កោះត្រល់ ឬកោះភូគុកវៀតណាម នឹងក្លាយជាគោលដៅទេសចរណ៍ថ្មីរបស់អ្នកទេសចរមកពីជុំវិញពិភពលោក
វុធ ច័ន្ទតារា
3 ឆ្នាំមុន

វៀតណាម៖ ធម្មជាតិដ៏ស្រស់បំព្រង អគារល្បីៗ និងបទពិសោធទេសចរណ៍ប្លែកៗ និងទាន់សម័យ គឺជាហេតុផលដែលកោះត្រល់ ឬភូគុក(Phu Quoc) ជាកន្លែងដែលអ្នកទេសចរទូទាំងពិភពលោកកំពុងទទួលបានការចាប់អារម្មណ៍។ ធ្លាប់តែជាតំបន់ស្ងប់ស្ងាត់ កោះត្រល់​បាន​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស​នូវកំណើន​ទេសចរណ៍​មកពីជុំវិញ​ពិភពលោក ដោយ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​សហគមន៍អ្នក​ធ្វើ​ដំណើរ​នានា ហើយ​បន្ត​វ៉ាដាច់​គោលដៅ​ល្បី​ៗ​ផ្សេង​ទៀត​ ក្លាយ​ជា​កន្លែង​កម្សាន្ត​ដ៏​ល្អ​បំផុត​មួយ​ក្នុងចំណោមទិសដៅទេសចរណ៍ផ្សេងទៀត។ នេះបើតាមការចុះផ្សាយរបស់កាសែតវៀតណាមជាភាសាអង់គ្លេស VN Express។​

កាលពីឆ្នាំ២០២១ កោះត្រល់ ត្រូវបានចុះបញ្ជីក្នុងចំណោមកោះដ៏អស្ចារ្យបំផុតទាំង១០០របស់ពិភពលោក ដោយទស្សនាវដ្តី Time របស់សហរដ្ឋអាម៉េរិក។ នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២២ កោះត្រល់ បានឈ្នះពានរង្វាន់ទេសចរណ៍ពិភពលោកសម្រាប់គោលដៅទេសចរណ៍កោះធម្មជាតិឈានមុខគេរបស់ពិភពលោក ដោយវ៉ាដាច់កោះល្បីៗចំនួន៦ផ្សេងទៀតដូចជា កោះអាន់ទីហ្គ័រ(Antigua)  កោះបាប៊ូដា (Barbuda) កោះដូមីនីកា(Dominica) កោះក្នុងប្រទេសស្កុតឡេន ណរវេ (Norway) និងកោះហ្សាននីបា(Zanzibar) នៅប្រទេសតង់ហ្សានីជាដើម។ កោះត្រល់ ក៏ធ្លាប់បានជាប់ចំណាត់ថ្នាក់ទី៦ ក្នុងចំណោមកោះរមណីយដ្ឋានពេញនិយមបំផុតទាំង១០នៅអាស៊ីផងដែរ។

សូមជម្រាបថា នៅចន្លោះឆ្នាំ២០១៦ ដល់ឆ្នាំ២០១៩ ជាឆ្នាំមុនពេលកូវីដ-១៩ ចាប់ផ្តើម កោះត្រល់ទទួលបានភ្ញៀវទេសចរជិត៥លាននាក់។ នៅឆ្នាំ២០២០ បើទោះបីជាទេសចរណ៍ក្នុងស្រុក និងអន្តរជាតិធ្លាក់ចុះដោយសារជំងឺរាតត្បាតក៏ដោយ ចំនួនអ្នកទៅកម្សាន្តបានកើនឡើងដល់៣,៥លាននាក់ វ៉ាដាច់គោលដៅទេសចរណ៍នៅអាស៊ីដូចជាកោះភូកេតរបស់ប្រទេសថៃ និងកោះម៉ាល់ឌីវជាដើម។ នៅឆ្នាំ២០២២ កោះត្រល់ បានស្វាគមន៍ភ្ញៀវទេសចរជិត៥,១លាននាក់ កើនឡើង១៣៤ភាគរយ ពីឆ្នាំ២០២១៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត