១ ប្រកួតទៀតប៉ុណ្ណោះនឹងកំណត់ជោគវាសនារបស់លោក Christophe Galtier នៅ PSG
Serichopon Ye
•
04 មេសា 2023 04:15 PM

(បាល់ទាត់) សេចក្ដីរាយការណ៍ពី Le Parisien បានអះអាងថា លោក Christophe Galtier នឹងមិនបន្តធ្វើជាគ្រូបង្វឹករបស់ក្លឹបអ្នកមានបារាំង Paris Saint Germain នារដូវកាល ២០២៣/២០២៤ ខាងមុខនេះទ្បើយ។ ខណៈដែលការប្រកួត Ligue 1 សប្តាហ៍ទី៣០ រវាងក្លឹប​ Paris Saint Germain និង Nice នាថ្ងៃទី០៩ ខែមេសា ឆ្នាំ ២០២៣ នឹងកំណត់អនាគតរបស់លោក Christophe Galtier។

សម្រាប់ការប្រកួត Ligue 1 ខាងមុខ ប្រសិនក្លឹប Paris Saint Germain បន្តចាញ់ទៀត បុរសសញ្ជាតិបារាំងវ័យ ៥១ ឆ្នាំនេះអាចនឹងបណ្តេញចេញពីតួនាទីក្នុងនាមជាគ្រូបង្វឹក ដោយប្រធានក្លឹបលោក Nasser Al-Khelaifi ។ 

ប្រភពដដែលបានបន្តទៀតថា ក្រោយពីក្លឹប Paris Saint Germain ទទួលរងបរាជ័យក្រោមថ្វីជើងក្លឹប Lyon ១-០ ក្នុងការប្រកួតសប្តាហ៍ ២៩ កាលពីថ្ងៃទី០៣ ខែមេសា ម្ចាស់ភាគហ៊ុនរបស់ក្លឹប​ PSG បានជួបគ្នាជាមួយនឹងទីប្រឹក្សាកីទ្បាលោក Luis Campos ដើម្បីស្នើសុំដកលោក Galtier ចេញពីតំណែង។ ប៉ុន្តែលោក Campos បានព្យាយាមបដិសេធលើរឿងនេះ ហើយបង្ហាញនូវការគាំទ្រចំពោះលោក Galtier ទៀតផង។

លោក Luis Campos គឺជាអ្នកណែនាំឱ្យថ្នាក់ដឹកនាំ PSG ចុះហត្ថលេខាលើលោក Galtier កាលពីឆ្នាំ ២០២២ ដើម្បីមកដឹកនាំក្លឹបយក្សបារាំងនេះ។ ប៉ុន្តែជំនឿទុកចិត្តលើលោក Galtier ហាក់ធ្លាក់ចុះចាប់តាំងពីក្រុមធ្លាក់ចេញពីក្របខណ្ឌ UEFA Champions League នៅវគ្គ ១៦ក្រុមក្រោយ បន្ទាប់ពីចាញ់ក្លឹប Bayern Munich ក្នុងលទ្ធផលសរុបទាំងពីរជើង ៣-0 ឯណោះ។ 

គួរបញ្ជាក់ថា ៣ ប្រកួតចុងក្រោយរបស់ក្លឹបអ្នកមានបារាំង Paris Saint Germain នៅក្នុងក្របខណ្ឌ Ligue 1 ចាញ់ ២ និងឈ្នះ ១ប្រកួតប៉ុណ្ណោះ ដោយកំពុងកាន់កាប់កំពូលតារាងពិន្ទុជាបណ្នោះអាសន្ន និងមាន ៦៦ពិន្ទុក្នុងដៃ ដោយនាំមុខក្រុម Lens ដែលស្ថិតក្នុងចំណាត់ថ្នាក់លេខ ២ ត្រឹម ៦ ពិន្ទុប៉ុណ្ណោះ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត