
សកម្មជននយោបាយវៀតណាម២នាក់ ដែលរដ្ឋបាលរបស់ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន ជឿថា ត្រូវបានឃុំខ្លួនដោយខុសច្បាប់ដោយរដ្ឋាភិបាលកុម្មុយនីស្ដរបស់ប្រទេសវៀតណាម កំពុងផ្លាស់ប្ដូរទីលំនៅទៅកាន់សហរដ្ឋអាម៉េរិក ក្រោមកិច្ចព្រមព្រៀងដែលបានចរចានៅមុនដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាម៉េរិក ទៅកាន់ទីក្រុងហាណូយនាពេលថ្មីៗនេះ។ នេះបើតាមមន្ត្រីអាម៉េរិកបានប្រាប់សារព័ត៌មានរ៉យទ័រ។

មន្ត្រីម្នាក់ បានឱ្យដឹងថា សកម្មជនទាំង២ រួមមាន៖ មេធាវីសិទ្ធិមនុស្សម្នាក់ ដែលធ្វើយុទ្ធនាការប្រឆាំងចំពោះការរំលោភបំពានរបស់ប៉ូលិសវៀតណាម ទៅអ្នកកាន់សាសនាកាតូលិកម្នាក់ដែលត្រូវបានបណ្តេញចេញពីផ្ទះរបស់គាត់ និងក្រុមគ្រួសាររបស់ពួកគេកំពុងចាកចេញពីប្រទេសវៀតណាមទៅកាន់សហរដ្ឋអាម៉េរិក។ នៅសហរដ្ឋអាម៉េរិក អ្នកទាំង២ និងគ្រួសារត្រូវបានគេរំពឹងថា នឹងស្វែងរកការតាំងទីលំនៅថ្មីក្រោមកម្មវិធីជនភៀសខ្លួនអាទិភាពទី១។ តាមពិតទៅ សកម្មជនទាំងនោះ មិនត្រូវបានចាប់ដាក់ពន្ធនាគារទេ ប៉ុន្តែពួកគេត្រូវបានរារាំងមិនឱ្យចាកចេញពីប្រទេសវៀតណាម។ ជាមួយគ្នានេះដែរ មន្ត្រីអាម៉េរិកម្នាក់ បាននិយាយថា រដ្ឋាភិបាលវៀតណាម ក៏បានយល់ព្រមដោះលែងសកម្មជនវៀតណាមពីរនាក់ កំពុងជាប់ពន្ធនាគារដែលសហរដ្ឋអាម៉េរិក បានចរចាមុនដំណើរទស្សនកិច្ចរបស់លោក បៃឌិន កាលពីសប្តាហ៍មុន ហើយបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឯកជនមួយដើម្បីធ្វើឱ្យមានវឌ្ឍនភាពលើសេរីភាពសាសនា អង្គការមិនមែនរដ្ឋាភិបាល (NGO) ប្រតិបត្តិការនៅក្នុងប្រទេស លក្ខខណ្ឌពន្ធនាគារ និងច្បាប់ការងារ។

អតីតសត្រូវសួពូជទាំង២ បានចុះហត្ថលេខានៅពេលដែលវៀតណាម បានយល់ព្រមលើកទីក្រុងវ៉ាស៊ីនតោនទៅជាឋានៈការទូតខ្ពស់បំផុតរបស់ទីក្រុងហាណូយ ដោយស្មើមុខស្មើមាត់ដូចប្រទេសចិន និងរុស្ស៊ីដែរ។ កិច្ចព្រមព្រៀងនេះទៀតសោត កើតឡើងនៅពេលដែលរដ្ឋបាល លោក បៃឌិន ប្រឈមមុខនឹងការរិះគន់ជុំវិញទំនាក់ទំនងការទូតរបស់ខ្លួន ជាមួយប្រទេសវៀតណាម ឥណ្ឌា និងអារ៉ាប៊ីសាអូឌីត ខណៈរដ្ឋាភិបាលប្រទេសទាំង២ មិនឱ្យតម្លៃលើសេរីភាពនយោបាយ។

ក្រៅតែពីសកម្មជនវៀតណាមពីរនាក់ខាងលើ អ្នកទោសវៀតណាម រួមមានអ្នកជំនាញផ្នែកច្បាប់ដែលផ្តោតលើសាសនា ត្រូវបានដោះលែងទៅប្រទេសអាល្លឺម៉ង់ និងបុគ្គលម្នាក់ទៀតដែលត្រូវបានកាត់ទោសពីបទគេចពន្ធទាក់ទងនឹងអង្គការក្រៅរដ្ឋាភិបាលរបស់លោក។ យ៉ាងណា មន្ត្រីទាំងនោះនឹងមិនកំណត់អត្តសញ្ញាណមនុស្សទាំងបួននាក់នោះទេ ដោយលើកឡើងពីភាពរសើបខាងការទូត និងសន្តិសុខ។ អ្នកតស៊ូមតិផ្នែកច្បាប់ លោក ង្វៀន បាក់ទ្រៀន (Nguyen Bac Truyen) បានបញ្ជាក់ពីការដោះលែងសកម្មជន ដែលនឹងធ្វើដំណើរជាមួយភរិយាទៅប្រទេសអាល្លឺម៉ង់នៅដើមខែនេះ រួមទាំងការដោះលែងអ្នកកាសែតឯករាជ្យ លោក ម៉ៃ ផាន់ឡយ (Mai Phan Loi) ក៏ត្រូវបានបញ្ជាក់កាលពីដើមខែនេះផងដែរ។

សហគមន៍សិទ្ធិមនុស្សវៀតណាមមើលឃើញថា ស្ថានភាពនៅក្នុងប្រទេសជាប់របងកម្ពុជាមួយនេះមានសភាពធ្ងន់ធ្ងរ ខណៈអង្គការឃ្លាំមើលសិទ្ធិមនុស្សបានអះអាងនៅដើមខែនេះថា ប្រទេសវៀតណាមកំពុងឃុំឃាំងអ្នកទោសនយោបាយយ៉ាងតិច១៥៩នាក់ និងឃុំខ្លួន២២នាក់ផ្សេងទៀត។ ទន្ទឹមនឹងនេះ ក្រុមតស៊ូមតិបានតវ៉ាថា ប្រទេសកុម្មុយនីស្ដមួយនេះ បានកាត់ទោសមនុស្ស១៥នាក់ឱ្យជាប់ពន្ធនាគាររយៈពេលវែងដោយគ្មានជំនុំជម្រះក្ដីដោយយុត្តិធម៌នៅឆ្នាំនេះ។ វៀតណាមក៏កំពុងរៀបចំច្បាប់ថ្មី ដែលនឹងកាត់បន្ថយសេរីភាពនៃការបញ្ចេញមតិតាមអ៊ីនធឺណិត ដោយហាមប្រាមអ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សាយខ្លឹមសារទាក់ទងនឹងព័ត៌មាន ប្រសិនពួកគេមិនបានចុះឈ្មោះជាអ្នកសារព័ត៌មាន។

ជុំវិញរឿងរ៉ាវនេះ លោក បែន ស្វាន់តុន (Ben Swanton) សហនាយកនៃគម្រោង៨៨ (Project 88) បាននិយាយថា៖«ពិតជារឿងដែលគួរឱ្យក្ដៅចិត្តណាស់ ដែលប្រធានាធិបតីអាម៉េរិកលោក បៃឌិន ជ្រើសរើសធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងការទូតជាមួយប្រទេសអតីតសត្រូវមួយនេះ ខណៈដែលរដ្ឋឯកបក្សកំពុងបង្រ្កាបយ៉ាងឃោរឃៅលើសកម្មជន ការតវ៉ាប្រឆាំង និងសង្គមស៊ីវិល»។ ជាធម្មតា វៀតណាម តែងតែដោះលែងអ្នកទោសបែបនេះ មុនទស្សនកិច្ចរបស់ប្រធានាធិបតី ខណៈមន្ត្រីរដ្ឋបាលលោក បៃឌិន បានជំរុញឱ្យមានទិដ្ឋាការចាកចេញជាជំហានបន្ថែមទៀត ក្នុងអំឡុងពេលការចរចាចុងក្រោយលើសេចក្ដីថ្លែងការណ៍រួម។ នេះបើយោងតាមមន្ត្រីអាម៉េរិកម្នាក់បានឱ្យដឹង។ ជាចុងក្រោយ មន្ត្រីសហរដ្ឋអាម៉េរិកបាននិយាយថា ពួកគេសង្ឃឹមថាកិច្ចសន្ទនាទាំងនោះនឹងកើតឡើងទាំងនៅក្នុងកិច្ចពិភាក្សាស្តីពីសិទ្ធិប្រចាំឆ្នាំជាមួយជនជាតិវៀតណាម និងនៅក្នុងកិច្ចពិភាក្សាដែលកំពុងបន្តរវាងរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិកលោក អាន់ថូនី ប្ល៊ីនខេន និងសមភាគីវៀតណាម លោក ប៊ុយ ថាញ់សឺន (Bui Thanh Son)៕







