Pep Guardiola ដាក់គោលដៅធំតាមប្រមាញ់ខ្សែការពាររបស់ក្លឹបកាំភ្លើងធំ Arsenal
Serichopon Ye
29 ធ្នូ 2022 11:00 AM

(បាល់ទាត់)៖ ខ្សែការពារ Ben White របស់ក្លឹបកាំភ្លើងធំ Arsenal បានក្លាយជាគោលដៅធំរបស់គ្រូបង្វឹក Pep Guardiola តាមប្រមាញ់នាំមកកាន់កីទ្បដ្ឋាន Etihad Stadium របស់ក្លឹបមេឃខៀវ Manchester City នៅពេលទីផ្សារដោះដូរកីទ្បាករបើកនាថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣ ខាងមុខនេះ...។ 

ខ្សែការពារ Ben White ក្លឹបកាំភ្លើងធំ​ Arsenal ជាមហាកំពែងការពារដ៏រឹងមាំ និងដើរតួនាទីយ៉ាងសំខាន់ក្នុងការបិទកីទ្បាករគូប្រជែងមិនឱ្យទាត់បាល់បញ្ចូលទីបានដោយងាយស្រួលទ្បើយ..។ ជាក់ស្តែង ក្លឹបយក្សអង់គ្លេសមួយនេះ កំពុងឈរនៅលើកំពូលតារាងក្របខណ្ឌ English Premier League ដែលមាន៤០ពិន្ទុក្នុងដៃ សម្រាប់ការប្រកួតសប្តាហ៍ទី១៥ រដូវកាល ២០២២-២០២៣ ក្រោមការដឹកនាំរបស់លោក Mikel Arteta..។ 

សេចក្តីរាយការណ៍ពីកាសែត Calciomercato បានឱ្យដឹងថា ខ្សែការពារសញ្ជាតិអង់គ្លេសវ័យ២៥ឆ្នាំរូបនេះ បានក្លាយគោលដៅធំរបស់លោក Pep Guardiola ដើម្បីតាមប្រមាញ់នាំមកកាន់កីទ្បដ្ឋាន Etihad Stadium រួមទាំងខ្សែការពារសញ្ជាតិក្រូអាត Josko Gvardiol ពីក្លឹប RB Leipzig ផងដែរ..។ មែនទែនទៅ ក្លឹបមេឃខៀវ Manchester City សម្បូរទៅដោយខ្សែការពារល្អៗច្រើន និងមានទេពកោសល្យខ្លាំងណាស់ ក្នុងរួមមាន៖ កីទ្បាករ Nathan Ake, Ruben Dias, Aymeric Laporte និង Manuel Akanji។ ប៉ុន្តែលោក Pep បានសម្លឹងមើលឃើញថា Ben White និង Josko Gvardiol គឺជាខ្សែការពារដែលមានភាពបត់បែនរហ័សឆ្លាតវៃ ដើម្បីការពារមិនឱ្យរបូតគ្រាប់បាល់ច្រើន។

ទោះយ៉ាងណា អំទ្បុងពេលព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup ឆ្នាំ​២០២២ នៅក្នុងប្រទេសកាតា ខ្សែការពារ Ben White បានដកខ្លួនចេញពីជំរំហ្វឹតរបស់ក្រុមជម្រើសជាតិអង់គ្លេស ដើម្បីត្រលប់ទៅផ្ទះវិញ បន្ទាប់ពីមានសេចក្តីរាយការណ៍ថា កីទ្បាករវ័យ២៥ឆ្នាំរូបនេះ មានការប៉ះទង្គិចពាក្យសម្តីជាមួយលោក Steve Holland ដែលជាជំនួយការផ្ទាស់របស់គ្រូបង្វឹកលោក Gareth Southgate..៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត