អាជ្ញាធរមិនអើពើ ពីគំនរសំរាមស្អុយរលួយ នៅចំណតរថយន្តក្រុងប៉ោយប៉ែត
R
Rorn Phork
18 វិច្ឆិកា 2022 12:00 PM

(បន្ទាយមានជ័យ)៖ រហូតមកទល់នឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ​គំនរសំរាមយ៉ាងច្រើនសន្ទឹកសន្ទាប់ នៅចំណុច​ស្ថាន​នី​យ៍រង់ចាំភ្ញៀវទេសចរក្រុងប៉ោយប៉ែត បានស្អុយរលួយជិត១ខែ និងជះក្លិនអាសោចប៉ះពាល់ដល់សុខភាព និងបរិស្ថាន ប៉ុន្តែ​អា​ជ្ញា​ធរមិនអើពើ រីឯក្រុមហ៊ុនប្រមូលសំរាមថា គ្មានអ្នកបង់ប្រាក់ថ្លៃសេវា ទើបមិនទៅប្រមូលយកចេញ។

ថ្លែងប្រាប់ភ្នាក់ងារ SBM News ប្រចាំខេត្តបន្ទាយមានជ័យ ប្រជាពលរដ្ឋបានលើកឡើងថា អភិបាលក្រុងប៉ោយប៉ែត លោក គាត ហ៊ុល និងមន្ត្រីស្ថាប័នពាក់ព័ន្ធ ដូចជាមិនអើពើសោះ ទុកឱ្យគំនរសំរាមមានក្លិនស្អុយ ដែលសំរាមនេះ​ត្រូវប្រជាពលរដ្ឋ​យ​កមកបោះចោល និងសំរាមដែលប្រមូលចេញពីចំណតរថយន្ត​បោះចោល​ ខណៈពេលនេះ​ឃើញគេរុះ​រើបន្ទប់ចំណ​តរថ​យន្ត​ចេញ មិនដឹងថាមានគោល​បំ​ណង​ណាមួយ តែឃើញមានរថយន្តក្រុងដឹកភ្ញៀវចូលចតក្នុងចំណត​ និងលើផ្លូវខាង​ក្រៅចំ​ណត។

ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នេះ បានរិះគន់ដល់អាជ្ញាធរ​ ថាបានបណ្តែតបណ្តោយ​ឱ្យមានគំនរសំរាម​ស្អុយរលួយក្អិន​អា​សោច​ជិតមួយខែមកហើយ លើប្រជាពលរដ្ឋរស់នៅជុំវិញនោះ ដោយមិនខ្វល់ពីសុខភាពរបស់ប្រជាជននោហទេ សូម្បីតែធ្វើដំណើរក្បែរទីនោះ ក៏ជះក្លិនមិនល្អបង្កឱ្យប៉ះពាល់ដល់បរិស្ថាន និងសុខភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរឆ្លងកាត់ យ៉ាងធ្ងន់ធ្ងរ...។

ប្រជាពលរដ្ឋរស់នៅក្បែរចំណតរថយន្ត បានលើកឡើងថា កាលពីអាជ្ញាធរបើកវេទិកាសាធារណៈនាពេលកន្លងមក បញ្ហាប្រ​ឈម​ពាក់​ព័ន្ធ​នឹងអ​នា​ម័​យបរិស្ថាន ទាំងសំរាមអនាធិបតេយ្យ និងសំរាមនៅតាមមុខផ្ទះ ដែលក្រុមហ៊ុនប្រមូលយឺតយ៉ាវ អាជ្ញាធរ​បានលើកជា​ដំ​ណោះ​ស្រាយថា បើក្រុមហ៊ុនស៊ីនទ្រី នៅតែបណ្តែតបណ្តោយប្រមូលសំរាមយឺតយ៉ាវ និងសំរាមអនាធិបតេយ្យច្រើន អាជ្ញាធរ​ក្រុងប៉ោយប៉ែត នឹងធ្វើការបែកចែកតំបន់ ដាក់ក្រុមហ៊ុនថ្មីបន្ថែមមួយទៀត ដើម្បីឱ្យការប្រមូលសំរាមនេះ បានទាន់ពេលវេលា និងកុំឱ្យបញ្ហាសំរាមនេះត្រូវបានប្រជាពលរដ្ឋលើកជាបញ្ហាប្រឈមដដែលៗ កើតមានឡើងរាប់ខែមកហើយ។

លោក ស៊ូ បាត មន្ត្រីសាលាក្រុងប៉ោយប៉ែត បានបញ្ជាក់ថា ​បញ្ហាសំរាមដែលបោះចោល​ នៅស្ថានីយរង់ចាំភ្ញៀវ​ទេសចរណ៍​អន្តរជាតិ ឬចំណតរថយន្តភ្ញៀវក្រុងប៉ោយប៉ែតនេះ អាជ្ញាធរ​ដូចជាមិនទាន់បានដឹង​ ហើយរាយការណ៍ជូនអភិបាលក្រុង​ និងឱ្យមន្ត្រីជំនាញចុះទៅពិនិត្យ មើលហើយចាត់វិធានការ បើសិនជាមានមែន ហើយពិតជាប៉ះពាល់បរិស្ថាន និងសុខភាពប្រជាពលរដ្ឋមែននោះ អាជ្ញាធរនឹងចុះទៅសម្អាតមិនខាន...៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត