De Bruyne នឹងត្រូវឃ្លាតឆ្ងាយពីទីលានយ៉ាងតិច៤ខែ ក្រោយរងរបួសសរសៃពួរ
Serichopon Ye
16 សីហា 2023 02:45 AM

(បាល់ទាត់)៖ អ្នកចាត់ការទូទៅរបស់ក្រុមមេឃខៀវ Manchester City លោក Pep Guardiola បានឱ្យដឹងថា កីទ្បាករ Kevin de Bruyne អាចនឹងខកខានលេងឱ្យក្រុមរយៈពេល៤ខែ នៅរដូវកាលនេះ ព្រោះតែរបួសធ្ងន់ធ្ងរ ខណៈដែលក្លឹបមេឃខៀវកំពុងពិចារណាថា តើតម្រូវឱ្យមានការវះកាត់របួសសរសៃពួរ ឬក៏យ៉ាងណា.? 

ខ្សែបម្រើសញ្ជាតិបែលហ្សិកវ័យ៣២ឆ្នាំរូបនេះ បានភ្លាត់ស្នៀតដួលចំរបួសចាស់ម្ដងទៀត ពេលលេងបាន២៣នាទី នៃការប្រកួតបើកឆាករដូវកាលថ្មី English Premier League ដែលក្រុមមេឃខៀវ លេងតទល់ជាមួយក្រុម Burnley នៅឯកីទ្បដ្ឋាន Turf Moor កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ កន្លងទៅ។ យ៉ាងណា កីឡាករ De Bruyne ធ្លាប់រង​របួសនាអំឡុង​ពេល​ប្រកួត Champions League វគ្គ​ផ្តាច់ព្រ័ត្រ​ជាមួយក្រុម Inter Milan កាល​ខែ​មិថុនាម្ដងរួចមកហើយ។ ជុំវិញបញ្ហាខាងលើនេះ លោក Pep Guardiola ជាអ្នកចាត់ការទូទៅរបស់ក្រុមមេឃខៀវ បាននិយាយថា៖ «វាជារបួសធ្ងន់ធ្ងរ»។

គួរឱ្យដឹងផងដែរថា ខ្សែបម្រើសញ្ជាតិប៊ែលហ្ស៊ិករូបនេះ ក៏បានខកខានរាល់ការប្រកួត Pre-Season របស់ក្រុមមេឃខៀវផងដែរ ប៉ុន្តែបានចូលលេងវិញក្នុងនាមជាកីទ្បាករបម្រុងនៅតង់ទី២ប៉ុណ្ណោះ នៃការប្រកួតចាញ់ Arsenal ក្នុងពាន Community Shield ..៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត