
(បាល់ទាត់)៖ សហព័ន្ធកីទ្បាបាល់ទាត់អឺរ៉ុប ឬហៅកាត់ថា UEFA បានផាកពិន័យលើក្លឹប AZ Alkmaar ជាប្រាក់ប្រមាណ៨ម៉ឺនអឺរ៉ូ (៦៨,៦៧០ផោន) សម្រាប់ទង្វើមិនសមរម្យអ្នកគាំទ្ររបស់ពួកគេ អំទ្បុងពេលប្រកួតតជើងទី២ វគ្គ ៤ក្រុមចុងក្រោយ នៃពានរង្វាន់ Europa Conference League តទល់ជាមួយក្រុម West Ham United កាលពីខែឧសភាកន្លងទៅ។ នៅក្នុងជំនួបដ៏តានតឹងនោះ West Ham បានទម្លាក់ AZ Alkmaar ចេញពីវគ្គ៤ក្រុមចុងក្រោយ ក្នុងលទ្ធផលសរុបទាំងពីរជើង ៣-១ ។

យ៉ាងណា អំទ្បុងពេលការប្រកួតនោះនៅឯកីទ្បដ្ឋាន AFAS របស់ក្លឹបបាល់ទាត់ AZ Alkmaar ក្នុងប្រទេសហូឡង់ អ្នកគាំទ្រ AZ បានដើរសំដៅទៅកាន់កន្លែងអង្គុយទស្សនារបស់មិត្តភក្តិ និងក្រុមគ្រួសារកីទ្បាករ West Ham ដោយបានវាយប្រតាយប្រតប់គ្នាយ៉ាងខ្លាំង។ ជាមួយគ្នានោះ ក្រុមកីទ្បាកររបស់ West Ham United បានពន្យាយាមរត់ទៅកន្លែងតំបន់កៅអីម្ខាងទៀត ដើម្បីការពារសមាជិកក្រុមគ្រួសាររបស់គេ។ អ្នកគាំទ្ររបស់ក្លឹប AZ Alkmaar ចំនួន៤៣នាក់ ត្រូវបានហាមប្រាមមិនឱ្យចូលកីទ្បដ្ឋានទៀតទ្បើយ រួមទាំងមានការចាប់ខ្លួនជាច្រើននាក់ទៀត បន្ទាប់ពីការអំពាវនាវត្រូវបានធ្វើឡើងតាមកញ្ចក់ទូរទស្សន៍។ នៅរដូវកាលក្រោយ ក្លឹប AZ Alkmaar នឹងលេងពានរង្វាន់ Europa Conference League ម្ដងទៀត ខណៈដែល១ប្រកួត ត្រូវបាន UEFA បញ្ជាឱ្យលេងបិទទ្វារ ទោះបីជាទណ្ឌកម្មនេះ ត្រូវបានផ្អាកអស់រយៈពេលពីរឆ្នាំក៏ដោយ៕

ប្រភព៖ BBC


