
(បាល់ទាត់)៖ ក្រុមអ្នកមានបុណ្យ FC Barcelona កំពុងព្យាយាមទាក់ទងកីទ្បាករ លីអូណែល ម៉េស៊ី Lionel Messi ឱ្យវិលត្រលប់មកកាន់កីទ្បដ្ឋាន Camp Nou វិញ នារដូវកាលក្រោយ។ នេះបើយោងតាមលោក រ៉ាហ្វា យូស្តេ Rafa Yuste អះអាង...។

កីឡាករ Lionel Messi ដែលមានវ័យ៣៥ឆ្នាំ និងជាខ្សែប្រយុទ្ធដ៏មានឥទ្ធិពលរបស់ក្រុមជម្រើសជាតិអាហ្សង់ទីន បានសម្រេចចិត្តចាកចេញពីក្លឹប FC Barcelona កាលពីឆ្នាំ២០២១ ដោយសារបញ្ហារវិបត្តិហិរញ្ញវត្ថុរបស់ក្លឹប ខណៈដែល Messi គឺជាកីទ្បាករមានតម្លៃខ្លួនខ្ពស់កប់ពពក និងជាតារាស៊ុតបញ្ចូលទីច្រើនជាងគេឱ្យក្លឹបយក្សអេស្ប៉ាញមួយនេះ រហូតដល់ទៅ៦៧២គ្រាប់ សម្រាប់ការបង្ហាញខ្លួន៧៧៨ប្រកួតចាប់តាំងពីឆ្នាំ២០០៤មកនោះ..។ កាលពីឆ្នាំ២០២១ កន្លងទៅ កីឡាករ Lionel Messi ក៏បានយល់ព្រមលើកិច្ចសន្យាថ្មីជាមួយក្លឹប FC Barcelona ដើម្បីបន្តស្នាក់នៅឯកីទ្បដ្ឋាន Camp Nou ដោយយល់ព្រមលើការកាត់បន្ថយថ្លៃនឿយហត់របស់គេ ប៉ុន្តែកាលនោះ វាអាស្រ័យទៅលើក្រុមក្នុងការលក់កីទ្បាករស្របតាមច្បាប់ហិរញ្ញវត្ថុថ្មី។

យ៉ាងណា ក្រោយចាកចេញពីក្លឹប FC Barcelona នៅឆ្នាំ២០២១ ប្រធានក្រុមជម្រើសជាតិអាហ្សង់ទីន Lionel Messi និងជាម្ចាស់ពានរង្វាន់ Ballon D'or ៧សម័យ បានសម្រេចចិត្តចូលរួមជាមួយក្លឹបអ្នកមានបារាំង Paris Saint Germain ក្នុងលក្ខខណ្ឌគ្មានតម្លៃខ្លួនរយៈពេលពីរឆ្នាំ និងបានបង្ហាញខ្លួនឱ្យក្លឹបយក្សបារាំងមួយនេះចំនួន៦៦ប្រកួត និងស៊ុតបញ្ចូលទីបាន២៩គ្រាប់ឯណោះ។ កីទ្បាករ Lionel Messi ត្រូវបានគេជឿថា ទំនងជាអាចនឹងបន្តស្នាក់នៅឯកីទ្បដ្ឋាន Le Parc des Princes របស់ក្លឹប Paris Saint Germain ទៀត។

កាលពីម្សិលមិញ លោក រ៉ាហ្វា យូស្តេ Rafa Yuste ដែលជាអនុប្រធានក្លឹប FC Barcelona បាននិយាយពីការទំនាក់ទំនងជាមួយកីទ្បាករ Lionel Mess អំពីការវិលត្រលប់មកកាន់កីទ្បដ្ឋាន Camp Nou វិញ៖ «ពួកយើងបានទាក់ទងជាមួយនឹងក្រុមគ្រួសារ Lionel Messi ។ Lionel ដឹងថា ពួកយើងគោរពដល់គេប៉ុណ្ណា ហើយខ្ញុំ ចង់ឱ្យគេត្រលប់មកទីនេះវិញ។ កាលពី២ឆ្នាំមុន ខ្ញុំក៏ធ្លាប់ទាក់ទងក្នុងកិច្ចពីភាក្សាលើកិច្ចសន្យាជាមួយ Messi ផងដែរ។ ប៉ុន្តែខ្ញុំនៅចាំថា តើវាមានផលលំបាកប៉ុណ្ណាដែលអនុញ្ញាតឱ្យគេចាកចេញពីកីទ្បដ្ឋាន Camp Nou។ វា[..]ប្រាកដណាស់ថា Lionel Messi ស្រឡាញ់ក្លឹប Barca ដូច្នេះ ពួកយើងសង្ឃឹមថា នឹងស្វែងរកលក្ខខណ្ឌណាមួយដែលត្រឹមត្រូវ ដើម្បីបន្តប្រវត្តិសាស្ត្ររបស់គេនៅទីនេះ»។

គួរបញ្ជាក់ថា Lionel Messi ដែលទើបតែជួយឱ្យក្រុមអាហ្សង់ទីនគ្រងជើងឯក World Cup ឆ្នាំ២០២២ ជាលើកទី៣ កាលពីខែធ្នូកន្លងទៅ បានក្លាយជាកីទ្បាករស៊ុតបញ្ចូលទីច្រើនជាងគេ ឱ្យក្រុមជម្រើសជាតិរហូតដល់ទៅ១០២គ្រាប់ និងជាកីឡាកររកគ្រាប់បាល់ច្រើនជាងគេទី២ រហូតដល់ ទៅ៨០៣គ្រាប់ ខណៈដែលកីឡាករ Cristiano Ronaldo ជាអ្នករកគ្រាប់ច្រើនជាងបង្អស់ ក្នុងវិស័យបាល់ទាត់រហូតដល់ទៅ៨៣២គ្រាប់ឯណោះ៕




