
(បាល់ទាត់)៖ ទោះស្ថិតនៅក្នុងវ័យ៣៨ឆ្នាំទៅហើយ ខ្សែប្រយុទ្ធចាស់វស្សា គ្រីស្ទីណូ រ៉ូណាល់ដូ Cristiano Ronaldo នៅតែបន្តរកគ្រាប់បាល់បានបន្ថែមទៀត ក្នុងជំនួបតទល់ជាមួយក្រុម Al-Shabab ខណៈដែលក្រុម Al-Nassr បានទទួលជ័យជម្នះក្នុងលទ្ធផល ៤-០ កាលពីយប់មិញ...។

៤គ្រាប់របស់ក្រុម Al-Nassr រកបានដោយខ្សែប្រយុទ្ធ Cristiano Ronaldo ជាការស៊ុតបញ្ចូលទីបាល់និន័យ១១ម៉ែត្រ ២គ្រាប់នៅក្នុងនាទី១៣ និង៣៨ មុនកីទ្បាករវ័យ៣៨ឆ្នាំរូបនេះ បានបោះបាល់ឱ្យកីទ្បាករ Sadio Mané ស៊ុតបញ្ចូលទីគ្រាប់ទី៣ នៅនាទី៤០នៃតង់ទី១ និងគ្រាប់បាល់ទី៤ រកបានដោយកីទ្បាករ Sultan Al-Ghannam នៅនាទី៨០នៃតង់ទី២ផងដែរ។ នៅក្នុងជំនួបដ៏ជក់ចិត្តខាងលើនេះ កីឡាករ Cristiano Ronaldo មានឱកាសកសាងកំណត់ត្រាថ្មី ជាមួយនឹងការស៊ុតបាល់ Hat-Trick ពីរប្រកួតជាប់ៗគ្នា ក៏ដូចជាគ្រាប់បាល់លើកទី៨៥០ នៅក្នុងអាជីពបាល់ទាត់របស់ខ្លួន។

យ៉ាងណា កីឡាករ Cristiano Ronaldo បានបោះបង់ចោលទៅវិញ ដោយផ្ទេរការស៊ុតបាល់និន័យ១១ម៉ែត្រនេះ ទៅឱ្យមិត្តរួមក្រុម គឺកីទ្បាករ Abdulraham Ghareeb ជាអ្នកស៊ុតជំនួស ដើម្បីឱ្យកីឡាកររូបនេះ មានគ្រាប់បាល់ដំបូងក្នុងរដូវកាលថ្មី។ តែគួរឱ្យស្ដាយ គ្រាប់បាល់ពិន័យនេះ ត្រូវបានអ្នកចាំទី Kim Seung Gyu របស់ក្រុម Al-Shabab ជួយសង្គ្រោះបាន។ ហើយលទ្ធផល៤-០ នេះ បានរក្សារហូតដល់ចប់៩០នាទី ដោយមិនមានគ្រាប់បាល់កើតទ្បើងបន្តទៀតឡើយ។ គួរជម្រាបថា តាមលទ្ធផលនេះ ធ្វើឱ្យក្រុម Al-Nassr ទ្បើងមកលេខ៥ ក្នុងតារាងពិន្ទុ នៃក្របខណ្ឌ Saudi Pro-League សប្តាហ៍ទី៤ ដោយមាន៦ពិន្ទុក្នុងដៃ ខណៈដែលក្រុម Al-Ittihad របស់ Karim Benzema និង N'Golo Kanté កំពុងនៅកាន់កាប់កំពូលតារាងជាបណ្តោះអាសន្នសិន៕




