
រាជធានីភ្នំពេញ៖ សហព័ន្ធកីឡាបាល់ទះកម្ពុជា កាលពីថ្ងៃទី២៦សីហា បានរៀបចំសន្និបាតវិសាមញ្ញ អាណត្តិទី៦ (២០២២-២០២៦) ជាមួយនឹងការផ្លាស់ប្ដូររចនាសម្ព័ន្ធថ្មី ដោយឯកឧត្តមឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ក្លាយជាប្រធានកិត្តិយសសហព័ន្ធ ខណៈ៣អាណត្តិចុងក្រោយនេះ សហព័ន្ធទទួលបានភាពជោគជ័យខ្ពស់...។

ចំណែក ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ត្រូវបានគាំទ្រជាប្រធានសហព័ន្ធ ដោយមានឯកឧត្តម ស ថេត ជាអនុប្រធានអចិន្ដ្រៃយ៍, ឯកត្តម ប៊ូ ជុំសេរី, ឯកឧត្តម ឌី វិជ្ជា, ឯកឧត្តម ឡោ សុឡេង, ឯកឧត្តម ជួន ណារិន, ឯកឧត្តម ស រដ្ឋា, ឯកឧត្តម អ៊ូ វណ្ណា និងលោកបណ្ឌិត អាំង សិរីពិសិដ្ឋ(អគ្គលេខាធិការ) ជាអនុប្រធាន ព្រមទាំងសមាជិក៣៦រូបផ្សេងទៀត។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី នេត សាវឿន ប្រធានកិត្តិយសសហព័ន្ធកីឡាបាល់ទះកម្ពុជា បានឱ្យដឹងថា សហព័ន្ធបានធ្វើកំណែទម្រង់ធំ៣ ដែលនាំឱ្យទទួលបានជោគជ័យជាប្រវត្តិសាស្ត្រក្នុងកីឡាស៊ីហ្គេមពីរលើកចុងក្រោយ។ ទី១ កំណែទម្រង់ធន់ធានមនុស្ស មានដូចជា មន្ត្រីបច្ចេកទេស អាជ្ញាកណ្តាល គ្រូបង្វឹក និងកីឡាករ។ ទី២ កំណែទម្រង់ហេដ្ឋារចនាសម្ព័ន្ធ និងទី៣ កំណែទម្រង់លើហិរញ្ញវត្ថុ។ ឯកឧត្តមថា« បន្ទាប់ពីរៀបចំកំណែទម្រង់ ក្នុងរយៈពេលត្រីមាសដំបូង ក្រុមបាល់ទះជម្រើសជាតិកម្ពុជា បានបង្កើតកំណត់ត្រាជាប្រវត្តិសាស្ត្រថ្មីក្នុងរយៈពេល៤០ឆ្នាំចុងក្រោយ ដោយបានឈ្នះមេដាយសំរិទ្ធក្នុងកីឡាស៊ីហ្គេម ឆ្នាំ២០២១ (លើកឆ្នាំ២០២២) បន្ទាប់ពីបានយកឈ្នះលើក្រុមបាល់ទះជម្រើសជាតិថៃ នៅប្រទេសវៀតណាម»។

បន្ទាប់មកសហព័ន្ធបានដាក់ផែនការយុទ្ធសាស្ត្រជាច្រើនទៀតទាំងការប្រកួតក្នុងស្រុក និងក្រៅស្រុកជាបន្តបន្ទាប់រហូតឈានដល់ការបង្កើតកំណត់ត្រាជាប្រវត្តិសាស្ត្រថ្មីទៀត គឺឡើងដល់វគ្គផ្តាច់ព្រ័ត្រក្នុងកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងទទួលបានមេដាយប្រាក់ជាលើកដំបូង។ ជាបន្តទៅទៀត ក្រុមបាល់ទះកម្ពុជាបានបោះជំហានចូលក្នុងព្រឹត្តិការណ៍កីឡាទ្វីបអាស៊ី (Asian Games) វិញ បន្ទាប់ពីខកខានតាំងពីឆ្នាំ១៩៧០។ ដូច្នេះ សម្រាប់គណៈកម្មការប្រតិបត្តិអាណត្តិថ្មី គឺដាក់ផែនការពង្រឹងក្រុមបាល់ទះបុរសកម្ពុជា សម្រាប់ការប្រកួតលើឆាកអន្តរជាតិ ព្រមទាំងពង្រឹងអភិវឌ្ឍបន្ថែមលើក្រុមបាល់ទះនារីកម្ពុជា និងយុវជនថ្នាលគ្រប់កម្រិត៕




