វៀតណាមជំរុញកោះត្រល់ឱ្យក្លាយជាគោលដៅទេសចរណ៍កម្រិតពិភពលោក
ហៀប ស៊ីថេត
2 ឆ្នាំមុន

រដ្ឋធានីហាណូយ៖ នាយករដ្ឋមន្ត្រីវៀតណាម លោក ផាំ មិញជិញ (Pham Minh Chinh) បានអំពាវនាវឱ្យមានការរីកចម្រើនយ៉ាងឆាប់រហ័ស និងនិរន្តរភាពនៃកោះភូគុកឬភាសាខ្មែរហៅថា កោះត្រល់ ដើម្បីប្រែក្លាយវាទៅជាគោលដៅទេសចរណ៍ឈានមុខគេដែលត្រូវបានទទួលស្គាល់ទាំងក្នុងប្រទេស និងទូទាំងពិភពលោក។

សេចក្តីថ្លែងសុន្ទរកថាក្នុងសន្និសីទបូកសរុបគម្រោងអភិវឌ្ឍន៍កោះភូគុកក្នុង ខេត្តកៀងយ៉ាង (Kien Giang) នាយករដ្ឋមន្ត្រីវៀតណាមបានជំរុញឱ្យកោះនេះ ពង្រីកសក្តានុពល ភាពខ្លាំង និងកាលានុវត្តភាពដើម្បីអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយនិរន្តរភាព។ លោកសង្កត់ធ្ងន់លើមុខងារ តួនាទីសំខាន់ និងសក្តានុពលរបស់កោះភូគុក។ នាយករដ្ឋមន្ត្រីរូបនេះបានចាត់ទុកថា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ យន្តការ និងគោលនយោបាយជាច្រើនត្រូវបានដាក់ចេញ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន។ លោកបានបន្តទៀតថា កោះនេះបានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិកាន់តែច្រើនឡើង ដោយសារកេរ្តិ៍ឈ្មោះល្បីល្បាញ និងការអភិវឌ្ឍសំណង់ហេដ្ឋារចនាសម្ព័ន្ធ។ ទោះជាយ៉ាងណាក៏ដោយ នាយករដ្ឋមន្រ្តីវៀតណាមរូបនេះបានចង្អុលបង្ហាញពីបញ្ហាប្រឈមចំពោះការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់កោះនៃសេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចផ្អែកលើចំណេះដឹង និងសេដ្ឋកិច្ចចែករំលែក

លោក ផាំ មិញជិញ (Pham Minh Chinh) 
លោក ផាំ មិញជិញ (Pham Minh Chinh) 

ដោយឈរលើគោលជំហរពិសេសរបស់ខ្លួនលើ វិស័យសេដ្ឋកិច្ច នយោបាយ សង្គមកិច្ច ទេសចរណ៍ សេវាកម្ម ពាណិជ្ជកម្ម ការពារជាតិ និងសន្តិសុខ នាយករដ្ឋមន្ត្រីវៀតណាមក៏បានកត់សម្គាល់ថា ការអភិវឌ្ឍកោះភូគុក គឺមិនត្រឹមតែជាភារកិច្ចរបស់កោះខ្លួនឯង និងខេត្តកៀងយ៉ាងប៉ុណ្ណោះទេ ប៉ុន្តែជាភារកិច្ចជាតិទាំងមូលផងដែរ។ ជាមួយគ្នានេះ លោកបានអំពាវនាវឱ្យមានការប្តេជ្ញាចិត្តកាន់តែខ្លាំង ដើម្បីប្រែក្លាយអតីតកោះកម្ពុជាមួយនេះទៅជាមជ្ឈមណ្ឌលសេវាកម្ម ទេសចរណ៍ធម្មជាតិ គុណភាពខ្ពស់ ទេសចរណ៍សមុទ្ទ និងជាកន្លែងរស់នៅ ដែលរំពឹងថានឹងជួយផ្សព្វផ្សាយវៀតណាមនៅលើផែនទីទេសចរណ៍ពិភពលោក។ លោក ផាម មិញជិញ ក៏បានបន្តថា អាទិភាពគួរតែត្រូវបានផ្តល់ដល់សេដ្ឋកិច្ចបៃតង ការអនុវត្តភាពជឿនលឿននៃវិទ្យាសាស្រ្ត-បច្ចេកវិទ្យា និងការច្នៃប្រឌិត ការផ្លាស់ប្ដូរឌីជីថល និងការផ្លាស់ប្ដូរបៃតង ជាពិសេសការអភិវឌ្ឍសេដ្ឋកិច្ចគួរតែដើរទន្ទឹមគ្នាជាមួយនឹងការអភិវឌ្ឍសង្គម-វប្បធម៌ និងការការពារបរិស្ថាន។ ជាងនេះ កិច្ចការផ្សេងទៀតសម្រាប់កោះភូគុកមានដូចជា៖ការពង្រឹងកិច្ចការពារជាតិ និងសន្តិសុខ ការបង្កើនការប្រយុទ្ធប្រឆាំងអំពើពុករលួយ និងបាតុភូតអវិជ្ជមានផ្សេងទៀត និងការពង្រឹងកិច្ចការខាងក្រៅ និងសមាហរណកម្មអន្តរជាតិ

នាយករដ្ឋមន្រ្តីវៀតណាមបានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការជំរុញទៅមុខជាមួយនឹងស្ថាប័ន និងគោលនយោបាយឥតខ្ចោះ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរួម វិមជ្ឈការ ផលិតកម្ម និងធុរកិច្ច ការអភិវឌ្ឍវប្បធម៌ និងការគាំទ្ររបស់ក្រសួង ស្ថាប័ន និងមូលដ្ឋានសម្រាប់កោះភូកុក។ លោកបន្ថែមថា ដើម្បីធានាបាននូវការអភិវឌ្ឍប្រកបដោយនិរន្តរភាពរបស់ខ្លួន វៀតណាមត្រូវតែផ្តោតលើការការពារបរិស្ថាន និងធ្វើឱ្យប្រសើរឡើងនូវការប្រកួតប្រជែងរបស់ខ្លួននៅក្នុងតំបន់ និងពិភពលោក ដើម្បីទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសបន្ថែមទៀត។ ទន្ទឹមគ្នានេះ គណៈកម្មាធិការប្រជាជនខេត្តកៀងយ៉ាងបានរាយការណ៍ថា ក្រោយរយៈពេលជិត ២០ឆ្នាំនៃការអនុវត្តសេចក្តីសម្រេច កំណើនសេដ្ឋកិច្ចប្រចាំឆ្នាំរបស់កោះភូគុក ត្រូវបានរក្សាបានជិត១៩,៦ភាគរយ។ ការប្រមូលថវិការដ្ឋបានកើនឡើងជាង១១៣ភាគរយកាលពីឆ្នាំមុន បើធៀបនឹងឆ្នាំ២០២៤ នេះ។ ជាចុងក្រោយ គណៈកម្មាធិការបានអះអាងថា កាលពីឆ្នាំមុន អតីតកោះត្រល់កម្ពុជានេះបានទាក់ទាញគម្រោងចំនួន៣២១ ដែលមានតម្លៃជាង ១៦,៦១ពាន់លានដុល្លារ ដែលស្មើនឹង៤២,៨ភាគរយនៃគម្រោងសរុបនៅកៀងយ៉ាង៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត