
គុនខ្មែរ៖ ក្រោយគ្រងខ្សែក្រវាត់ IPCC គុនខ្មែររដូវកាលទី២ និងការដណ្តើមបានមេដាយមាសពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ កីឡាករលេងក្បាច់ ប៊ឺត សង្ឃឹម ហាក់បាត់បង់ឱកាសឡើងសង្វៀនប្រដាល់ទាំងស្រុង ខណៈមានប្រភពព័ត៌មានពីអ្នកចាប់គូនៅសង្វៀនល្បីៗ ដូចជា៖ គុនខ្មែរអលស្តារ, ថោន, និងទទក ថាពិបាករកដៃគូបរទេសឱ្យមកប្រកួតជាមួយ តែមតិមួយចំនួនយល់ថា មកពី ប៊ឺត សង្ឃឹម ជាកីឡាករលេងក្បាច់ ប្រកួតល្អតែមិនត្រូវចិត្តអ្នកទស្សនាទេ ដែលជាហេតុធ្វើឱ្យទីផ្សាររបស់គេធ្លាក់ចុះ...។

កីឡាករ ប៊ឺត សង្ឃឹម មានស្នៀតប្រយុទ្ធដូចទៅនឹងទម្រង់ប្រកួតរបស់កីឡាករ ឈុត សេរីវ៉ាន់ថង ដែលអ្នកគាំទ្រគុនខ្មែរនិយមហៅថា (ប្រកួតលក្ខណៈIQ) ព្រោះជាសិស្សរួមគ្រូតែមួយក្នុងជំរំហ្វឹកហាត់ជម្រើសជាតិ ដែលមានលោកសាន សៅយ៉ាន់ ប៊ឺត ខាំ ជាគ្រូបង្វឹក។ ទម្រង់ប្រកួតរបស់កីឡាករទាំងពីរនាក់ខាងលើនេះ បើប្រកួតថ្នាក់ជាតិ ឬអន្តរជាតិ ប្រជែងយកមេដាយដែលជាការប្រកួតគិតលើច្បាប់កីឡាសកល គឺពិតណាស់ការប្រកួតបែបនេះនឹងទទួលបានលទ្ធផលល្អ ព្រោះប្រកួតតាមក្បួនខ្នាត និងលក្ខណៈបច្ចេកទេស។ ប៉ុន្តែសម្រាប់ការប្រកួតទម្រង់បែបនេះនៅតាមបណ្តាសង្វៀនប្រដាល់ក្នុងស្រុក គឺមិនទទួលបានការគាំទ្រពីទស្សនិកជន ឬអ្នកគាំទ្រគុនខ្មែរនោះឡើយ ហើយក៏ជាមូលហេតុដែលធ្វើឱ្យកីឡាករទាំងពីរបាត់បង់ទីផ្សារប្រកួតជាបណ្តើរៗហើយដែរ។

ដោយមើលឃើញពីទុក្ខលំបាករបស់កីឡាករក្នុងក្រុមជម្រើសជាតិរបស់ខ្លួន លោក ហេង សុខឃន អគ្គលេខាធិការសហព័ន្ធប្រដាល់គុនខ្មែរ និងជាប្រធានសហព័ន្ធកីឡាឃីកបុកស៊ីងកម្ពុជា បានបង្ហោះសារលើគណនីផ្លូវការរបស់លោកនៅព្រឹកថ្ងៃព្រហស្បតិ៍ទី២៤ ខែសីហា ឆ្នាំ២០២៣នេះ ថា៖ «ត្រូវមានគុណធម៍ជាមួយម្នាក់នេះផងពេលវេលាកាន់តែស្ងាត់???ហើយបើទៅមិនរួចសូមប្រាប់ផង?????។ នៅវៀតណាមក៏បាន ធ្វើម្ចាស់ផ្ទះក៏បាន??????»។ សំណេរ ដោយភ្ជាប់ជាមួយរូបថតកីឡាករ ប៊ឺត សង្ឃឹម និងក្រុមអត្តពលិកជម្រើសជាតិផ្សេងទៀត ទំនងជាលោក ហេង សុខឃន ចង់សំដៅលើការទទួលបានជោគជ័យជូនជាតិ ដែលអត្តពលិករូបនេះ សម្រេចបាននៅព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម និងលើកទី៣២ នៅប្រទេសកម្ពុជា ដែលកីឡាករ ប៊ឺត សង្ឃឹម ដណ្តើមបានមេដាយមាសទាំងពីរលើក តែបែរជាគ្មានឱកាសឡើងសង្វៀនប្រកួតដូចកីឡាករប្រដាល់មួយចំនួនទៀត ខណៈតួនាទីនៅក្នុងជួរមន្ត្រីរាជការក៏មិនទាន់លេចចេញជារូបរាងដែរ ទើបលោកយល់ថា ជាការមិនផ្តល់គុណធម៌ដល់កីឡាករ ប៊ឺត សង្ឃឹម។

ទោះយ៉ាងណា បើតាមការឱ្យដឹងពីអ្នកផ្គូផ្គងកីឡាករបរទេសជាមួយកីឡាករកម្ពុជា នាបណ្តាសង្វៀនធំៗមួយចំនួនដូចជា៖ សង្វៀនថោន, គុនខ្មែរអលស្តារ និងសង្វៀនប្រដាល់ទទក បានបង្ហើបឱ្យដឹងថា បច្ចុប្បន្ន អ្នកគាំទ្រគុនខ្មែរ និងមហាជនភាគច្រើន ហាក់មិនចូលចិត្តកីឡាករណាដែលប្រកួតប្រើទម្រង់បច្ចេកទេសIQ នោះទេ ព្រោះជាការប្រកួតមួយដែលពួកគាត់យល់ថា វ៉ៃមិនអស់ពីសមត្ថភាព។ ជាក់ស្តែង ការប្រកួតរវាងកីឡាករ អេលីត សាន់ និងកីឡាករ ឈុត សេរីវ៉ាន់ថង ជាឧទាហរណ៍ស្រាប់ ដូច្នេះ បើកីឡាករ ប៊ឺត សង្ឃឹម ចង់មានទីផ្សារប្រកួតឡើងវិញ គួរណាស់តែប្តូរទម្រង់ប្រកួតរបស់ខ្លួនឡើងវិញ ហើយក៏មិនមែនពាក់ព័ន្ធនឹងរឿងគុណធម៌អ្វីនោះដែរ សំខាន់គឺសមត្ថភាពរបស់យើងខ្លួនឯងផ្ទាល់ ថាអាចឡើងសង្វៀនប្រកួតឱ្យអ្នកដែលទៅទស្សនាផ្ទាល់ និងតាមបណ្តាញសង្គមគាំទ្រដូចកីឡាករល្បីៗមួយចំនួន ឬក៏បន្តទម្រង់ប្រកួតដូចពេលបច្ចុប្បន្ននេះទៀត..? ប៉ុន្តែបើជារឿងដែលមិនទាន់ទទួលបានក្របខណ្ឌការងារក្នុងជួរមន្ត្រីរាជការមែននោះ គួរណាស់តែថ្នាក់ដឹកនាំពិនិត្យមើលលើចំនុចនេះផង ព្រោះកីឡាករ ប៊ឺត សង្ឃឹម ពិតជាមានស្នាដៃច្រើនក្នុងការលើកស្ទួយមុខមាត់គុនខ្មែរ លើឆាកអន្តរជាតិ..៕



