
ខេត្តព្រះវិហារ៖ នាយកដ្ឋានបរិស្ថានព្រៃឈើ និងទឹកនៃអាជ្ញាធរជាតិព្រះវិហារបានរៀបចំព្រឹត្តិការណ៍ដាំឈើក្នុងតំបន់អភិរក្ស នៃរមណីយដ្ឋានប្រាសាទព្រះវិហារ។ ព្រឹត្តិការណ៍នេះបានធ្វើឡើងនាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ ដោយមានការចូលរួមពីសិស្សានុសិស្សចំនួន៥០នាក់ ជាមួយលោកនាយកសាលាមកពីអនុវិទ្យាល័យ ហ៊ុន សែន ស្រះក្តុល ដាំកូនឈើសរុប៧០០ដើម រួមមាន៖ ក្រញូង ធ្នង់ បេង ត្របែកព្រៃ ដែលជាប្រភេទរងការគំរាមកំហែង និងឈើលម្អ។

ឯកឧត្តម ឃូ អៀងហួត អគ្គនាយករងអាជ្ញាធរជាតិព្រះវិហារ មន្ត្រីអាជ្ញាធរជាតិព្រះវិហារ បានឱ្យដឹងថា អាជ្ញាធរ តែងយកចិត្តទុកដាក់ដល់ការគ្រប់គ្រងព្រៃឈើ និងដាំស្តារឡើងវិញដើម្បីប្រែក្លាយតំបន់រេចរិលនេះឱ្យមានគម្របព្រៃឡើងវិញ រហូតមកដល់បច្ចុប្បន្ននេះមានកូនឈើជាង៧ ៨០០០ដើម ក្នុងចំណោម៣៥ប្រភេទត្រូវបានដាំស្តារក្នុងតំបន់នេះ។ លោកបន្ថែមទៀតថា ព្រៃឈើបានផ្តល់នូវគុណតម្លៃជាច្រើនដល់មនុស្សដូចជា អនុផលដ៏សម្បូរបែបសម្រាប់ទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃដល់សហគមន៍យើង ដូចនេះការចូលរួមថែរក្សា ការពារ និងស្តារព្រៃឈើរេចរឹលឡើងវិញគឺជាកត្តាចាំបាច់បំផុត។

ទន្ទឹមនឹងនោះ លោក ឈាង ពិសាល អនុប្រធាននាយកដ្ឋានបរិស្ថាន ព្រៃឈើ និងទឹកបានឱ្យដឹងដែរថា ការដាំស្តារព្រៃឈើរេចរិលក្នុងតំបន់អភិរក្សនេះទាមទារការចូលរួមពីយើងទាំងអស់គ្នា ហើយប្អូនៗសិស្សានុសិស្សបានមកចូលរួមដាំដើមឈើ គឺឆ្លុះបញ្ចាំងអំពីការចូលរួមការពារ និងថែរក្សាធនធានធម្មជាតិ ដើម្បីលើកកម្ពស់ដល់តម្លៃលេចធ្លោជាសកលដល់ប្រាសាទ និងដើម្បីលើកកម្ពស់ជីវចម្រុះផងដែរ។ សូមជម្រាបថា កម្មវិធីនេះធ្វើទ្បើងដើម្បី អប់រំផ្សព្វផ្សាយដល់សិស្សានុសិស្ស និងសាធារណៈជនឱ្យចេះស្រឡាញ់ទេសភាពធម្មជាតិ វប្បធម៌ និងចូលរួមថែរក្សាការពារព្រៃឈើទាំងអស់គ្នាក្រោមពាក្យស្លោក «ប្រាសាទ និងព្រៃឈើ គឺជាធនធានទេសចរណ៍វប្បធម៌ប្រវត្ដិសាស្រ្ដ និងធម្មជាតិ»៕





