
(បាល់ទាត់)៖ ក្រោយពីបញ្ចប់ការផ្ទេរ Delcan Rice ទៅកាន់ Arsenal ក្នុងទំហំទឹកប្រាក់១០៥លានផោនរួចរាល់ West Ham United បានសម្លឹងមើលខ្សែការពារកណ្តាល Harry Maguire ពី Manchester United ដែលលែងជាប្រធានក្រុមទៅហើយនោះ។

Harry Maguire ដែលមានវ័យ៣០ឆ្នាំរូបនេះ ហាក់បីជាធ្លាក់កូដយ៉ាងខ្លាំងនៅ Old Trafford ក្រោយ លោក Erik Ten Hag ចូលមកកាន់ការងារជាគ្រូបង្វឹកក្នុងក្រុម បានធ្វើឱ្យគេលែងស្ថិតនៅជម្រើស១១នាក់ដំបូង កាលពីរដូវកាលមុន ជាមួយនឹងការមកដល់របស់កីទ្បាករ Lasandro Martinez ផងដែរនោះ។ កាលពីម្សិលមិញ ក្លឹបបិសាចក្រហម Manchester United ក៏បានប្រកាសពីការដកតំណែង Harry Maguire ជាប្រធានក្រុម ខណៈដែល Bruno Fernandes ទំនងក្លាយជាប្រធានក្រុមបិសាចក្រហមវិញ។

ក្រោយពីលែងជាប់ជម្រើស ១១ នាក់ដំបូង និងត្រូវបានដកតំណែងជាប្រធានក្រុមបិសាចក្រុមក្រហម Harry Maguire ហាក់បីជាមានការអន់ចិត្តខ្លះៗទៅនឹងបញ្ហាខាងលើនេះផងដែរ។ កិច្ចសន្យារបស់ Maguire នៅសល់សុពលភាពរហូតដល់ឆ្នាំ ២០២៥ ជាមួយនឹងក្លឹបយក្សអង់គ្លេសនេះ ក្រោយពីផ្ទេរពីក្លឹប Leicester City មកកាន់កីទ្បដ្ឋាន Old Trafford ក្នុងទំហំទឹកប្រាក់ប្រមាណជាង៨០លានផោន កាលពីឆ្នាំ២០១៩។ ទោះយ៉ាងណា Harry Maguire ក៏ស្ថិតនៅក្នុងបញ្ជីឈ្មោះដែលចង់របស់លោក David Moyes សម្រាប់តំណែងខ្សែការពារកណ្តាល នាអំទ្បុងពេលទីផ្សារដោះដូរកីទ្បាកររដូវក្ដៅនេះ ។

ដោយទ្បែក ក្លឹប Manchester United និង Inter Milan ក៏បានព្រមព្រៀមគ្នាក្នុងការនាំយកអ្នកចាំទី Andre Onana មកកាន់កីទ្បដ្ឋាន Old Trafford ក្នុងតម្លៃផ្ទេរ៥០លានផោន ជាមួយនឹងកិច្ចសន្យា ៥ ឆ្នាំ រួមទាំងមានជម្រើស ១ ឆ្នាំទៀតផងដែរ។ ក្រុមមានមូលដ្ឋាននៅឯទីក្រុងក្រុម Manchester មួយនេះកំពុងស្នើសុំធ្វើ Visa សម្រាប់អ្នកចាំទី Andre Onana ដើម្បីទៅចូលរួមក្នុងការប្រកួតមិត្តភាពនៅសហរដ្ឋអាម៉េរិក មុនពេលគេនឹងធ្វើតែស្តសុខភាព និងចុះហត្ថលេខាទៅលើកិច្ចសន្យាជាមួយ United តែម្ដង៕

ប្រភព៖ BBC


