សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា ​គ្រោង​បង្កើត​​​​លីគ​អាជីព​លើក​ដំបូង
R
Rorn Phork
08 សីហា 2023 11:00 AM

កីឡា៖ បន្ទាប់​ពី​រៀបចំ​ការ​ប្រកួត​បាល់ទះ​ពាន​រង្វាន់ឯកឧត្តម ស សុខា ឆ្នាំ​២០២៣ ទទួល​បាន​ជោគជ័យ សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា ​គ្រោង​បង្កើត​​​​លីគ​​​អាជីព​ជា​លើក​ដំបូង ដើម្បី​​​ជំរុញ និង​អភិវឌ្ឍ​វិស័យកីឡា​បាល់ទះ​នៅ​កម្ពុជាឱ្យ​រីក​ចម្រើន​​​ដូច​​ប្រទេស​ជា​ច្រើន​នៅ​តំបន់​អាស៊ាន​ ក៏​ដូច​ជា​ពិភព​លោក ​ដែល​​បណ្តាប្រទេសទាំងនោះ មាន​លីគអាជីព​បាល់ទះ​ប្រចាំ​ឆ្នាំ...។

លោក អាំង សិរីពិសិដ្ឋ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា​ បាន​ឱ្យ​ដឹង​ថា ការ​បង្កើត​​លីគ​អាជីព​នៅ​កម្ពុជា​ ​ ពិត​ជា​សំខាន់​​ណាស់សម្រាប់​​កីឡាករ​​បាល់ទះ​កម្ពុជា​ ដើម្បី​​ទទួល​បាន​ឱកាស​​ច្រើន​ក្នុង​ការ​បង្ហាញ​សមត្ថភាព និង​បង្កើន​បទ​ពិសោធ។​ គម្រោងការ​បង្កើតនេះ ​ដើ​ម្បី​​ឱ្យ​​កីឡាករ​បាល់ទះ​ជម្រើស​ជាតិ​កម្ពុជា​ ត្រៀម​ខ្លួន​​បាន​ច្រើន និង​ល្អ​ប្រសើរ​សម្រាប់​ការ​ប្រកួត​លើ​ឆាក​អន្តរជាតិ ជា​ពិសេស​ក្នុង​ព្រឹត្តិការណ៍​កីឡា​ទ្វីប​អាស៊ី Asian Games នៅ​ប្រទេស​ចិន​ ដែល​កម្ពុជា​ត្រូវ​ជួប​កូរ៉េ​ខាង​ត្បូង និង​ឥណ្ឌា ព្រម​ទាំង​ត្រៀម​ខ្លួន​សម្រាប់​កីឡា​ស៊ីហ្គេម ឆ្នាំ​២០២៥ នៅ​ប្រទេស​ថៃ ព្រម​ទាំង​ពាន​រង្វាន់​អន្តរជាតិ​ផ្សេងៗ​ទៀត។

គូសបញ្ជាក់ផងដែរថា ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ​ក្រុម​បាល់ទះ​ជម្រើស​ជាតិ​កម្ពុជា ​ធ្វើ​បាន​យ៉ាងល្អ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​ ដោយ​​បាន​ឈាន​ដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ​ ឆ្នាំ​២០២២ នៅ​ប្រទេស​វៀតណាម​ ទទួល​បាន​មេដាយ​សំរិទ្ធ និង​ឆ្នាំ​២០២៣ ឡើង​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​ទទួល​បាន​មេដាយ​ប្រាក់។​ មុន​ពេល​ទទួល​បាន​ជោគជ័យ ជា​ប្រវត្តិ​សាស្ត្រនេះ ​ក្រុម​បាល់ទះ​ជម្រើស​ជាតិ​កម្ពុ​ជា​​​ បានធ្វើ​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​ជា​ច្រើន​ ជា​មួយ​ក្រុម​ខ្លាំង​ៗ​មក​ពី​ប្រទេសបារាំង គុយប៉ា ចិន និង​សិង្ហបុរី​ជា​ដើម។ នៅ​ពេល​នេះ ក្រុម​បាល់ទះ​កម្ពុជា​ បាន​បោះ​ជំហាន​ចូល​កីឡា​ទ្វីប​អាស៊ី​ជា​លើក​ដំបូង​ បន្ទាប់​ពីខក​ខាន​អស់​រយៈ​ពេល​ជិត ​៥០​ឆ្នាំ​ ​ហើយ​បើ​គិត​ចាប់​តាំង​ពី​ធ្លាប់​ចូល​រួម​ប្រកួតចុង​ក្រោយ ​ កាល​ពី​ឆ្នាំ​១៩៧០៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត