
(បាល់ទាត់)៖ ក្លឹបអ្នកមានបុណ្យ FC Barcelona បានយល់ព្រមចុះកិច្ចព្រមព្រៀងនាំយកកីទ្បាករ Vitor Roque ពីក្លឹប Athletico Paranaense នៃក្របខណ្ឌលីគកំពូលប្រេស៊ីល (Campeonato Brasileiro Série A)។

កិច្ចសន្យារបស់ខ្សែប្រយុទ្ធវ័យ១៨ឆ្នាំរូបនេះ ដែលនឹងចាប់ផ្តើមនៅឆ្នាំ២០២៤ និងដំណើរជាមួយក្រុមរហូតដល់ឆ្នាំ២០៣១ ពោលគឹមានសុពលភាពរយៈពេល៧ឆ្នាំ រួមទាំងមានលក្ខខណ្ឌទិញផ្តាច់កុងត្រាក្នុងតម្លៃ៥០០លានអឺរ៉ូ។ Vitor Roque លេងបាន៦៦ប្រកួត ពីគ្រប់កម្មវិធី និងរកបាន២២គ្រាប់ សម្រាប់ក្លិប Athletico Paranaense និងបានក្លាយជាកីឡាករវ័យក្មេងបំផុតរបស់ប្រេស៊ីលនៅក្នុងខែមីនា។ Vitor Roque ក៏ជាកីទ្បាករស៊ុតបញ្ចូលទីច្រើនជាងគេនៅការប្រកួតជើងឯកអាម៉េរិកខាងត្បូងអាយុក្រោម២០ឆ្នាំ កាលពីដើមឆ្នាំនេះជាមួយនឹងគ្រាប់បាល់ចំនួន៦គ្រាប់ ខណៈដែលពេលនោះប្រេស៊ីលបានឈ្នះពានរង្វាន់នេះជាលើកទី១២ របស់ពួកគេ។
លើសពីនេះទៅទៀត Roque ក៏បានជួយឱ្យក្រុមរបស់ខ្លួនឈានឡើងដល់វគ្គផ្តាច់ព្រ័ត្រ នៃពានរង្វាន់ Copa Libertadores កាលពីរដូវកាលមុនផងដែរ។ យ៉ាងណា របាយការណ៍ពីអេស្ប៉ាញ បានប្រាប់ឱ្យដឹងថាម្ចាស់ជើងឯកលីគកំពូលអេស្ប៉ាញ (La Liga) នឹងចំណាយប្រាក់ប្រមាណជាង៣០លានអឺរ៉ូ រួមជាមួយនឹងប្រាក់បន្ថែមផ្សេងទៀត៣១លានអឺរ៉ូ (add-ons) សម្រាប់ខ្សែប្រយុទ្ធប្រេស៊ីលនេះ៕

ប្រភព៖ BBC


