កង់បីនិងភ្ញៀវចេញ-ចូលផ្សារទំនើបស្ទឹងមានជ័យថ្មីយកចំណីផ្លូវធ្វើចំណត ពលរដ្ឋស្នើអាជ្ញាធររៀបសណ្តាប់ធ្នាប់ឡើងវិញ
អុន សម្ផស្ស
14 សីហា 2023 10:00 AM

រាជធានីភ្នំពេញ៖ ប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់កំណាត់ផ្លូវលេខ២១៧ តាមបណ្តោយមហាវិថីព្រះមុនីរ៉េត សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ចំណុចផ្សារទំនើបស្ទឹងមានជ័យថ្មី បានជួបការលំបាកជាខ្លាំងពេលធ្វើដំណើរឆ្លងកាត់ទីតាំងនោះម្ដងៗ ពោលគឺមានការកកស្ទះណែនតាន់តាប់ ខណៈអ្នករត់កង់បី ភ្ញៀវចេញចូលផ្សារមួយចំនួនបានយកចំណីផ្លូវធ្វើជាចំណត។

ជុំវិញករណីនេះក្រុមការងារអង្គភាពសារព័ត៌មាន SBM News បានធ្វើដំណើរទៅទីតាំងខាងលើ និងបានជួបសម្ភាសអ្នកដំណើរឆ្លងកាត់ទីតាំងផ្សារនោះ ដោយពួកគាត់បានលើកឡើងពីផលលំបាកក្នុងការធ្វើដំណើរជាខ្លាំង។

លោក ធីម ម៉ារ៉ាឌី ប្រាប់ SBM News នាល្ងាចថ្ងៃទី១៣ សីហា ឆ្នាំ២០២៣ថា បច្ចុប្បន្នគាត់រស់នៅចំការដូង តែត្រូវដំណើរទៅធ្វើការនៅផ្សារអូរឫស្សី ដោយឆ្លងកាត់កំណាត់ផ្លូវនេះជារៀងរាល់ថ្ងៃ ហើយតែងតែរជួបនូវផលលំបាកស្ទះនៅចំណុចនេះជាប្រចាំ ព្រោះតែទីតាំងនេះមានពលរដ្ឋមួយចំនួនបានឈប់ម៉ូតូ ឡានរួចចូលផ្សារ។

លោកថា៖«កង់បីខ្លះដាក់អតិថិជនចូលផ្សារហើយ នៅឈប់ចាំដឹកចេញមកវិញទៀត ជាហេតុធ្វើឱ្យខ្ញុំរកតែផ្លូវជិះឆ្លងកាត់ស្ទើរមិនបានផង»។ បន្ថែមលើសនេះ រថយន្តទំនើបមួយចំនួនបានឈប់តម្រៀបគ្នាជាបន្តបន្ទាប់នៅលើកំណាត់ផ្លូវនេះដែរ ពោលគឺគ្មានចំណាត់ការពីសំណាក់អាជ្ញាធរមានសមត្ថកិច្ចឡើយ។

មហាជនបានសំណូមពរដល់អាជ្ញាធរខណ្ឌមានជ័យ មេត្តាចុះមកពិនិត្យ និងចាត់វិធានការយ៉ាងណាកុំឱ្យចិញ្ចើមផ្លូវសាធារណៈរបស់រដ្ឋ ក្លាយជាកន្លែងធ្វើអាជីវកម្មបែបនេះ ខណៈសកម្មភាពខាងលើនេះធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់ និងសោភ័ណភាពរាជធានីជាខ្លាំង។ ដោយឡែកមហាជនមួយចំនួនក៏បានលើកឡើងជាសំណួរកាន់មន្ត្រីខណ្ឌមានជយ័ថា៖ «រាល់ថ្ងៃរវល់ខ្លាំងណាស់មែនទេ? ធ្វើការរាល់ថ្ងៃបើកភ្នែក ឬបិទភ្នែកបានជាមើលមិនឃើញពីផលលំបាករបស់ប្រជាពលរដ្ឋយ៉ាងដូច្នេះ»៕ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត