
បាត់ដំបង៖ ប្រជាពលរដ្ឋដែលនិយមដើរហាត់ប្រាណតាមបណ្តោយដងស្ទឹងសង្កែ និងបរិវេណសួនច្បារសម្តេចក្រឡាហោម ស ខេង ស្ថិតក្នុងភូមិរតនៈ សង្កាត់រតនៈ ក្រុងបាត់ដំបង មានសភាពថមថយជាងមុន និងស្ងប់ស្ងាត់ស្ទើរតែមិនមានបងប្អូនប្រជាពលរដ្ឋមកធ្វើលំហាត់ប្រាណដូចមុនដោយសារតែគ្មានភ្លើងបំភ្លឺ ពោលគឺគ្រប់អំពូលទាំងអស់ត្រូវបានផ្តាច់ងងឹតសូន្យសុង ស្ទើរតែមើលមិនឃើញគ្នាបើគ្មានពិលប្រើនោះ។

អ៊ំប្រុស ស៊ូ វ៉ាន់ អាយុ៧១ឆ្នាំ ជាអ្នកហាត់ប្រាណនៅទីនេះច្រើនឆ្នាំមកហើយបានឱ្យដឹងថា មួយសប្តាហ៍មកហើយ ដែលទីនេះងងឹតគ្មានភ្លើងបំភ្លឺដូចមុនៗនោះទេ។ គាត់តែងតែដើរហាត់ប្រាណពីផ្ទះមកនៅម៉ោង៥ទៀបភ្លឺគឺងងឹតតែម្តង មិនដឹងថានៅទីនេះចាប់ផ្តើមងងឹតម៉ោងប៉ុន្មាននោះទេ តែបើពេលល្ងាចគ្រប់អំពូលភ្លើងភ្លឺទាំងអស់។ ក្រុមការងារ SBM News ប្រចាំខេត្តបាត់ដំបងបានព្យាយាមសួរនាំរដ្ឋបាលខេត្តដែរ តែគ្មានចម្លើយសោះ។ រីឯលោក លាង វាសនា អភិបាលក្រុងបាត់ដំបង បានឆ្លើយសំនួរយ៉ាងខ្លីតាមបណ្តាញសង្គម Messenger នាព្រឹកថ្ងៃទី២ ខែសីហានេះថា៖ «ខ្ញុំបានទទួល ខ្ញុំជម្រាបជូនដំណឹងដល់អ្នកពាក់ព័ន្ធរួចហើយ អរគុណ»។

ក្រៅពីបញ្ហាភ្លើងបំភ្លឺហើយនោះ យើងក៏សង្កេតឃើញថាសម្រាមក៏ជាបញ្ហាថ្មីផងដែរ ដែលអ្នកប្រកបមុខរបរនៅតាមសួននោះគួរតែមានអនាម័យខ្ពស់ផង ពិសេសក្រោយពេលលក់ដូររួចសូមមេត្តាវេចខ្ចប់សម្រាមដែលខ្លួនបានលក់ឱ្យបានត្រឹមត្រូវផង ជៀសវាងផ្ដល់ផលប៉ះពាល់ដល់សុខភាពចំពោះអ្នកធ្វើលំហាត់ប្រាណនៅទីនោះផងដែរ៕ រាយការណ៍ដោយ៖ លោក សុខ វិឆ័យ








