ក្រសួងសុខាភិបាលឱ្យពលរដ្ឋប្រុងប្រយ័ត្ននិងបង្ការការឆ្លងជំងឺគ្រុនឈាម
យិត​​ ស្រីល័ក្ខ
15 កញ្ញា 2023 11:00 AM

រាជធានីភ្នំពេញ៖​​ ក្រសួងសុខាភិបាលណែនាំ និងក្រើនរំលឹកដល់ប្រជាពលរដ្ឋ ត្រូវបន្តប្រុងប្រយ័ត្នប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ការពារសុខភាពផ្ទាល់ខ្លួននិងក្រុមគ្រួសារ បង្ការការឆ្លងជំងឺគ្រុនឈាម និងដើម្បីចូលរួម ទប់ស្កាត់ការផ្ទុះឡើងនូវជំងឺគ្រុនឈាមទ្រង់ទ្រាយធំក្នុងសហគមន៍ ឱ្យកាន់តែមានប្រសិទ្ធភាព។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ឱ្យដឹងកាលពីយប់ថ្ងៃទី១៤​ ខែកញ្ញា​​ ឆ្នាំ២០២៣។ 

បើតាមសេចក្តីជូនដំណឹងដដែល ក្រសួងបានទាញសញ្ញាពីរោគសញ្ញាគ្រុនក្តៅខ្លួនខ្លាំងភ្លាមៗ ចាប់ពី៣៩ ទៅ៤០អង្សារសេ ឱ្យទៅពិគ្រោះយោបល់ និងពិនិត្យព្យាបាលនៅមន្ទីរពេទ្យ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ក្រសួងសុខាភិបាលស្នើឱ្យទំនាក់ទំនងមកលេខទូរស័ព្ទទាន់ហេតុការណ៍ ១១៥ ប្រសិនមានចម្ងល់ពីបញ្ហានេះ ឬចង់ចូលរួមរាយការណ៍។​ ក្រសួងបន្តអំពាវនាវឱ្យពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានចូលរួមចលនាកាត់បន្ថយ និងទប់ស្កាត់ការកកើតសត្វមូស ដោយប្រកាន់ខ្ជាប់នូវគោលជំហរ ស្របនឹងពាក្យស្លោក«ខ្ញុំ និងគ្រួសារខ្ញុំ ជាគ្រួសារគំរូ ព្រោះផ្ទះខ្ញុំ និង លំនៅដ្ឋានរបស់ខ្ញុំ គ្មានដង្កូវទឹក»។ ក្នុងនោះ វិធានការទី១គឺ អាណាព្យាបាល មាតាបិតា កុមារា កុមារី គ្រប់រូប រួមទាំងអាជ្ញាធរមូលដ្ឋានត្រូវសកម្មចូលរួមកម្ចាត់ ដង្កូវទឹកនៅតាមទីកន្លែងដែលមានទឹកដក់ដូចជា៖ ពាង អាងទឹក ថូផ្កា ចានទ្រជើងតុទូ ក្រឡ ធុង ជាដើមដោយការផ្លាស់ប្ដូរទឹក និងលាងសម្អាតជាប្រចាំឱ្យបានយ៉ាងតិចម្ដងក្នុងមួយអាទិត្យ ឬត្រូវគ្របគម្របឱ្យបានជិតល្អ និងត្រូវសហការជាមួយបណ្តាញសុខាភិបាលនៅតាមមូលដ្ឋាន ដើម្បីដាក់ថ្នាំបាណកឃាដ សម្លាប់ដង្កូវទឹកនៅក្នុងអាងទឹក ពាងទឹក កន្លែងដែលស្តុកទឹក ឬចិញ្ចឹមកូនត្រីប្រាំពីរពណ៌ នៅកន្លែងដែលអាចចិញ្ចឹមបាន។ ចំពោះសម្ភារដក់ទឹកផ្សេងទៀតដែលទុកចោលមិនប្រើប្រាស់ដូចជា៖​ សំបក កង់ឡាន ម៉ូតូ សំបកដប កំប៉ុង ត្រឡោកដូង ចានបាយសម្លជ័រ កំប៉ុងកាហ្វេ ត្រូវកប់ដុតកំទេចចោល ឬទុកដាក់ឱ្យមានរបៀបដើម្បីកុំឱ្យមានទឹកដក់។

