
អាន ប៊ុនរ័ត្ននៈ
25 កញ្ញា 2023 02:13 AM

បន្ទាយមានជ័យ៖ ជនជាតិថៃ១ម្នាក់ចំណោម២នាក់ បានធ្វើសកម្មភាពលួចទំនិញក្នុងហាងឡុង សេងលី និងមានបក្ខពួក១ក្រុមមានគ្នា៦នាក់ទៀត បម្រុងមករំដោះជនសង្ស័យ ប៉ុន្តែមិនបានសម្រេច ត្រូវម្ចាស់ហាងចាប់យកទៅឱ្យសមត្ថកិច្ច ខណៈហេតុការណ៍នេះ កើតឡើងនៅថ្ងៃទី២៤កញ្ញា ឆ្នាំ២០២៣ ស្ថិតក្នុងភូមិក្បាលស្ពានមួយ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត...។

យោងតាមការឱ្យដឹងពីម្ចាស់ហាងឡុង សេងលី បានប្រាប់ថា ជនជាតិថៃ២នាក់ បានធ្វើដំណើរចូលមកក្នុងហាងលក់ទំនិញរបស់ខ្លួន ហើយបានលួចយកអីវ៉ាន់មួយចំនួន ឃើញដូចនេះលោកបានស្ទុះទៅចាប់ តែត្រូវបានជនជាតិថៃ២នាក់នោះ ព្រួតគ្នាវ៉ៃទៅលើម្ចាស់ហាងវិញ និងសំណាងល្អត្រូវបានអ្នកជិតខាងឃើញសម្រុកទៅជួយចាប់បាន១ម្នាក់ និងម្នាក់ទៀតរត់គេចខ្លួនបាត់ភ្លាមៗ។ ជាមួយគ្នានោះ គេសង្គេតឃើញមានក្រុមបក្ខពួកជនជាតិថៃ៦នាក់ទៀតបានជិៈម៉ូតូមកដល់មុខហាង បម្រុងរំដោះជនសង្ស័យជនជាតិថៃនោះ ប៉ុន្តែត្រូវប្រជាពលរដ្ឋចោមរោមជិត ទើបពួកគេនាំគ្នាជិៈម៉ូតូចេញទៅវិញភ្លាមៗ។

ម្ចាស់ហាង បានឱ្យដឹងបន្តថា ជនជាតិថៃ២នាក់នេះ ធ្លាប់ធ្វើសកម្មភាពលួចអីវ៉ាន់ក្នុងហាងញឹកញ៉ាប់ណាស់ ព្រោះពេលទំនេរលោកបានត្រួតពិនិត្យកាមេរ៉ាសុវត្ថិភាពឃើញសកម្មភាពពួកគេលួចអីវ៉ាន់នៅក្នុងកាម៉េរ៉ានោះតែម្ដង។ លុះពេលពួកគេមកជាថ្មី លោកបានតាមដានជាប់ជាប្រចាំ ក៏ឃើញសកម្មភាពលួចអីវ៉ាន់ជាថ្មីទៀត ហើយបម្រុងដើរចេញដោយមិនទូទាត់ប្រាក់ ទើបលោកស្ទុំទៅសួរនាំ ស្រាប់តែត្រូវពួកវាព្រួតគ្នាវ៉ៃលោកទៅវិញ កុំតែបានបងប្អូនប្រជាពលរដ្ឋខ្មែរនៅក្បែរខាងឃើញស្ទុះមកជួយ កុំអីចាប់ពួកវាមិនបានទេ។ លោកអរគុណដល់ទឹកចិត្តបងប្អូនខ្មែរយើងណាស់ ដែលចូលមកជួយអន្តរាគមន៍សង្គ្រោះអាយុជីវិតលោក ហើយបានជួយចាប់ជនសង្ស័យប្រគល់ឱ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍សង្កាតអូរជ្រៅថែមទៀត។

ដោយឡែក មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលអូរជ្រៅបានឱ្យដឹងថា ជនជាតិថៃ២នាក់ដែលធ្វើសកម្មភាពលួចទំនិញក្នុងហាងឡុង សេងលី និងបានវ៉ៃទៅលើម្ចាស់ហាងបណ្តាលរបួសនោះ ត្រូវបានប្រជាពលរដ្ឋឃាត់ខ្លួនម្នាក់ ក្នុងចំណោមបក្ខពួក២នាក់យកមកប្រគល់ឱ្យអាជ្ញាធរហើយ ពេលនេះ មន្ត្រីនគរបាលជំនាញកំពុងស្វែងរកជនសង្ស័យ ព្រោះបើពួកគេមិនទាន់ឆ្លងដែនទៅថៃវិញទេ គឺមិនអាចរួចពីសំណាញ់ច្បាប់បានឡើយ។ ចំណែកជនសង្ស័យម្នាក់ដែលប្រជាពលរដ្ឋចាប់បានកំពុងសួរនាំនៅស្នាក់ការប៉ុស្តិ៍ដើម្បីបន្តនីតិវិធីច្បាប់បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតអនុវត្តច្បាប់បន្ត..៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត