
(បាល់ទាត់)៖ ការប្រកួតបាល់ទាត់ នៃពានរង្វាន់លំដាប់ទី១របស់ទ្វីបអឺរ៉ុប UEFA Champions League នាវគ្គសន្សំពិន្ទុក្នុងពូល A របស់ក្រុមបិសាចក្រុម Manchester United បានចាប់ផ្តើមជាមួយការបរាជ័យក្រោមថ្វីជើងរបស់ក្រុមម្ចាស់ផ្ទះ Bayern Munich នៅឯកីទ្បដ្ឋាន Allianz Arena ដោយបញ្ចប់លទ្ធផល ៤-៣ កាលពីយប់មិញ។

នៅក្នុងជំនួបដ៏ចម្រូងចម្រាសមួយនេះ ៤គ្រាប់របស់ក្រុមម្ចាស់ផ្ទះ Bayern Munich រកបានដោយកីទ្បាករ Leroy Sane នាទី២៨, Serge Gnaby នាទី៣២, Harry Kane នាទី៥៣ និង Mathys នាទី៩០+២។ ចំណែកឯ ៣គ្រាប់ក្រុម Manchester United រកបានដោយកីទ្បាករ Rasmus Højlund នាទី៤៩ (តង់ទី១) និង២គ្រាប់ទៀតរកបានដោយកីទ្បាករ Casemiro នាទី៨៨ និង៩០+៥..។

លទ្ធផល ៤-៣ បែបនេះល្មមគ្រប់គ្រាន់ឱ្យក្រុម United របស់លោកគ្រូ Erik Ten Hag ស្ថិតនៅបាតតារាងពិន្ទុនៃពូល A បន្ទាប់ពីក្រុម Galatasary និងFC Copenhagen ចែកគ្នា១ពិន្ទុម្នាក់ ក្រោយប្រកួតស្មើគ្នា ២-២ ដូចគ្នាកាលពីយប់មិញផងដែរ។ ដូច្នេះហើយ ការប្រកួតជើងទី២ របស់ក្រុម Manchester United ត្រូវប៉ះគ្នាជាមួយក្រុម Galatasary នៅឯកីទ្បដ្ឋាន Old Trafford នាថ្ងៃទី០៤ ខែតុលា។ ដោយទ្បែក ការចាប់ផ្តើមយុទ្ធនាការ UEFA Champions League ក្នុងពូល B វគ្គសន្សំពិន្ទុរបស់ក្រុមកាំភ្លើងធំ Arsenal ក៏បានទទួលជ័យជម្នះលើក្រុម PSV ដោយបញ្ចលទ្ធផល ៤-០ ផងដែរ កាលពីយប់មិញ។ ការប្រកួតបន្តរបស់ក្រុម Arsenal នឹងត្រូវប៉ះគ្នាជាមួយក្រុម Lens FC នៅក្រៅដី (Estadio Bollaert-Delelis) នាថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣ ខាងមុខនេះ៕

អត្ថបទដោយ៖ យ៉េ សេរីជប៉ុន


