សមត្ថកិច្ចរកឃើញអ្នកបើកបរ១៣នាក់ផ្ទុកសារធាតុញៀន ពេលចុះត្រួតពិនិត្យក្នុងភូមិសាស្ត្រស្រុកកំរៀងខេត្តបាត់ដំបង
យិត​​ ស្រីល័ក្ខ
26 សីហា 2023 12:00 PM

ខេត្តបាត់ដំបង៖ លោកវរសេនីយ៍ឯក សុខ និមល ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន ដឹកនាំកម្លាំង សហការជាមួយសមត្ថកិច្ចអាជ្ញាធរពាក់ព័ន្ធកាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ បានចុះឆ្មក់បើកការត្រួតពិនិត្យចល័ត បង្ក្រាបបទល្មើសគ្រឿងញៀន និងសារធាតុគីមីផ្សំគ្រឿងញៀនខុសច្បាប់ ក្នុងភូមិសាស្ត្រ ស្រុកកំរៀង ខេត្តបាត់ដំបង ចំនួន០២គោលដៅ ដែលជាលទ្ធផលរកឃើញមនុស្សចំនួន១៣នាក់មានផ្ទុកសារធាតុញៀន​ ក្នុងពេលកំពុងបើកបរនៅលើដងផ្លូវ...។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា កម្លាំងជំនាញបានដាក់គោលដៅចំនួន០២ទីតាំងត្រួតពិនិត្យរកសារធាតុញៀនរួមមាន៖ ទី១.ចំណុចផ្លូវលេខ៥៩ ក្រុមទី១៦ ភូមិដូង ឃុំបឹងរាំង ស្រុកភ្កំរៀង ខេត្តបាត់ដំបង ឃាត់រថយន្តធុនធំ ចំនួន១០៦គ្រឿង មនុស្ស១៧៧នាក់ ស្រី៦៦នាក់ រថយន្តធុនតូចចំនួន ១២៨គ្រឿង មនុស្ស២០៩នាក់ស្រី៤៥នាក់ ​ម៉ូតូ៨០គ្រឿង​​ មនុស្ស១៣២នាក់ ស្រី៤០នាក់រីឯគោលដៅទី២ នៅចំណុចផ្លូវលេខ៥៩ ក្រុមទី៤ ភូមិអូរដារ ឃុំអូរដារ ស្រុកកំរៀង ឃាត់រថយន្តធុនធំចំនួន ៨៦គ្រឿងមនុស្ស១១៤នាក់ស្រី៣៣នាក់ រថយន្តធុនតូច ៧១គ្រឿងមនុស្ស១០១នាក់ស្រី៤៤នាក់ ម៉ូតូ៦៩គ្រឿង មនុស្ស៩៦នាក់ ស្រី២៣នាក់ ។

ជាលទ្ធផលកិច្ចប្រតិបត្តិការខាងលើបានពិសោធរកឃើញសារធាតុញៀនលើអ្នកបើកបររថយន្ត និងអ្នកជំនួយបើកបរ រួមនិងអ្នកបើកបរម៉ូតូ សរុបចំនួន២៤៧នាក់ ក្នុងនោះរកឃើញអ្នកបើកបរក្រោមឥទ្ធិពលនៃគ្រឿងញៀនចំនួន ១៣នាក់ (ជាអ្នកបើកបររថយន្តចំនួន០៥នាក់ និងអ្នកជំនួយការបើកបរចំនួន០២នាក់ រួមទាំងកម្មកររថយន្ត០១នាក់) និងអ្នកបើកបរម៉ូតូចំនួន០៥នាក់ ត្រូវបានកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត