
(បាល់ទាត់)៖ ក្រុមអ្នកមានបារាំង Paris Saint Germain បានធ្លាក់ចេញពីពានរង្វាន់លំដាប់ទីមួយរបស់ទ្វីបអឺរ៉ុប UEFA Champions League នៅវគ្គ១៦ក្រុមចុងក្រោយ បន្ទាប់ពីរងបរាជ័យក្រុម Bayern Munichទាំងពីរជើង៣-០...។

នៅក្នុងជំនួបរវាងក្រុមទាំងពីរសាច់បាល់នៃការគ្រប់គ្រងនៅលើទីលានគឺប្រហាក់ប្រហែលគ្នា ដោយមានការសម្រុកគ្នាទៅវិញទៅមក ប៉ុន្តែចូលមកដល់នាទី៦១ កីទ្បាករ Eric Maxim Choupo-Moting រកបានមួយគ្រាប់ដោយការបញ្ចូនបាល់ពីកីឡាករ Leon Goretzka និង១គ្រាប់ទៀតរកបានដោយកីទ្បាករ Serge Gnabry នៅនាទី៨៩ ពីការបញ្ចូនបាល់យ៉ាងល្អរបស់កីឡាករ João Cancelo។ លទ្ធផលនេះ បានរក្សារហូតដល់ចប់៩០នាទី ដោយមិនមានគ្រាប់បាល់កើតទ្បើងបន្តទៀតឡើយ។

លទ្ធផល ២-០នេះ ធ្វើឱ្យក្រុម Bayern Munich បានទ្បើងទៅវគ្គ៨ក្រុមចុងក្រោយ នៃពានរង្វាន់លំដាប់ទីមួយរបស់ទ្វីបអឺរ៉ុប UEFA Champions League ខណៈក្លឹបយក្សអាល្លឺម៉ង់មួយនេះធ្លាប់បានគ្រងជើងឯកពានរង្វាន់ UCL ចំនួន៦លើករួចមកហើយ។
ទន្ទឹងនឹងនោះដែរ ក្រុម AC Milan ក៏បានឈានទៅវគ្គ៨ក្រុមចុងក្រោយដែរ បន្ទាប់ពីយកឈ្នះក្រុម Spurs ក្នុងលទ្ធផលសរុបទាំងពីរជើង ១-0 កាលពីយប់មិញ។ គួរបញ្ជាក់ថា បច្ចុប្បន្ន រកឃើញក្រុមមួយចំនួនដែលបានឈានទៅវគ្គ ៨ក្រុមចុងក្រោយបណ្តើរៗហើយ ដែលរួមមាន៖ ក្រុមChelsea, Benfica, Bayern Munich និង AC Milan....៕




