
(បាល់ទាត់)៖ អតីតខ្សែបម្រើក្រុមជម្រើសជាតិអង់គ្លេស និងក្រុមហង្សក្រហម Liverpool លោក ស្ទេវិន ជើរ៉ាត Steven Gerrard ត្រូវបានតែងតាំងជាគ្រូបង្គោលរបស់ក្រុមអាល់-អ៊ីទីហ្វាក Al-Ettifaq នៃក្របខណ្ឌលីគកំពូលរបស់អារ៉ាប៊ីសាអូឌីតជាផ្លូវការ។

បុរសសញ្ជាតិអង់គ្លេសវ័យ៤៣ឆ្នាំរូបនេះ ក៏ធ្លាប់ច្រានចោលនូវសំណើក្នុងការមកដឹកនាំក្រុម Al-Ettifaq កាលពីខែមុនផងដែរ។ លោក ស្ទេវិន ជើរ៉ាត លែងមានការងារធ្វើចាប់តាំងពីក្រុម Aston Villa បណ្តេាញចេញពីតំណែងជាអ្នកចាត់ការទូទៅកាលពីខែតុលា ឆ្នាំ២០២២ មកម្ល៉េះ។ ដោយទ្បែក ចំពោះការចូលមកដឹកនាំក្រុមអាល់-អ៊ីទីហ្វាក លោក ស្ទេវិន ជើរ៉ាត់ បានចុះកិច្ចសន្យារយៈពេល២ឆ្នាំ ពោលគឺមានសុពលភាពរហូតដល់ឆ្នាំ២០២៥ ឯណោះ។ ក្រុមអាល់-អ៊ីទីហ្វាក ឈរនៅលេខរៀងទី៧ ក្នុងក្របខណ្ឌលីគកំពូលអារ៉ាប៊ីសាអូឌីត Saudi Pro League ដែលមាន១៦ក្លឹបកាលពីរដូវកាល ២០២២-២៣ ខណៈដែលក្រុម អាល់-អ៊ីដទីហាត ជាម្ចាស់ជើងឯកពានរង្វាន់ខាងលើនេះ។

សូមបញ្ជាក់ថា គិតមកត្រឹមពេលនេះចាប់តាំងពីប្រធានក្រុមព័រទុយហ្គាល់ គ្រីស្ទីណូ រ៉ូណាល់ដូ បានចូលរួមជាមួយនឹងក្រុម អាល់-ណាស័រ កាលពីដើមឆ្នាំ២០២២ ឥឡូវនេះក្របខណ្ឌលីគកំពូលអារ៉ាប៊ីសាអូឌីត បាននាំយកកីទ្បាករល្បីៗមួយចំនួនបន្ថែមទៀត ដែលមកពីតំបន់អឺរ៉ុបរួមមាន៖ កីទ្បាករ ការីម បេនហ្សេម៉ា, រ៉ូបេន នេវេស, អិន-ហ្គោឡូ គាន់តេ, គូលីបាលី, អេដដោត ម៉េនឌី និង ម៉ាស៊ែឡូ ប្រូហ្សូវីក ដើម្បីផ្សព្វផ្សាយពីបាល់ទាត់នៅក្នុងក្របខណ្ឌរបស់ខ្លួនឱ្យពិភពលោក កាន់តែស្គាល់ច្បាស់បន្ថែមទៀត៕
សូមទស្សនាវីដេអូព័ត៌មាន៖


ប្រភព៖ BBC


