Man City គ្រោងចាយលុយកប់ពពកនាំយកកីឡាករ Gvardiol និង Rice មកកីឡដ្ឋាន Etihad
Serichopon Ye
27 មិថុនា 2023 09:15 AM

(បាល់ទាត់)៖ ក្រុមមេឃខៀវ​ Manchester City កំពុងស្វែករកខ្សែការពារដ៏មានគុណភាពបន្ថែមទៀត ខណៈដែលក្រុមដឹកនាំដោយលោក Pep Guardiola សម្លឹងមើលកីទ្បាករ Josko Gvardiol របស់ក្រុម RB Leipzig ដែលក្លិបអាល្លឺម៉ង់មួយនេះបានកំណត់តម្លៃរហូតដល់ ១០០ លានអឺរ៉ូ ឬស្មើនឹង ៨៥,៧៧ លានផោនឯណោះ។

លោក Pep Guardiola ជាគ្រូបង្វឹករបស់ក្រុម City បានសរសេរកីទ្បាកសញ្ជាតិក្រូអាតវ័យ ២១ ឆ្នាំរូបនេះមិនដាច់ពីមាត់សោះ បន្ទាប់ពីបានបង្ហាញខ្លួនគ្រប់នាទីនៅក្នុងក្រុមជម្រើសជាតិបានយ៉ាងល្អពោលគឺ ៧ប្រកួត អំទ្បុងពេលព្រឹត្តិការណ៍ World Cup កាលពីឆ្នាំមុន។ កាលពីរដូវកាលមុន Josko Gvardiol បានបង្ហាញខ្លួនឱ្យក្រុម RB Leipzig ចំនួន ៤១ប្រកួត ហើយរកបាន ១គ្រាប់ទៀត ពេលលេងទល់ជាមួយនឹងក្រុម Manchester City ក្នុងជើងទី១ វគ្គ ១៦ក្រុមចុងក្រោយ នៃក្របខណ្ឌ UEFA Champions League ខណៈដែលក្រុម City បានយកឈ្នះទាំងពីរជើងរហូតដល់ ៨-១ ឯណោះ។ 

Josko Gvardiol លេងឱ្យក្រុមជម្រើសជាតិក្រូអាត ២១ប្រកួត និងជួយឱ្យក្រុមទទួលបានចំណាត់ថ្នាក់លេខ ៣ នៅ World Cup ឆ្នាំ ២០២២ ផងដែរ បន្ទាប់ពីយកឈ្នះលើក្រុមជម្រើសជាតិម៉ារ៉ុក។ Josko Gvardiol ក៏អាចលេងជំនួសកីទ្បាករ Aymeric Laporte នៅក្នុងតំបន់ការពារកណ្តាលរបស់ក្រុម Manchester City ផងដែរ សម្រាប់រដូវកាលក្រោយ។

ទន្ទឹងនោះដែរ  Manchester City គឺជាក្រុមទី ២ បន្ទាប់ពីក្លិប Arsenal កំពុងសម្លឹងមើលលើប្រធានក្រុម West Ham United គឺកីទ្បាករអង់គ្លេស Declan Rice ដែលក្លិបយក្សអង់គ្លេសនេះហ៊ានឱ្យតម្លៃប្រមាណជាង ៨០ លានផោន រួមទាំងប្រាក់បន្ថែមទៀតរហូតដល់ ១០ លានផោន ខណៈដែល Arsenal ហ៊ានឱ្យតម្លៃរហូតដល់ ៧៥ លានផោន រួមទាំងប្រាក់បន្ថែមទៀត ១៥ លានផោន ប៉ុន្តែត្រូវក្រុមញញួរធំបដិសេធសំណើ កាលពីសប្តាហ៍មុន៕ 

ប្រភព៖ BBC

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត