
រាជធានីភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងនាព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣នេះថា កម្ពុជាអាចនឹងមានភ្លៀងធ្លាក់លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ពេញមួយសប្ដាហ៍បន្តទៀត ដោយសារទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាបអូសបន្លាយលើភាគខាងជើងប្រទេសឡាវ និងប្រទេសវៀតណាម ចាប់ពីថ្ងៃទី២ រហូតដល់ថ្ងៃទី៨ សីហា។

ក្រសួងបានអះអាងថា៖ «ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាបអូសបន្លាយលើភាគខាងជើងប្រទេសឡាវ និងប្រទេសវៀតណាម គួបផ្សំនឹងខ្យល់មូសុងនិរតីក្នុងកម្រិតមធ្យម។ ដោយឡែកក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ព្យុះឈ្មោះខាណុន (KHANUN) កំពុងធ្វើដំណើរឆ្ពោះទៅភាគខាងកើតប្រទេសចិន»។
លក្ខណៈទាំងនេះនឹងធ្វើឱ្យភ្លៀងនៅតែបន្តធ្លាក់ជាបន្តបន្ទាប់ពេញផ្ទៃប្រទេស ដោយក្នុងនោះ តំបន់ទំនាបកណ្តាល មានសីតុណ្ហភាពអប្បបរមាពី ២៣ ទៅ២៥អង្សាសេ និងមានសីតុណ្ហភាពអតិបរមាពី ៣២ ទៅ៣៤ អង្សាសេ។ រីឯតំបន់ខ្ពង់រាប មានសីតុណ្ហភាពអប្បបរមាពី ២២ទៅ ២៤អង្សាសេ និងមានសីតុណ្ហភាពអតិបរមាពី ៣១ ទៅ៣៣ អង្សាសេ ដែលធ្វើឱ្យតំបន់ទាំងពីរអាចមានភ្លៀងធ្លាក់ក្នុងកម្រិតតិចទៅមធ្យម លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
ដោយឡែក តំបន់មាត់សមុទ្ទ មានសីតុណ្ហភាពអប្បបរមាពី ២២ ទៅ ២៤អង្សាសេ និងមានសីតុណ្ហភាពអតិបរមាពី ២៩ទៅ ៣៣អង្សាសេ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីបង្គួរទៅច្រើន លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ នៅលើផ្ទៃសមុទ្ទនឹងមានខ្យល់បក់បោកខ្លាំង ព្រមទាំងរលកសមុទ្ទមានកម្ពស់ខ្ពស់៕






