មន្ទីរសុខាភិបាលខេត្តក្រចេះ អំពាវនាវពលរដ្ឋរួមគ្នាទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺគ្រុនឈាម
អុន សម្ផស្ស
19 កញ្ញា 2023 07:00 PM

ខេត្តក្រចេះ៖ ប្រធានមន្ទីរសុខាភិបាលខេត្តក្រចេះ លោក ងី ប៊ុនឡែន បានអំពាវនាវអាជ្ញាធរនៅតាមមូលដ្ឋាន និងប្រជាពលរដ្ឋចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺគ្រុនឈាម ខណៈបច្ចុប្បន្ននេះ ជំងឺដ៏កាចសាហាវមួយនេះ កំពុងមានការរីករាលដាលកាន់តែខ្លាំង...។

លោកប្រធានមន្ទីរសុខាភិបាលបានថ្លែងបែបនេះ នាឱកាសចុះអប់រំផ្សព្វផ្សាយប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យយល់ដឹង អំពីស្ថានភាពជំងឺគ្រុនឈាម និងពន្យល់អំពីវិធានការបង្ការ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣។ លោកគូសបញ្ជាក់ថា អាជ្ញាធរត្រូវចុះបាញ់ថ្នាំសម្លាប់មូសលុបបំបាត់ជម្រកសត្វមូស ដាក់ថ្នាំអាបែត និងអប់រំពីការគ្រប់គ្រងសំណល់សំបកកង់រថយន្ដចាស់ៗនៅតាមសហគមន៍ និងសំអាតបរិស្ថាន នៅជុំវិញផ្ទះ។ គ្រប់បុគ្គលិកមណ្ឌលសុខភាព និងមន្ទីរពេទ្យក្នុងខេត្តទាំងអស់ត្រូវយកចិត្តទុកដាក់អប់រំផ្សព្វផ្សាយបន្ត ព្យាបាលដោយការយកចិត្តទុកដាក់តាមដានអ្នកជំងឺប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួន។ ជាមួយគ្នានេះ លោកប្រធានមន្ទីរ បានក្រើនរំលឹកដល់ប្រជាពលរដ្ឋត្រូវថែទាំកូនចៅតាមដានពិនិត្យមើលសុខភាពឱ្យបានទៀងទាត់ បើមានបញ្ហាគ្រុនក្ដៅត្រូវនាំមកមន្ទីរពេទ្យ ឬមណ្ឌលសុខភាពដែលនៅជិតផ្ទះបំផុត ជៀសវាងមានបញ្ហាញសុខភាពធ្ងន់ធ្ងរ។

ប្រធាមន្ទីរសុខាភិបាលខេត្តក្រចេះ លោក ងីប៊ុនឡែន 
ប្រធាមន្ទីរសុខាភិបាលខេត្តក្រចេះ លោក ងីប៊ុនឡែន 

គួរបញ្ជាក់ថា ផ្អែកតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ បានគូសបញ្ជាក់ថា ចាប់ពីខែមករា ដល់ថ្ងៃទី១២កញ្ញា មានការកើនឡើងករណីជំងឺគ្រុនឈាមគួរឱ្យកត់សម្គាល់។ តាមរយៈបទពិសោធការសិក្សាស្រាវជ្រាវ និងការតាមដានជំងឺរបស់កម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាមនាពេលកន្លងមក បានបង្ហាញ ថាស្ថានភាពជំងឺគ្រុនឈាមតែងតែមានវដ្តនៃជំងឺកើនឡើងខ្ពស់ខុសប្រក្រតីនៅរៀងរាល់៥ ទៅ៦ឆ្នាំម្ដង។ ជំងឺគ្រុនឈាមអាចកើតមានលើមនុស្សគ្រប់វ័យ ទាំងវ័យក្មេង និងមនុស្សចាស់ ដែលបង្កឡើងដោយ វីរុសគ្រុនឈាម តាមរយៈការខាំចម្លងដោយសត្វមូសខ្លាញី ដែលចូលចិត្តពងកកើតជាដង្កូវទឹក នៅតាមទីកន្លែងដែលមានទឹកដក់រងថ្លា គ្មានក្លិនដូចជា៖ ពាង អាង ធុងដាក់ទឹកប្រើប្រាស់ ទឹកថូផ្កា ចានទ្រជើងតុ ទូ ក្រឡ ពែង ពិសេសសំបកកង់ឡាន ម៉ូតូ ក្រឡ កំប៉ុង ចាន កែវ ជាដើម ដែលជាប្រភពដក់ទឹក និងជម្រកសត្វមូស

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត