អ្នកវិទ្យាសាស្ត្រ​៖ វិបត្តិ​អាកាសធាតុធ្វើ​ឱ្យ​តម្លៃ​ស្បៀងអាហារ​កើនឡើង​ជុំវិញ​ពិភពលោក​
N
Nary Vann
21 កក្កដា 2025 12:30 PM

ក្រុមអ្នកវិទ្យាសាស្ត្រអន្តរជាតិបានរកឃើញថា ស្ពៃបូកគោរបស់កូរ៉េខាងត្បូង សាឡាត់អូស្ត្រាលី អង្ករជប៉ុន កាហ្វេប្រេស៊ីល និងកាកាវហ្គាណា ស្ថិតក្នុងចំណោមអាហារជាច្រើន ដែលត្រូវបានរងផលប៉ះពាល់ដោយការកើនឡើងតម្លៃ បន្ទាប់ពីព្រឹត្តិការណ៍អាកាសធាតុខ្លាំងចាប់តាំងពីឆ្នាំ២០២២។

ការស្រាវជ្រាវដែលត្រូវបានបោះពុម្ពផ្សាយដោយអង្គការស្រាវជ្រាវអឺរ៉ុបចំនួន៦ រួមជាមួយធនាគារកណ្តាលអ៊ឺរ៉ុប បានលើកឧទាហរណ៍ជាក់ស្តែងមួយចំនួនដូចជា ការកើនឡើង២៨០ភាគរយនៃតម្លៃកាកាវពិភពលោក ក្នុងខែមេសា ឆ្នាំ២០២៤ បន្ទាប់ពីរលកកម្តៅនៅប្រទេសហ្គាណា និងកូតឌីវ័រ និងការកើនឡើង៣០០ភាគរយនៃតម្លៃសាឡាត់ នៅក្នុងប្រទេសអូស្ត្រាលី បន្ទាប់ពីទឹកជំនន់ក្នុងឆ្នាំ២០២២។ ក្នុងករណីភាគច្រើន កំណើនតម្លៃបានកើតឡើងភ្លាមៗបន្ទាប់ពីរលកកម្តៅ រួមទាំងការកើនឡើង ៧០ភាគរយនៃតម្លៃស្ពៃបូកគោ នៅក្នុងប្រទេសកូរ៉េខាងត្បូង ក្នុងខែកញ្ញា ឆ្នាំ២០២៤ ការកើនឡើង៤៨ភាគរយនៃតម្លៃអង្ករនៅក្នុងប្រទេសជប៉ុនក្នុងខែកញ្ញា ឆ្នាំ២០២៤ និងការកើនឡើង៨១ភាគរយនៃតម្លៃដំឡូង នៅក្នុងប្រទេសឥណ្ឌា នៅដើមឆ្នាំ២០២៤។ 

លើសពីនេះ កំណើនតម្លៃផ្សេងទៀតត្រូវបានផ្សារភ្ជាប់ទៅនឹងគ្រោះរាំងស្ងួត ដូចជា គ្រោះរាំងស្ងួតឆ្នាំ២០២៣ នៅប្រទេសប្រេស៊ីល ដែលបណ្ដាលឱ្យមានការកើនឡើង៥៥ភាគរយ នៃតម្លៃកាហ្វេពិភពលោក និងគ្រោះរាំងស្ងួតឆ្នាំ២០២២ នៅក្នុងប្រទេសអេត្យូពី បានកើតឡើងមុនពេលតម្លៃអាហារសរុបនៅទីនោះបានកើនឡើងដល់៤០ភាគរយ នៅឆ្នាំ២០២៣។ ការស្រាវជ្រាវនេះ ត្រូវបានចេញផ្សាយនៅមុនកិច្ចប្រជុំកំពូលប្រព័ន្ធស្បៀងអាហាររបស់អង្គការសហប្រជាជាតិ ដែលនឹងធ្វើឡើងដោយប្រទេសអេត្យូពី និងអ៊ីតាលីនៅរដ្ឋធានីអាឌីស អាបេបា ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែកក្កដា។

របាយការណ៍នេះ កើតឡើងដោយសារតែតម្លៃនៃការរស់នៅ រួមទាំងលទ្ធភាពទទួលបានអាហារ គឺជាបញ្ហាសំខាន់សម្រាប់អ្នកបោះឆ្នោតជាច្រើនជុំវិញពិភពលោក។ តម្លៃគ្រឿងទេស ក៏ជាបញ្ហាសំខាន់នៃការបោះឆ្នោតនៅសហរដ្ឋអាម៉េរិក ចក្រភពអង់គ្លេស និងអាហ្សង់ទីនក្នុងឆ្នាំ២០២៤ និងឆ្នាំ២០២៣៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត