
យ៉ាងហោចណាស់មនុស្សពីរនាក់ និងជនបង្កម្នាក់បានស្លាប់ និងមនុស្ស៥នាក់ទៀតរងរបួស នៅក្នុងការបាញ់ប្រហារមួយនៅទីក្រុង Auckland នៅថ្ងៃព្រហស្បតិ៍ទី២០កក្កដានេះ ខណៈដែលហេតុការណ៍ដ៏រន្ធត់មួយនេះកើតឡើង ត្រឹមតែប៉ុន្មានម៉ោងមុនការប្រកួតបើកឆាកនៃការប្រកួតបាល់ទាត់ពិភពលោកផ្នែកនារីមកដល់...។

នាយករដ្ឋមន្ត្រីណូវែលហ្សេឡង់លោក គ្រីស ហ៊ីបគីន (Chris Hipkins) បាននិយាយថា ការប្រកួតបាល់ទាត់នឹងដំណើរការទៅតាមការគ្រោងទុក ខណៈការបាញ់ប្រហារមួយ គឺជាសកម្មភាពរបស់បុគ្គលម្នាក់ ហើយប៉ូលិសមិនបានវែកមុខជនសង្ស័យផ្សេងទៀតពាក់ព័ន្ធនឹងឧប្បត្តិហេតុនេះនោះទេ។ លើសពីនេះ លោក ហ៊ីបគីន បាននិយាយក្នុងអំឡុងពេលសន្និសីទសារព័ត៌មានតាមទូរទស្សន៍ថា៖«មិនមានការលើកទឹកចិត្តខាងនយោបាយ ឬមនោគមវិជ្ជាសម្រាប់ការបាញ់ប្រហារនេះនោះទេ ដូច្នេះហើយគ្មានហានិភ័យសន្តិសុខជាតិឡើយ»។ លោកបន្ថែមថា វានឹងមិនមានការផ្លាស់ប្ដូរចំពោះកម្រិតគំរាមកំហែងផ្នែកសន្តិសុខរបស់ប្រទេសនូវែលហ្សេឡង់ទេ បើទោះបីជានឹងមានការកើនឡើងនៃវត្តមានប៉ូលិសនៅក្នុងទីក្រុងក៏ដោយ។

ទីក្រុង Auckland បានស្វាគមន៍កីឡាករអន្តរជាតិ និងអ្នកទេសចររាប់ពាន់នាក់សម្រាប់ការប្រកួតបាល់ទាត់ពិភពលោកនារី លើកទី៩ ដែលត្រូវធ្វើជាសហម្ចាស់ផ្ទះដោយអូស្ត្រាលី និងនូវែលសេឡង់។ ស្នងការនគរបាលលោក អេនឌ្រូ ខូស្ទឺ (Andrew Coster) បាននិយាយថា មន្ត្រីម្នាក់បានរងរបួសនៅក្នុងការបាញ់ប្រហារនេះ ក៏ដូចជាសមាជិកសាធារណៈ៤នាក់ផ្សេងទៀតផងដែរ។ លើសពីនេះ លោក ខូស្ទឺ បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា ខ្មាន់កាំភ្លើងមិនត្រូវបានស្គាល់អត្តសញ្ញាណជាផ្លូវការទេ ប៉ុន្តែត្រូវបានគេជឿថា ជាបុរសអាយុ២៤ឆ្នាំ ធ្វើការនៅការដ្ឋានសំណង់ ដែលជាកន្លែងបាញ់ប្រហារបានកើតឡើង។ ស្នងការនគរបាលរូបនេះ បានសង្កត់ធ្ងន់ថា៖«បុគ្គលនោះ ត្រូវបានគេស្គាល់យ៉ាងច្បាស់ជុំវិញការប្រព្រឹត្តិអំពើហិង្សាក្នុងគ្រួសារ»។ ជាការពិតណាស់ ខ្មាន់កាំភ្លើងជាអ្នកទោសឃុំខ្លួនក្នុងផ្ទះ ប៉ុន្តែមានការលើកលែងឱ្យធ្វើការនៅកន្លែងនោះ។

ក្រុមបាល់ទាត់មកពីនូវែលហ្សេឡង់ ន័រវេស អ៊ីតាលី សហរដ្ឋអាម៉េរិក វៀតណាម និងព័រទុយហ្គាល់ ត្រូវបានគេឱ្យដឹងថា ស្ថិតនៅក្នុងទីក្រុងដែរ នៅពេលដែលការបាញ់ប្រហារបានកើតឡើង។ FIFA បានអះអាងនៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់រ៉យទ័រថា៖«FIFA បានជូនដំណឹង នេះគឺជាឧបទ្ទវហេតុដាច់ដោយឡែក ដែលមិនទាក់ទងទៅនឹងប្រតិបត្តិការបាល់ទាត់នោះទេ ហើយការប្រកួតបើកឆាកយប់នេះនៅ Eden Park នឹងដំណើរការដូចការគ្រោងទុក»។ គួរបញ្ជាក់ថា នៅក្នុងការប្រកួតបើកឆាក World Cup ចំនួនពីរនៅថ្ងៃព្រហស្បតិ៍ ន័រវែស ប្រកួតជាមួយ នូវែលសេឡង់ ក្នុងទីក្រុង Auckland ខណៈដែល អូស្ត្រាលី ប៉ះ អៀរឡង់ ក្នុងទីក្រុងស៊ីដនី៕