វិធានការទី២ ឱ្យម្ចាស់ការដ្ឋានសំណង់ រួមទាំងកម្មករ-កម្មការនីដែលកំពុងបំពេញការងារនៅតាមការដ្ឋាន សំណង់ទាំងអស់ត្រូវសម្អាតបរិវេណការដ្ឋានសំណង់របស់ខ្លួន ជាពិសេសត្រូវលុបបំបាត់វត្ថុដាក់ទឹក និងថ្លុកដក់ទឹក ដោយរៀបចំទុកដាក់សម្ភារសំណង់ដែលអាចដក់ទឹកនៅក្នុងទីកន្លែង ដែលមានដំបូលត្រឹមត្រូវដើម្បីចៀសវាងការដក់ទឹក និងលុប បំបាត់ប្រភពនិងជម្រកមូសខ្លាដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាមដល់ប្រជាជនទាំងអស់ ដែលរស់នៅចម្ងាយ១៥០ម៉ែត្រជុំ វិញការដ្ឋានសំណង់នោះ។ ទន្ទឹមគ្នានេះដែរ មន្ទីរសុខាភិបាលរាជធានី-ខេត្តទាំង២៥ ត្រូវសហការជាមួយអាជ្ញាធរពាក់ព័ន្ធដើម្បីចុះត្រួតពិនិត្យនៅតាមការដ្ឋានសំណង់ ជម្រុញការអនុវត្តការងារនេះឱ្យមានប្រសិទ្ធភាព ដើម្បីចូលរួមកាត់បន្ថយអត្រាឈឺ និងស្លាប់ដោយសារជំងឺគ្រុនឈាម។​​ 

វិធានការទី៣ អាជីវករ និងម្ចាស់អាជីវកម្មទាំងឡាយ ដែលប្រកបរបរពាក់ព័ន្ធនឹងសំបកកង់ឡាន-ម៉ូតូ ត្រូវគ្រប់គ្រងសំបកកង់ទាំងនោះឱ្យមានសុវត្ថិភាពចៀសផុតពីការដក់ទឹក ដោយមិនត្រូវទុកវត្ថុទាំងនោះចោលពាសវាលពាសកាលបង្កើតបានជាប្រភពកកើត និងជម្រកមូសខ្លាដ៏គ្រោះថ្នាក់បំផុត ដែលអំណោយផលដល់ការចម្លងជំងឺគ្រុនឈាមកើនឡើង និងអាចឈានទៅរកការរាតត្បាតគ្រប់ពេលវេលា។ វិធីសាស្ត្រក្នុងការគ្រប់គ្រងសំបកកង់ដោយសុវត្ថិភាពគ្មានសត្វមូសកកើតគឺត្រូវ៖ ដាក់គរត្រួតលើគ្នា គ្របដោយបន្ទះក្តារជិត ឬស្បៃមុងចាក់ប្រេងម៉ាស៊ីនដែលខូចឈប់ប្រើប្រាស់ចូល ឬចាក់ដីបំពេញជាពិសេសដាក់នៅក្រោមដំបូល ដើម្បីចៀសវាងការដក់ទឹកដែលបង្កទៅជាប្រភពកកើត និងជាជម្រកមូសខ្លា។

