
(បាល់ទាត់)៖ ក្លឹបអ្នកមានបុណ្យ FC Barcelona បានឈ្នះជើងឯក La Liga ជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៨-១៩ ទោះបីនៅសល់៤ប្រកួតទៀតក្នុងដៃក៏ដោយ។ យ៉ាងណា ក្រុមបាសេឡូណា បានយកឈ្នះក្រុម Espanyol នៅឯកីទ្បដ្ឋាន RCDE Stadium ក្នុងលទ្ធផល ២-៤ កាលពីយប់មិញ...។

កីទ្បាករ រ៉ូបឺត ឡេវ៉ាន់ដឹស្គី Robert Lewandowski បានស៊ុតបញ្ចូលទីពីរគ្រាប់ម្នាក់ឯង និងជាគ្រាប់បាល់លើកទី២០ របស់ខ្លួននារដូវកាលនេះ ខណៈដែល២គ្រាប់ទៀតរបស់ក្រុម Barca រកបានដោយកីទ្បាករ Alejandro Balde និង Jules Kounde។ ដោយទ្បែក ក្រុម Espanyol ដែលជាគូរប្រជែងរបស់ក្រុម Barca ក៏រកបាន ២គ្រាប់ទៀតផងដែរ ដោយកីទ្បាករ Javier Puado និង Joselu ធ្វើបានម្នាក់មួយគ្រាប់។ លទ្ធផល ២-៤ នេះ ធ្វើឱ្យក្រុម FC Barcelona ក្រោមការដឹកនាំរបស់លោក Xavi ដែលជាអតីតកីទ្បាករឆ្នើមរបស់ក្រុម បាននាំមុខលើគូរប្រជែងធំក្នុងលីគអេស្ប៉ាញ គឺក្រុម Real Madrid រហូតដល់១៤ពិន្ទុឯណោះ ដោយមាន៨៥ពិន្ទុ និងសល់៤ប្រកួតទៀតក្នុងដៃ។

គួរជម្រាបថា វាជាពានរង្វាន់ La Liga លើកដំបូងរបស់ពួកគេ (Barca) ចាប់តាំងពីតារាឆ្នើមរបស់ក្លឹបយក្សអេស្ប៉ាញ់ Lionel Messi ដែលខ្សែប្រយុទ្ធដ៏មានឥទ្ធិពល និងជាប្រធានក្រុមអាហ្សង់ទីន បានចាកចេញពីកីទ្បាដ្ឋាន Camp Nou កាលពីខែសីហា ឆ្នាំ២០២១ ដើម្បីចូលរួមជាមួយក្លឹបអ្នកមានបារាំង Paris Saint Germain។ ហើយវាក៏ជាលើកដំបូងចាប់តាំងពីលោក Xavi ត្រូវបានតែងតាំងជាអ្នកចាត់ការទូទៅរបស់ក្លឹប Barca កាលពីខែវិច្ឆិកា ឆ្នាំ២០២១ផងដែរ៕


ប្រភព៖ BBC


