
(បាល់ទាត់)៖ លោក ដេវីដ ស៊ុលលីវ៉ាន់ David Sullivan ប្រធានក្លឹបបាល់ទាត់វ៉េសហែម យូណៃធីត ជឿជាក់ថា៩៩ភាំគរយ ប្រធានក្រុមដេក្លាន រ៉ាយ Declan Rice នឹងចាកចេញពីក្រុមនារដូវក្ដៅនេះ ខណៈដែលខ្សែបម្រើកណ្តាលអង់គ្លេសវ័យ២៤ឆ្នាំ រូបនេះ មានបំណងចង់ចាកចេញពីកីទ្បដ្ឋានឡុនដុនផងដែរ។ នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មានល្បីៗមួយចំនួន...។

យ៉ាងណា ថែ្លងបន្ទាប់ពីឈ្នះពានរង្វាន់លំដាប់ទី៣ របស់ទ្វីបអឺរ៉ុបយូរ៉ូប៉ា ខុនហ្វើរ៉េន លីគ Europa Conference League កាលពីថ្ងៃពុធ លើក្រុមមកពីអ៊ីតាលី ហ្យ្វូរ៉េនធីណា Fiorentina លោក ស៊ុលលីវ៉ាន់ បានប្រាប់ BBC Radio5 Live ថា៖ «យើងបានសន្យាកាលពីរដូវក្ដៅមុនថា ប្រសិនបើគាត់ផ្តល់ឱ្យយើងនូវអ្វីៗទាំងអស់ យើងនឹងអនុញ្ញាតឱ្យគាត់ចាកចេញពីក្លឹប។ វាជារឿងត្រឹមត្រូវដែលយើងត្រូវធ្វើ»។ កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ ដេក្លាន រ៉ាយ បានក្លាយជាប្រធានក្រុមវ៉េសហែមទី៣ និងបានលើកពានជាមួយក្លឹប ដោយដើរតាមគន្លងពវីរៈបុរសរបស់ក្រុមលោក បបប៊ី ម៉ូរ៉េ Bobby Moore ដែលបានលើកពាន យូរ៉ុបភៀន ខាប់ វីននើរ European Cup Winners នៅឆ្នាំ១៩៦៥ និងលោកប៊ីលី បនដ៍ Billy Bonds ដែលបានដឹកនាំក្រុមញញួរធំឈ្នះពានរង្វាន់អេហ្វអេ ខាប់ ឆ្នាំ១៩៧៥ និង១៩៨០ ជាដើម។

ដេក្លាន រ៉ាយ ចាប់ផ្តើមលេងឱ្យក្រុមវ៉េសហែម យូណៃធីត ក្នុងរដូវកាល២០១៦-១៧ ដោយលេងឱ្យក្រុមចំនួន២៤៥ប្រកួត និងរកបាន១៥គ្រាប់ បន្ទាប់ពីតំទ្បើងមកក្រុមថ្នាល។ ដេក្លាន រ៉ាយ ក៏ធ្លាប់លេងតំណាងឱ្យក្រុមជម្រើសជាតិអៀឡង់ចំនួន៣លើកផងដែរ មុនពេលប្តូរលេងឱ្យក្រុមជម្រើសជាតិអង់គ្លេស ខណៈដែល ដេក្លាន រ៉ាយ លេងបានចំនួន៤១ប្រកួត ដោយបង្ហាញវត្តមានក្នុងក្រុមចំនួន៥ដង អំទ្បុងពេល World Cup កាលពីឆ្នាំមុន។ សូមបញ្ជាក់ថា ដេក្លាន រ៉ាយ នៅសល់កិច្ចសន្យា១ឆ្នាំទៀតជាមួយនឹងក្លឹប វ៉េសហែម យូណៃធីត ហើយក្លឹបក៏មានជម្រើសផ្តល់នូវកិច្ចសន្យាដល់រូបគេបន្តទៀតរហូតដល់រដូវក្ដៅឆ្នាំ២០២៥ ផងដែរ៕


ប្រភព៖ BBC


