
(បាល់ទាត់)៖ នៅទីបំផុត! ក្រុម Inter Miami បានទ្បើងទៅវគ្គផ្តាច់ព្រ័ត្រម្ដងទៀតហើយ បន្ទាប់ពីយកឈ្នះលើក្រុម Cincinnati ដោយបាល់កាត់សេចក្តី១១ម៉ែត្រ ក្នុងលទ្ធផល ៤-៥ ក្រោយប្រកួតស្មើគ្នា ៣-៣ នាការប្រកួត៩០នាទី និងម៉ោងបន្ថែម១៥នាទី២ដងនៃពានរង្វាន់ U.S. Open Cup ឆ្នាំ២០២៣ វគ្គ៤ចុងក្រោយ នៅឯកីឡដ្ឋាន TQL កាលពីព្រឹកថ្ងៃទី២៤សីហានេះ...។

នេះជាលើកទី២ជាប់ៗគ្នាសម្រាប់ក្រុម Inter Miami ទ្បើងទៅវគ្គផ្តាច់ព្រ័ត្រ បន្ទាប់ពីក្រុមដែលនៅក្រោមការដឹកនាំរបស់គ្រូបង្វឹក លោក Gerardo Martino និងវត្តមានរបស់កំពូលខ្សែប្រយុទ្ធ Lionel Messi ដែលបានមកចូលរួមក្នុងទឹកដីសហអាម៉េរិក។ ក្រុម Inter Miami ទើបតែលើកពាន Leagues Cup បន្ទាប់ពីយកឈ្នះលើក្រុម Nashville ដោយទាត់បាល់កាត់សេចក្តី១១ម៉ែត្រ ក្នុងលទ្ធផល១០-៩ ក្រោយលេងអស់១២០នាទី ស្មើគ្នា ១-១។ ហើយក៏ជាម្ចាស់ស្បែកជើងមាស ក្នុងពានរង្វាន់ខាងលើនេះផងដែរ។

គួររំលឹកថា Lionel Messi បានចាកចេញពីក្រុម Paris Saint Germain មកចូលរួមជាមួយក្រុម Inter Miami ដែលមានលោក David Beckham ជាប្រធានក្លឹប ដោយបានចុះកិច្ចសន្យារយ:ពេល២ឆ្នាំកន្លះ និងទទួលបានថ្លៃនឿយហត់ប្រមាណជាង៥៤លានដុល្លារអាម៉េរិកក្នុង១រដូវកាល រួមទាំងមានជម្រើសបន្តកិច្ចសន្យារយ:ពេល១ឆ្នាំបន្ថែមទៀត។ដូច្នេះ សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្ររបស់ក្រុម Inter Miami ក្នុងពានរង្វាន់ U.S. Open Cup ឆ្នាំ២០២៣នេះ នឹងត្រូវប៉ះគ្នាជាមួយក្រុម Houston Dynamo ដែលទើបតែយកឈ្នះលើក្រុម Real Salt Lake ដោយលទ្ធផលក្នុងម៉ោងបន្ថែម១៥នាទី២ដង ៣-១ កាលពីព្រឹកមិញដូចគ្នា..៕



