ខ្សែការពារកណ្តាលរបស់ក្រុម PSG កីឡាករ Presnel Kimpembe អាចនឹងសម្រាករយៈពេលយូ ក្រោយចូលវះកាត់របួសដាច់សរសៃកែងជើង
Serichopon Ye
•
27 កុម្ភៈ 2023 02:17 PM

(បាល់ទាត់)៖ ក្រុមអ្នកមានបារាំង Paris Saint Germain នឹងបាត់បង់ខ្សែការពារកណ្តាលសញ្ជាតិបារាំង Presnel Kimpembe ដែលនឹងត្រូវចូលបន្ទប់វះកាត់ បន្ទាប់ពីរងរបួសដាច់សរសៃកែងជើងខាងស្តាំ អំទ្បុងពេលការប្រកួតជាមួយក្រុម Marseille នៅឯកីទ្បដ្ឋាន Orange Vélodrome កាលពីចុងសប្តាហ៍កន្លងទៅ...។

ខ្សែការពារ Presnel Kimpembe ដែលខកខានចូលរួមការប្រកួត World Cup នៅប្រទេសកាតា ដោយសាររបួសសរសៃពួរផងដែរនោះ ត្រូវបានផ្លាស់ប្ដូរចេញភ្លាមៗ បន្ទាប់ពីលេងបាន១៦នាទីនៃតង់ទីមួយឱ្យក្រុម PSG។ ជាមួយគ្នានោះ គ្រូបង្វឹក PSG បានដាក់កីឡាករ Danilo Pereira ជំនួស Presnel Kimpembe វិញ ខណៈដែលក្រុម PSG យកឈ្នះលើក្រុម Marseille ៣-0 ផងដែរ។ យ៉ាងណា របួសរបស់កីឡាករ Kimpembe អាចនឹងត្រូវសម្រាករយៈពេលយូ ព្រោះគ្រូពេទ្យបញ្ជាក់ថា សរសៃពួរដែលរងផលប៉ះពាល់នេះ វាមានលក្ខណៈធ្ងន់ធ្ងរដែលតម្រូវឱ្យមានការវះកាត់។

គួរបញ្ជាក់ថា ដ្បិតថា ខ្សែការពារមុតមាំរបស់ក្រុម PSG កីឡាករ Presnel Kimpembe មានបញ្ហារបួសពិតមែន ប៉ុន្តែក្រុម PSG នៅតែបង្ហាញភាពខ្លាំងដោយការបំបាកក្រុម Marseille រហូតដល់ទៅ៣-០ និងមានកំផែងការពាររឹងមាំ ដោយមិនឱ្យកីឡាករខ្សែប្រយុទ្ធក្រុម Marseille បំប៉ោងសំណាញ់ទីបានឡើយ។ ជាមួយគ្នានោះ ក្រុមអ្នកមានបារាំង Paris Saint Germain បានរក្សាគម្លាតពីក្រុមលេខពីរ Marseille រហូតដល់ទៅ៨ពិន្ទុ ដោយមាន៦០ពិន្ទុក្នុងដៃ ខណៈក្រុមខ្លាំងមួយនេះ ក៏នឹងត្រូវជួបជាមួយក្រុម Nantes នៅថ្ងៃសៅរ៍ ខាងមុខនេះផងដែរ...៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត