វិទ្យាល័យមួយក្នុងខេត្តក្រចេះត្រូវផ្អាកការសិក្សាភ្លាមៗ ក្រោយប្រទះឃើញគ្រាប់មិនទាន់ផ្ទុះជាង២០០គ្រាប់
អុន សម្ផស្ស
12 សីហា 2023 11:00 AM

ខេត្តក្រចេះ៖ ​វិទ្យាល័យ​ព្រះមហាក្សត្រិយា​នី​កុសុមៈ ​ស្ថិតនៅក្រុងក្រចេះ ត្រូវបានអាជ្ញាធរតម្រូវឱ្យផ្អាកការសិក្សារបស់សិស្សជាបណ្តោះអាសន្ន ក្រោយមានការប្រទះឃើញគ្រាប់មិនទាន់ផ្ទុះចំនួន ២៨៤គ្រាប់ នៅបរិវេណនោះកាលពីថ្ងៃទី១១ សីហា ឆ្នាំ២០២៣។

ផ្អែកតាមប្រភពនៅកន្លែងកើតហេតុបានឱ្យដឹងថា ករណីប្រទះឃើញគ្រាប់មិនទាន់ផ្ទុះទាំងអស់នេះគឺដោយសារតែនៅក្នុងវិទ្យាល័យមានការសាងសង់ជួសជុលអាគារទទឹងថ្ងៃមួយខ្នង៣បន្ទប់ដើម្បីធ្វើជាអាគារស្រាវជ្រាវ តែអំឡុងពេលដែលជាងកំពុងតែជួសជុលក៏ប្រទះឃើញគ្រាប់ទាំងនោះតែម្ដងទើបបង្កការភ្ញាក់ផ្អើលឆោឡោរាយការណ៍ទៅកម្លាំងជំនាញអាជ្ញាធរមានសមត្ថកិច្ច។ ក្រោយទទួលបានដំណឹង ក្រុមកម្លាំងស៊ីម៉ាក់បានចុះរាវរកគ្រាប់យុត្តិភណ្ឌមិនទាន់ផ្ទុះទាំងនោះរយៈពេលមួយថ្ងៃពេញតែម្ដង ដោយប្រមូលបានគ្រាប់បួនប្រភេទរួមមាន៖ ទី១. គ្រាប់M79 ចំនួន ២៥០ គ្រាប់, ទី២. គ្រាប់ DK75 ចំនួន ១៦គ្រាប់, ទី៣. ក្បាលផ្ទុះ M48 គ្រាប់ផ្លោង ១៧គ្រាប់, ទី៤. គ្រាប់ B40 ចំនួន១គ្រាប់ផងដែរ។

គួរបញ្ជាក់ដែរថាជុំវិញករណីនេះ បងប្អូនប្រជាពលរដ្ឋក៏ដូចជាអាណាព្យាបាលសិស្សដែលសិក្សានៅទីនោះពិតជាមានការភ្ញាក់ផ្អើលនឹងភិតភ័យជាខ្លាំងក្រោយមានការប្រទះឃើញគ្រាប់មិនទាន់ផ្ទុះយ៉ាងច្រើនបែបនេះ។ មិនត្រឹមតែប៉ុណ្ណោះពលរដ្ឋខ្លះបានលើកឡើងថា៖ នេះពិតជាសំណាងមែនដែលក្រុមជាងបានប្រទះឃើញទាន់ចុះបើចាប់ផ្តើសាងសង់ហើយមានការជីកកាយទៅបះហើយផ្ទុះនោះនឹងទៅជាយ៉ាណាពួកគាត់ពិតជាភិតភ័យណាស់។ យ៉ាងណាពួកគាត់បានសម្តែងការអរគុណចំពោះអាជ្ញាធរក៏ដូចជាមន្ត្រីជំនាញពាក់ព័ន្ធជាខ្លាំងដែលបានចុះជួយស្វែងរកគ្រាប់ទាំងនេះភ្លាមៗក្នុងទីតាំកើតហេតុ៕ រាយការណ៍ដោយ៖ ភ្នាក់ងារក្រចេះ

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត