សម្តេចហ៊ុនសែន៖«កូននាគរាជច្បាស់ជាមិនក្លាយទៅកូនកង្កែបនោះឡើយ»
វុធ ច័ន្ទតារា
15 កញ្ញា 2023 03:00 AM

សម្តេចតេជោហ៊ុន សែន តាមរយៈគណនីតេលេក្រាមរបស់សម្តេចបានគូសបង្ហាញការភ្ញាក់ផ្អើល និងកោតសសើរចំពោះនាយករដ្ឋមន្ត្រីថ្មី សម្តេចធិបតីហ៊ុន​ ម៉ាណែត ដែលត្រូវជាកូនប្រុសថាបានបំពេញការងារបានល្អជាងការគិតទុករបស់សម្តេចទៅទៀត។ សម្តេចបានបង្ហាញជំនឿចិត្តលើសម្តេចធិបតីថា កូននាគរាជច្បាស់ជាមិនក្លាយទៅកូនកង្កែបនោះឡើយ។

«ត្រូវលោតទៅក្នុងទឹកទើបចេះហែលទឹក»។ នេះជាអ្វីដែលសម្តេចតេជោហ៊ុនសែនបានសរសេរនៅលើគណនីផ្លូវការរបស់សម្តេច។ បើតាមការសង្កេតរបស់សម្តេច និងតាមបទពិសោធធ្វើជាមេដឹកនាំអស់៣៨ឆ្នាំ សម្តេចហ៊ុនសែនមានប្រសាសន៍ថា នាយករដ្ឋមន្ត្រីសម្តេចធិបតី ហ៊ុន ម៉ាណែត ធ្វើបានល្អជាងការគិតទុករបស់សម្តេចទៅទៀត។ សម្តេចហ៊ុនសែនបញ្ជាក់ថា ការលើកឡើងបែបនេះ មិនមែនជាការលើកសសើរកូនខ្លួនឯងនោះទេ ប៉ុន្តែកន្លងមកសម្តេចធ្លាប់បានដាក់ការរំពឹងទុកថា នាយករដ្ឋមន្ត្រីថ្មីត្រូវប្រើពេលប្រមាណ៣ខែ ទើបអាចគ្រប់គ្រងការងារទាំងស្រុងបាន។

ប៉ុន្តែផ្ទុយពីការគិតរបស់អតីតនាយករដ្ឋមន្ត្រីរូបនេះ សម្តេចធិបតី ហ៊ុន ​ម៉ាណែត បានបំពេញការងារទាំងក្នុងនិងក្រៅប្រទេសយ៉ាងប្រសើរ។ សម្តេចហ៊ុនសែននិយាយថា៖«ផ្ទុយពីការគិតរបស់ខ្ញុំនាយករដ្ឋមន្ត្រីរូបនេះចេញដំណើរ ដោយការជឿជាក់គ្រប់គ្រងបានសភាពការលើគ្រប់ផ្នែក ទាំងតូចទាំងធំក្នុងប្រទេស និងឈានទៅសម្រេចបាននូវកិច្ចការបរទេស តាមរយៈវេទិកាអាស៊ាន និងដៃគូ និងដំណើរទស្សនកិច្ចផ្លូវការលើកដំបូង ទៅកាន់សាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃនេះនិងត្រៀមខ្លួនចេញដំណើរទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ នាសប្តាហ៍ក្រោយ។»

«កូននាគរាជច្បាស់ជាមិនក្លាយទៅកូនកង្កែបនោះឡើយ»។ នេះជាការគូសបញ្ជាក់របស់សម្តេច ហ៊ុន សែន ដោយភ្ជាប់ជាមួយនឹងកម្រងរូបភាពរបស់សម្តេច ហ៊ុន ម៉ាណែត និងភរិយា ក្នុងពេលបំពេញទស្សនកិច្ចផ្លូវការលើកដំបូងនៅប្រទេសចិន និងក្រោយពីចូលកាន់តំណែងបាន២៤ថ្ងៃពោលគឺ ចាប់ពីថ្ងៃទី២២ខែសីហាមក៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត