
រដ្ឋធានីហ្សាតារកា៖ កម្ពុជាបន្តគាំទ្រ និងជួយជ្រោមជ្រែងដល់ប្រទេសទីម័រខាងកើតបន្ថែមទៀត ជាពិសេសសម្រាប់ដំណើរការនៃការរៀបចំខ្លួនចូលជាសមាជិកអាស៊ានឱ្យបាននាពេលខាងមុខ។ នេះបើតាមការលើកឡើងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងជំនួបសម្តែងការគួរសមជាមួយឯកឧត្តម កៃ រ៉ាឡា ហ្សាណាណា ហ្គូសម៉ៅ (Kay Rala Xanana Gusmão) នាយករដ្ឋមន្រ្តីទីម័រខាងកើត កាលពីល្ងាចថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣, នៅទីក្រុងហ្សាការតា នៃសាធារណរដ្ឋឥណ្ឌូណេស៊ី។

ឯកឧត្តម កៃ រ៉ាឡា ហ្សាណាណា ហ្គូសម៉ៅ បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះប្រទេសកម្ពុជា ជាពិសេស ជូនចំពោះសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ដែលតែងផ្តល់ការគាំទ្រ និងការលើកទឹកចិត្តដល់ប្រទេសទីម័រខាងកើត ក្នុងការធ្វើសមាហរណកម្មទៅក្នុងតំបន់ និងសកល។ ឯកឧត្តមថា ការជួយឱ្យប្រទេសទីម័រខាងកើត ក្លាយជាប្រទេសសង្កេតការផ្លូវការនៅក្នុងអាស៊ាន ខណៈដែលកម្ពុជាជាប្រធានអាស៊ាននៅឆ្នាំ២០២២ ក៏ដូចជាការគាំទ្រ និងការចែករំលែកបទពិសោធរបស់កម្ពុជា ក្នុងការក្លាយជាសមាជិកអាស៊ាននៅឆ្នាំ១៩៩៩ សុទ្ធសឹងជាកាយវិការដ៏គួរឱ្យគោរព និងជាមាគ៌ាដ៏សំខាន់សម្រាប់ឱ្យប្រទេសទីម័រខាងកើតរៀនសូត្រ និងរៀបចំខ្លួនដើម្បីក្លាយជាសមាជិកអាស៊ានក្នុងរយៈពេលដ៏ខ្លីខាងមុខ។

ជាកិច្ចឆ្លើយតប សម្តេចធិបតី ថ្លែងថា ការជួយប្រទេសទីម័រខាងកើតនេះ ក៏ជាមោទកភាពរបស់កម្ពុជាផងដែរ ព្រោះកម្ពុជាដែលបានឆ្លងកាត់សោកវិនាសកម្ម១ពាន់ជំពូក យល់យ៉ាងច្បាស់អំពីស្ថានភាព និងបរិការណ៍ ដែលប្រទេសទីម័រខាងកើត កំពុងស្ថិតនៅនាពេលបច្ចុប្បន្ន។ ក្នុងជំនួបដដែលនោះ ថ្នាក់ដឹកនាំទាំងពីរក៏បានពិភាក្សាបន្ថែមផងដែរអំពីវិស័យដែលមានសក្តានុពលសម្រាប់ការបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសវិស័យពាណិជ្ជកម្ម, អប់រំ, កសិកម្ម, និងទេសចរណ៍។ ថ្នាក់ដឹកនាំទាំងពីរ សង្ឃឹមថា កិច្ចសហប្រតិបត្តិការល្អទាំងនេះនឹងក្លាយជាឧត្តមប្រយោជន៍ដ៏ប្រពៃសម្រាប់ប្រជាជាតិទាំងពីរ។

គួរបញ្ជាក់ថា ភ្លាមៗបន្ទាប់ពីទទួលបានឯករាជ្យនៅឆ្នាំ២០០២ ទីម័រខាងកើតទទួលបានឋានៈជាអ្នកសង្កេតការណ៍របស់អាស៊ាន ហើយនៅឆ្នាំ២០០៥ ប្រទេសនេះ បានចូលជាសមាជិក នៃវេទិកាតំបន់អាស៊ាន (ARF)។ ទីម័រខាងកើត បានដាក់ពាក្យចូលជាសមាជិកអាស៊ានជាផ្លូវការក្នុងខែមីនា ឆ្នាំ២០១១។ ថ្វីដ្បិតតែទីម័រខាងកើតមិនទាន់ជាសមាជិកអាស៊ានផ្លូវការក៏ដោយ ក៏ប្រទេសនេះបានចូលរួមយ៉ាងជិតស្និទ្ធក្នុងផ្នែកសេដ្ឋកិច្ចជាមួយបណ្តាប្រទេសអាស៊ាន ជាពិសេស ឥណ្ឌូណេស៊ី សិង្ហបុរី វៀតណាម ម៉ាឡេស៊ី និងថៃ។ ផ្អែកលើទិន្នន័យពីអគ្គនាយកដ្ឋានស្ថិតិទីម័រខាងកើត ប្រទេសនេះ បានចំណាយប្រហែល២,០៥ពាន់លានដុល្លារអាម៉េរិក លើការនាំចូលរវាងឆ្នាំ២០១៦ និង២០១៩ ដែលច្រើនជាងពាក់កណ្តាល នៃចំនួននេះ ត្រូវបានចំណាយនៅក្នុងប្រទេសអាស៊ានចំនួន៥។ ទន្ទឹមនឹងនេះដែរ ក្នុងរយៈពេលដូចគ្នា ប្រទេសនេះ បាននាំចេញទំនិញ និងសេវាកម្មដែលមានតម្លៃ៩៥លានដុល្លារ ទៅកាន់បណ្តាប្រទេសអាស៊ាន៕



