
ខេត្តបន្ទាយមានជ័យ៖ សត្វព្រៃជាច្រើនប្រភេទដូចជាសត្វពស់ សត្វស្លាប និងសត្វអណ្តើករស់ និងងាប់ កំពុងត្រូវបានក្រុមឈ្មួញដាក់លក់នៅចិញ្ចើមផ្លូវផ្សារកូនដំរី យ៉ាងអាណាធិបតេយ្យ ក្បែរសង្កាត់រដ្ឋបាលព្រៃឈើអូរជ្រៅ ដែលស្ថិតភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ជាក់ស្តែងនៅល្ងាចថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ ប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវជាតិលេខ៥ បំបែកទៅស្រុកម៉ាឡៃដល់ត្រង់ចំណុចផ្សារកូនដំរី បានឃើញសត្វព្រៃជាប្រភេទ ជាពិសេសសត្វពស់រស់ច្រកក្នុងថង់ស្បៃជាច្រើនក្បាល ត្រូវឈ្មួញដាក់តាំងលក់រួមជាមួយសត្វស្លាប សត្វអណ្តើក និងសត្វព្រៃមួយចំនួនផ្សេងទៀត។ ហើយពស់ទាំងនោះភាគច្រើនជាប្រភេទសត្វព្រៃដែលឈ្មួញទិញមកពីប្រជាពលរដ្ឋក្នុងតំបន់ មានទម្ងន់ចន្លោះ ២ ទៅ ៥គីឡូក្រាម ជាប្រភេទពស់សាំងសឿ និងពស់វែក។
ជាមួយគ្នានេះបើតាមឈ្មួញដែលលក់នៅទីតាំងខាងលើបានឱ្យដឹងថា សត្វព្រៃដែលគាត់លក់មានរស់ និងងាប់នេះ ទិញចូលក្នុង១គីឡូក្រាម តម្លៃ ៤៥ ០០០ រៀល សម្រាប់ប្រភេទពស់សាំងសឿធំ ហើយលក់ចេញ១ គីឡូក្រាម ៥០ ០០០រៀល។ ដោយឡែកពស់ប្រភេទនេះដូចគ្នាតែតូចៗគាត់ទិញចូលក្នុង១ គីឡូក្រាមតម្លៃ ៣០ ០០០ រៀល និងលក់ចេញក្នុងតម្លៃដើម។

យ៉ាងណាមិញជុំវិញករណីនេះដែរ ប្រជាពលរដ្ឋជាច្រើនបានលើកឡើងថា នៅពេលបានឃើញទិដ្ឋភាពទាំងនោះហើយ ពិតជាសោកស្ដាយសត្វព្រៃខ្លាំងណាស់។ ដូច្នេះពួកគាត់សូមស្នើដល់មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើខេត្តបន្ទាយមានជ័យ និងសង្កាត់រដ្ឋបាលព្រៃឈើ ជួយចាត់វិធានការបង្ក្រាបអ្នកលក់សត្វព្រៃទាំងនោះផង ដើម្បីទប់ស្កាត់បទល្មើសសត្វព្រៃ និងអភិរក្សសត្វព្រៃទាំងនោះ៕ រាយការណ៍ដោ៖ លោក ឈុន មករា




