គ្រាប់ពេជ្រថ្មីរបស់ក្លឹបព្រះខ័នរាជស្វាយរៀង ប៊ុនផាច័ន្ទ ប៊ុនគង់ ជាកីទ្បាករល្អជាងគេប្រចាំលីគកំពូលទ្បាវ
Serichopon Ye
03 កក្កដា 2023 08:15 AM

(បាល់ទាត់)៖ បន្ទាប់ពីជួយឱ្យក្រុមបាល់ទាត់ Young Elephants FC គ្រងជើងឯក Lao Premier League រដូវកាល ២០២២-២៣ ជាលើកទី២ អនាគតខ្សែបម្រើប្រយុទ្ធរបស់ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង កីទ្បាករ ប៊ុនផាចន្ទ ប៊ុនគង់ ក៏បានឈ្នះពានរង្វាន់កីទ្បាករល្អជាងគេ ប្រចាំលីគកំពូលទ្បាវ។

គ្រាប់ពេជ្រដ៏មានតម្លៃរបស់ទ្បាវ កីទ្បាករ ប៊ុនផាច័ន្ទ ប៊ុនគង់ ដែលមានវ័យ២២ឆ្នាំរូបនេះ នឹងចាកចេញពីក្លឹប Young Elephants FC ដើម្បីផ្ទេរទៅកាន់ក្លឹបព្រះខ័នរាជស្វាយរៀង នៃក្របខណ្ឌលីគកំពូលកម្ពុជា​ Cambodia Premier League នារដូវកាល ២០២៣-២៤ បន្ទាប់ពីចំណាយពេលលេងឱ្យក្រុមអស់ចំនួន៦រដូវកាល។ យ៉ាងណា មុនពេលចូលរួមជាមួយនឹងក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង កីទ្បាករ ប៊ុនផាច័ន្ទ ប៊ុនគង់ ធ្លាប់មានបទពិសោធលេងឱ្យក្រុម Savan United ពីឆ្នាំ២០១៥ ដល់២០១៦ និងក្រុម Tip Savan ឆ្នាំ២០១៦ បន្ទាប់មកផ្ទេរមកកាន់ក្រុម Young Elephants FC ចន្លោះពីឆ្នាំ២០១៨​ ដល់​២០២៣ ដោយបង្ហាញខ្លួនចំនួន ៥៨ប្រកួតគ្រប់កម្មវិធី និងរកបាន៤០គ្រាប់ឯណោះ។

សម្រាប់ការប្រកួតបាល់ទាត់ នៃលីគកំពូលកម្ពុជា Cambodia Premier League នឹងចាប់ផ្តើមលេងចន្លោះពីថ្ងៃទី០៥ ខែសីហា ឆ្នាំ ២០២៣ ដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ ខណៈដែលការប្រកួតបើកឆាកដំបូងរបស់ក្លិបព្រះខ័នរាជស្វាយរៀង ត្រូវប៉ះគ្នាជាមួយនឹងក្លិបកងយុទ្ធពលខេមរភូមិន្ទ នៅឯកីទ្បដ្ឋានស្តាតចាស់ ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៣ ខាងមុខនេះ។ 

សូមបញ្ជាក់ថា ក្របខណ្ឌលីគកំពូលកម្ពុជា Cambodia Premier League សម្រាប់ក្លិបនីមួយៗអាចដាក់កីទ្បាករបរទេសចំនួន៥នាក់ ក្នុងនោះម្នាក់ជាសមាជិកអាស៊ី AFC និងម្នាក់ទៀតជាសមាជិកអាស៊ាន AFF នៅលើទីលានផងដែរ៕

សូមទស្សនាវីដេអូរខាងក្រោម៖ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត