
រាជធានីភ្នំពេញ៖ គិតចាប់ពីថ្ងៃទី៣១ សីហា រហូតដល់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមការងារបច្ចេកទេសនៃមន្ទីរសាធារណការ និងដឹកជញ្ជូនតាមបណ្តាខេត្តចំនួន១១ក្នុងប្រទេសកម្ពុជា បានយកចិត្តទុកដាក់ជួសជុលថែទាំឡើងវិញ នៅកំណាត់ផ្លូវចំនួន២៦ខ្សែ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ...។

ផ្អែកតាមក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងនៅថ្ងៃទី៩កញ្ញាថា មន្ត្រីជំនាញនៃមន្ទីរសាធារណការ ខេត្តសៀមរាប, កែប, កំពត, តាកែវ, រតនគិរី, ព្រះវិហារ, ប៉ៃលិន, ស្វាយរៀង, ត្បូងឃ្មុំ, ពោធិ៍សាត់ និងកំពង់ចាម បានយកចិត្តទុកដាក់យ៉ាងសកម្មជួសជុលថែទាំ អ៊ុតកៅស៊ូ (Reseal) រោយថ្មម៉ិច ពង្រីកតួផ្លូវ កៀរអ៊ុតសម្អាតចិញ្ចើមផ្លូវ ដាំបង្គោលសញ្ញាបង្ហាញផ្លូវ និងលាបថ្នាំ កាយដីដាក់ប្រព័ន្ធលូ ស្ដារប្រឡាយ ដំឡើងផ្លាកសញ្ញាចរាចរណ៍ កាត់សម្អាតស្មៅ-រុក្ខជាតិតាមដងផ្លូវ កៀរកិនបង្ហាប់គ្រឹះ លុបសម្បុកមាន់ គូសអ៊ុតគំនូស-បំពាក់ផ្លាកបង្គោលសញ្ញាចរាចរណ៍ នៅលើកំណាត់ផ្លូវជាច្រើនក្នុងភូមិសាស្ត្ររបស់ខ្លួន។

ខ្សែផ្លូវទាំងនោះរួមមាន៖ កំណាត់ផ្លូវជាតិលេខ២, លេខ៣, លេខ៥, លេខ៦, លេខ៧, លេខ៨, លេខ១១, លេខ១៣, លេខ៣១អា, លេខ៣៣អា, លេខ៥៣បេ, លេខ៥៥, លេខ៥៧, លេខ៦១, លេខ៦៤, លេខ៦៧, លេខ៦៨, លេខ៧០, លេខ៧០បេ, លេខ៧១, លេខ៧២, លេខ៧៣, លេខ៧៦, លេខ៧៨, លេខ៧៨-៥ និងផ្លូវជាតិលេខ៩៥ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ របស់បងប្អូនប្រជាពលរដ្ឋ ផ្តល់ភាពងាយស្រួលក្នុងការដឹកជញ្ជូនទំនិញឆ្លងកាត់ ចំណេញពេលវេលា និងកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍។

ក្រសួងក៏បានសំណូមពរដល់ពលរដ្ឋមេត្តាចូលរួមគោរពច្បាប់ កុំបំពានយកដីចំណីផ្លូវមកធ្វើអាជីវកម្ម ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ហើយត្រូវជៀសវាងដាច់ខាតការចាក់ដីខ្ពស់ជាងផ្លូវ និងកុំដឹកទំនិញលើសទម្ងន់កម្រិតកំណត់ ដើម្បីរក្សាគុណភាពផ្លូវឱ្យមានភាពល្អប្រសើរអាចប្រើប្រាស់បានយូរអង្វែង។ ប្រសិនបើបានជួបប្រទះបញ្ហាផ្លូវថ្នល់ខូចខាតក្លាយជាជង្ហុកសំបុកមាន់ អាចរាយការណ៍មកកាន់ក្រសួងសាធារណការបាន តាមរយៈកម្មវិធីថែទាំផ្លូវ(Road Care) ដើម្បីក្រុមការងារចុះជួសជុលនឹងថែទាំបានទាន់ពេលវេលា៕








