
(បាល់ទាត់)៖ សំណើទឹកប្រាក់ប្រមាណជាង ៩០ លានផោនរបស់ក្លិប Manchester City ក្នុងការនាំយកខ្សែបម្រើអង់គ្លេស Declan Rice ត្រូវបានក្លិប West Ham United ច្រានចោលភ្លាមៗតែម្ដង ខណៈដែលក្រុមមានមូលដ្ឋាននៅភាគខាងកើតទីក្រុងឡុងដ៍មួយនេះចង់បានយ៉ាងហោចណាស់ក៏ ១០០ លានផោនដែរ។

ចំណែកឯក្លិប Arsenal ត្រូវបានគេរំពឹងថានឹងធ្វើការដេញតម្លៃជាលើកទី ៣ សម្រាប់ប្រធានក្រុម West Ham United ខ្សែបម្រើអង់គ្លេស Declan Rice បន្តទៀត។ យ៉ាងណា កាលពីសំណើទី ២ កន្លងទៅរបស់ក្លិប Arsenal ដឹកនាំដោយលោក Mikel Arteta បានផ្ដល់ជូនឱ្យក្លិប West Ham United ក្នុងតម្លៃ ៧៥លានផោន រួមទាំងប្រាក់បន្ថែម ១៥លានផោន (Add-ons) តែត្រូវក្រុមដឹកនាំដោយលោក David Moyes ច្រានចោលតែម្ដង កាលពីសប្តាហ៍មុន។

កិច្ចសន្យារបស់ប្រធានក្រុម West Ham United ខ្សែបម្រើអង់គ្លេស Declan Rice នៅមិនយូរទៀតទេ ពោលគឺអស់សុពលភាពក្នុងឆ្នាំ ២០២៤ ខាងមុខនេះហើយ ប៉ុន្តែក្រុមមានមូលដ្ឋាននៅភាគខាងកើតទីក្រុងឡុងដ៍មួយនេះក៏មានជម្រើសផ្ដល់ជូនកិច្ចសន្យា ១ ឆ្នាំបន្ថែមទៀតផងដែរ គឺរហូតដល់ឆ្នាំ ២០២៥ ឯណោះ។ ទោះយ៉ាងណាក៏ដោយ បន្ទាប់ពី Declan Rice ជួយឱ្យក្រុមឈ្នះជើងឯក Europa Conference League ក្រោយឈ្នះក្រុម Fiorentina កាលពីថ្ងៃទី០៨ ខែមិថុនា កន្លងទៅ ប្រធានក្លិប លោក David Sullivan បាននិយាយថា៖ «៩៩% ច្បាស់ណាស់ដែល Rice អាចនឹងចាកចេញពីកីទ្បដ្ឋាន London នារដូវក្ដៅនេះ»៕




