
(បាល់ទាត់)៖ វាជាសករាជថ្មីមួយដែលក្រុមញញួរយក្សវ៉េសហែម យូណៃធីត West Ham United គ្រងជើងឯកពានយូហ្វា យូរ៉ួប៉ា ខុនហ្វើរ៉េន លីគ UEFA Europa Conference League ក្រោយយកឈ្នះលើក្រុមហ្វ្យូរិនទីណា Fiorentina នៅឯកីទ្បដ្ឋានហ្វរធូណា អារ៉េណា Fortuna Arena នៅចុងម៉ោង និងបានបញ្ចប់ដោយលទ្ធផល ២-១ កាលពីយប់មិញ។

ក្រុមញញួរយក្សវ៉េសហែម យូណៃធីត ដឹកនាំដោយលោកដាវីដ ម៉ូយេស៍ David Moyes ជាគ្រូបង្វឹក បាននាំមុខលើក្រុមហ្វ្យូរិនទីណា មុននៅនាទី៦២ ដោយការស៊ុតបាល់កាត់សេចក្ដី១១ម៉ែត្ររបស់កីឡាករ សេដ បេនរ៉ាម៉ា Saïd Benrahma មុនកីឡាករ ជៀហ្គូម៉ូ បូណាវិនធ័ររ៉ា Giacomo Bonaventura ស៊ុតតាមស្មើឱ្យក្រុមហ្វ្យូរិនទីណា Fiorentina នៅនាទី៩០ ខណៈកីទ្បាករ ចារ៉ូដ បូវិន Jarrod Bowen របស់ក្រុមញញួរយក្សវ៉េសហែម យូណៃធីត បន្ថែមគ្រាប់បាល់១គ្រាប់ទៀត ជួយឱ្យក្រុមរបស់ខ្លួនគ្រងជើងឯកពានរង្វាន់ធំលំដាប់ទី៣នៅតំបន់អឺរ៉ុបនេះតែម្ដង។

ជាមួយគ្នានោះ ការគ្រងជើងពានរង្វាន់នេះ បានធ្វើឱ្យក្រុមញញួរយក្សវ៉េសហែម យូណៃធីត បញ្ចប់ការរង់ចាំលើកពានធំៗអស់រយៈពេល៤៣ឆ្នាំ ពោលគឺចាប់តាំងពីក្រុមដែលមានមូលដ្ឋានភាគខាងកើត នៃទីក្រុងឡុងដ៍ឈ្នះពានរង្វាន់អេសអេ ខាប់ FA Cup ជាលើកទី៣ ក្នុងឆ្នាំ១៩៨០មកម្ល៉េះ។ ដូច្នេះ សម្រាប់ក្រុមញញួរយក្សវ៉េសហែម យូណៃធីត នារដូវកាលក្រោយ នឹងទទួលបានកៅអីលេងពានយូហ្វាយូរ៉ូប៉ា លីគ UEFA Europa League ផងដែរ ទោះបីជាបញ្ចប់ចំណាត់ថ្នាក់លេខ១៤ នៅក្នុងក្របខណ្ឌ English Premier League ក៏ដោយ៕




