PSG នាំយកកីទ្បាករកូរ៉េខាងត្បូងម្នាក់ពី Mallorca ក្នុងតម្លៃ២២លានអឺរ៉ូ
Serichopon Ye
•
10 កក្កដា 2023 08:00 PM

(បាល់ទាត់)៖ ក្លឹបអ្នកមានបារាំង Paris Saint Germain បាននាំយកខ្សែបម្រើប្រយុទ្ធ Lee Kang-in ពីក្លឹប Real Mallorca ក្នុងតម្លៃផ្ទេរប្រមាណជាង២២លានអឺរ៉ូឯណោះ ដើម្បីមកជួយក្រុមនៅរដូចកាលថ្មីនេះ...។

Lee Kang-in ដែលមានវ័យ២២ឆ្នាំរូបនេះ បានក្លាយជាកីទ្បាករកូរ៉េខាងត្បូងទី១ និងជាកីទ្បាករចំណូលថ្មីទី៤ បន្ទាប់ពីក្លឹបយក្សបារាំងមួយនេះ នាំយកកីទ្បាករ Manuel Ugarte, Milan Skriniar និង Marco Asensio ដែលផ្ទេរមកកាន់ទឹកដី Parc De Prince អំទ្បុងពេលទីផ្សារដោះដូរកីទ្បាកររដូវក្ដៅនេះ។ យ៉ាងណា រយៈពេល២ឆ្នាំចុងក្រោយរបស់កីទ្បាករ Lee Kang-in នៅក្នុងក្លឹប Real Mallorca បានបង្ហាញខ្លួនចំនួន៦៦ប្រកួត និងអាចរកបាន៧គ្រាប់ បន្ទាប់ពីចាកចេញពីក្លឹប Valencia កាលពីឆ្នាំ ២០២១។

នារដូវកាលថ្មីខាងមុខនេះក្រុម Paris St-Germain នឹងស្ថិតនៅក្រោមការដឹកនាំរបស់អតីតគ្រូ Barca និងក្រុមជម្រើសជាតិអេស្ប៉ាញ លោក Luis Enrique ដែលត្រូវបានក្លិបតែងតាំងជាគ្រូបង្វឹកជំនួសលោក Christophe Galtier ដែលត្រូវបានបណ្តេញចេញ កាលពីសប្តាហ៍មុន។ សូមបញ្ជាក់ថា ក្របខណ្ឌលីគកំពូលបារាំង Ligue 1 នឹងចាប់ផ្តើមពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ ខាងមុខ ខណៈដែលក្លឹប Paris Saint Germain ត្រូវបានប្រកួតឆាកដំបូងទល់នឹងក្លឹប Lorient នៅក្នុងទឹកដីរបស់ខ្លួន៕

ប្រភព៖ BBC

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត