
(ខេត្តបាត់ដំបង)៖ ថ្លែងក្នុងពិធីប្រកាសចូលកាន់មុខតំណែងមន្រ្ដីរាជការចំណុះក្នុងរចនាសម្ព័ន្ធមន្ទីរអង្គភាពចំនួន៣ ក្នុងខេត្តបាត់ដំបង កាលពីរសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានឱ្យដឹងថា បញ្ហាសំរាមនៅក្នុងក្រុងបាត់ដំបង ត្រូវការចូលរួម និងមានឆន្ទៈទាំងអស់គ្នាពីប្រជាពលរដ្ឋ អាជ្ញាធរ មន្ត្រីពាក់ព័ន្ធ ទើបក្រុងយើងគ្មានសំរាម ហើយការទទួលបានពានរង្វាន់ទីក្រុងស្អាតកន្លងមក គឺមកពីយើងរួមគ្នាគិតគូរពីបញ្ហាសំរាមនេះជាចម្បង...។

ឯកឧត្តម សុខ លូ បានបន្តថា ដើម្បីឱ្យទីក្រុងបាត់ដំបង កាន់តែមានភាពស្អាត ក្នុងការឆ្លើយតប ជាគោលដៅទេសចរណ៍ ពិសេស បន្តយកពានរង្វាន់ជាទីក្រុងស្អាតរបស់ប្រទេសកម្ពុជា ក៏ដូចជាទីក្រុងស្អាតរបស់អាស៊ាន យើងផ្តើមចេញពីបុគ្គលខ្លួនឯងផ្ទាល់ ក្នុងនោះមន្ត្រីរាជការនៅតាមមន្ទីរនានា ត្រូវជួយផ្សព្វផ្សាយអនុវត្តទាំងអស់គ្នាថែមទៀត ទើបធ្វើឱ្យទីក្រុងរបស់យើង កាន់តែមានភ្ញៀវទេសចរចូលមកកម្សាន្តច្រើន ហើយសេដ្ឋកិច្ចជាតិ ក៏មានការរីកចម្រើនផងដែរ។

ឯកឧត្តម អភិបាលខេត្ត បានគូសបញ្ជាក់ថា «ទីក្រុងបាត់ដំបង ធ្លាប់ទទួលបានពានរង្វាន់កន្លងមកនោះ គឺមកពីប្រជាពលរដ្ឋ អាជ្ញាធរ មន្ត្រីពាក់ព័ន្ធ រួមគ្នាគិតគូរពីបញ្ហាសំរាមឱ្យអស់នៅតាមដងផ្លូវនានា ក៏ដូចជានៅតាមដងស្ទឹង។» ដូច្នេះ មន្ត្រីរាជការនៅតាមមន្ទីរនានា ត្រូវមានភាពស្អាត នៅក្នុងអង្គភាពរបស់ខ្លួនជាមុនសិន ទាំងការសម្អាតអនាម័យ និងការសម្អាតបង្គន់អនាម័យ ដែលជាគំរូសម្រាប់ឈានទៅធ្វើការអនុវត្តនៅតាមទីសាធារណៈ។
សូមរំលឹកផងដែរថា ក្រុងបាត់ដំបង បានទទួលនូវពានរង្វាន់ «ជ័យលាភីទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី៣ឆ្នាំ ២០២២-២០២៤» (ASEAN Clean Tourist City Standard Awards) កាលពីខែមករាឆ្នាំ២០២២ កន្លងទៅ...៕




