
(បាល់ទាត់)៖ សហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប ឬហៅកាត់ថា UEFA បានបើកការស៊ើបអង្កេតជុំវិញរឿងក្លឹបអ្នកមានបុណ្យ FC Barcelona សូកប៉ាន់លោក ចូសេ ម៉ារៀ អ៊ិនរីហ្គេស នីហ្គ្រីរ៉ា Jose Maria Enriquez Negreira អតីតអនុប្រធានគណៈកម្មាធិការអាជ្ញាកណ្ដាលរបស់ប្រទេសអេស្ប៉ាញ។ UEFA ក៏បានចាត់តាំងអ្នកត្រួតពិនិត្យក្រមសីលធម៌ និងវិន័យ ដើម្បីពិនិត្យមើលការបង់ប្រាក់ដែលត្រូវបានចោទប្រកាន់ថា បានធ្វើឡើងសម្រាប់ការសម្រេចចិត្តរបស់អាជ្ញាកណ្ដាល អំទ្បុងពេលកាត់ក្ដីនៃការប្រកួតលើទីលាន។

ជុំវិញបញ្ហាខាងលើនេះ រដ្ឋអាជ្ញាអេស្ប៉ាញប្រចាំទីក្រុង Barcelona បានចោទប្រកាន់ថា សកម្មភាពនេះជាអំពើពុករលួយ បទល្មើសបំពានលើសេចក្ដីទុកចិត្ត និងក្លែងបន្លំឯកសារពាណិជ្ជកម្ម។ បន្ថែមពីនេះ រដ្ឋអាជ្ញាក៏ចោទប្រកាន់ក្លឹប Barca ថាសូកប៉ាន់ប្រាក់ប្រមាណជាង៨,៤លានអឺរ៉ូ ឬស្មើនឹង៧,៤ លានផោន ទៅកាន់លោក Jose Maria Enriquez Negreira និងក្រុមហ៊ុន Dasnil 95 ជាដើម។
Barcelona បានបដិសេធរាល់ការចោទប្រកាន់ខាងលើទាំងអស់ ពីការសូកប៉ាន់ប្រាក់ដែលធ្វើទ្បើងចន្លោះពីឆ្នាំ២០០១ ដល់ឆ្នាំ២០១៨ ។ ក្រៅពីនេះ អតីតប្រធានក្លឹប Barcelona លោក Josep Maria Bartomeu និងអ្នកពាក់ព័ន្ធដូចជាលោក Sandro Rosell រួមនឹងលោក Negreira ក៏ត្រូវបានចោទប្រកាន់លើករណីខាងលើនេះផងដែរ។

គួរជម្រាបថា រាល់ការចោទប្រកាន់ខាងលើនេះ ត្រូវបានដាក់បណ្តឹងដោយការិយាល័យរដ្ឋអាជ្ញាសាធារណៈរបស់ប្រទេសអេស្ប៉ាញប្រចាំទីក្រុង Barcelona ។ បន្ថែមពីនេះ នាយកប្រតិបត្តិ La Liga លោក Javier Tebas ក៏បាននិយាយថា៖ ប្រធានក្លឹប Barcelona បច្ចុប្បន្នលោក Joan Laporta គួរតែលាលែងពីតំណែង ប្រសិនបើលោកមិនអាចបកស្រាយអំពីការបង់ប្រាក់ទាំងនេះ៕


ប្រភព៖ BBC