វិធានការទី៤ ត្រូវប្រកាន់ខ្ជាប់នូវទម្លាប់រស់នៅស្អាត ធ្វើអនាម័យផ្ទះសម្បែង ផ្ទះមានពន្លឺចេញចូល ទុកដាក់របស់របរសំលៀកបំពាក់ទាំងក្នុង និងក្រៅផ្ទះឱ្យមានសណ្តាប់ធ្នាប់លុបបំបាត់ព្រៃស៊ុបទ្រុបជុំវិញផ្ទះ ដើម្បីកាត់បន្ថយជម្រកសត្វ មូសមកតោងជ្រកទុំជិតខ្លួនយើង ហើយដែលអាចងាយនឹងខាំយើង។ អំឡុងពេលថ្ងៃគឺចាំបាច់ត្រូវស្លៀកសំលៀកបំពាក់មានដៃវែងជើងវែង សម្រាន្តក្នុងមុងជាប្រចាំទាំងថ្ងៃទាំងយប់ និងមិនត្រូវអង្គុយលេងនៅជិតទីកន្លែងងងឹតៗនោះទេ។

វិធានការទី៥ ករណីមានរោគសញ្ញាក្តៅខ្លួនខ្លាំងភ្លាមៗ ត្រូវប្រញាប់នាំអ្នកជំងឺទៅរកសេវាពិនិត្យ និងព្យាបាលដូចជាមណ្ឌលសុខភាព និងមន្ទីរពេទ្យដែលនៅជិតបំផុតជាបន្ទាន់។ ក្រសួងសុខាភិបាលសូមលើកទឹកចិត្តឱ្យសាធារណជនទូទៅអនុវត្តតាមដំបូន្មានសាមញ្ញខាងលើដើម្បីការពារសុខភាព អ្នកនិងក្រុមគ្រួសារ និងសូមជូនពរអ្នកទាំងអស់គា្នមានសុខភាពល្អចៀសផុតពីជំងឺគ្រុនឈាម។

យ៉ាងណាមិញ​ ក្រសួងសុខាភិបាលនឹងបន្តជូនដំណឹងដល់សាធារណជនអំពីការវិវត្តនៃបញ្ហាសុខភាព តាមបណ្ដាញតេឡ ក្រាម ទំព័រហ្វេសប៊ុក និងគេហទំព័ររបស់ក្រសួងសុខាភិបាល ព្រមទាំងគេហទំព័រ www.cdcmoh.gov.kh ដែលគេហទំព័រនេះមានសម្ភារអប់រំសុខភាព ដែលអាចទាញយកមកមើល និងប្រើប្រាស់បាន។

គួរបញ្ជាក់ថា​ ចាប់ពីខែមករា ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ មានការកើនឡើងករណីជំងឺគ្រុនឈាមគួរឱ្យកត់សម្គាល់។ តាមរយៈបទពិសោធន៍ការសិក្សាស្រាវជ្រាវ និងការតាមដានជំងឺរបស់កម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាមនាពេលកន្លងមក បានបង្ហាញ ថាស្ថានភាពជំងឺគ្រុនឈាមតែងតែមានវដ្តនៃជំងឺកើនឡើងខ្ពស់ខុសប្រក្រតីនៅរៀងរាល់៥ ទៅ៦ឆ្នាំម្តង។​​ ជំងឺគ្រុនឈាមអាចកើតមានលើមនុស្សគ្រប់វ័យ ទាំងវ័យក្មេង និងមនុស្សចាស់ ដែលបង្កឡើងដោយ វីរុសគ្រុនឈាម តាមរយៈការខាំចម្លងដោយសត្វមូសខ្លាញី ដែលចូលចិត្តពងកកើតជាដង្កូវទឹក នៅតាមទីកន្លែងដែលមានទឹក ដក់រងថ្លាគ្មានក្លិនដូចជា៖ ពាង អាង ធុងដាក់ទឹកប្រើប្រាស់ ទឹកថូផ្កា ចានទ្រជើងតុ ទូ ក្រឡ ពែង ពិសេសសំបកកង់ឡាន ម៉ូតូ ក្រឡ កំប៉ុង ចាន កែវ ជាដើម ដែលជាប្រភពដក់ទឹក និងជម្រកសត្វមូស៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត