៣គ្រាប់របស់ Fullham បានបញ្ចប់តួនាទី Steven Gerrard ជាគ្រូបង្វឹកនៅ Aston Villa ភ្លាមៗកាលពីយប់មិញ..!
Serichopon Ye
21 តុលា 2022 06:00 AM

ក្លឹប Aston Villa បានបញ្ចប់តួនាទីអតីតវីរបុរសហង្សក្រហម Liverpool លោក Steven Gerrard ចេញពីតំណែងគ្រូបង្វឹកភ្លាមៗ ក្រោយរងបរាជ័យក្រោមថ្វីជើងក្រុម Fullham ក្នុងលទ្ធផល៣-០ នៅឯកីទ្បដ្ឋាន Craven Cottage កាលពីយប់ថ្ងៃទី២០ ខែតុលាម្សិលមិញ។ លទ្ធផលនេះ បានធ្វើឱ្យក្រុម Aston Villa ចាញ់ជាលើកទី៦ ក្នុងចំណោមការប្រកួតទាំង១១ នៅក្របខណ្ឌ English Premier League ។

លោក Steven Gerrard បានមកដឹកនាំក្លឹប Aston Villa កាលពីខែវិច្ឆិកា ឆ្នាំ២០២១ បន្ទាប់លាលែងតំណែងពីក្លឹប Ranger ជំនួសលោក Dean Smith។ ក្រោមការដឹកនាំរបស់លោក Steven Gerrard កាលពីរដូវកាលមុន គឺឈ្នះតែ១៣ប្រកួតប៉ុណ្ណោះ ក្នុងចំណោម៤០ប្រកួត ចាប់តាំងពីខែវិច្ឆិកា។ ដូច្នេះ អាចនិយាយបានថា អតីតកីឡាករខ្សែបម្រើជួរមុខរបស់ក្លឹប ហង្សក្រហមរូបនេះ មិនទាន់ជោគជ័យលើអាជីពជាគ្រូបង្វឹករបស់ខ្លួន ដូចអំឡុងពេលធ្វើជាកីឡាករនោះឡើយ។

លោក Mauricio Pochettino 
លោក Mauricio Pochettino 

ទោះយ៉ាងណា ក្រោយក្លឹប Aston Villa បញ្ចប់តួនាទីលោក Steven Gerrard មានការព្យាករណ៍ថា លោក Mauricio Pochettino ដែលជាអតីតគ្រូបង្វឹកTottenham Hotspur និង Paris Saint Germain ទំនងជាបេក្ខភាពគ្រូបង្វឹកថ្មីរបស់ក្រុម Aston Villa នាពេលឆាប់ៗខាងមុខនេះ ស្របពេលដែលគ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនរូបនេះ ក៏នៅទំនេរស្រាប់។

គួរបញ្ជាក់ផងដែរថា លោក Steven Gerrard ជាអតីតវីរបុរសរបស់ក្លឹបហង្សក្រហម Liverpool ចន្លោះពីឆ្នាំ ១៩៩៨ ដល់ឆ្នាំ២០១៥ ដោយលោកធ្លាប់បានបង្ហាញខ្លួនចំនួន៥៤០ប្រកួត និងស៊ុតបញ្ចូលទីបាន១២០គ្រាប់ ខណៈអតីតខ្សែបម្រើសញ្ជាតិអង់គ្លេសរូបនេះ ធ្លាប់ជួយឱ្យក្លឹប Liverpool ឈ្នះពានរង្វាន់ UEFA Champions League កាលពីឆ្នាំ២០០៥ ផងដែរ៕

លោក Steven Gerrard ជាមួយនឹងពានរង្វាន់ UEFA Champions League កាលពីឆ្នាំ ២០០៥ 
លោក Steven Gerrard ជាមួយនឹងពានរង្វាន់ UEFA Champions League កាលពីឆ្នាំ ២០០៥ 
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត