កូរ៉េខាងជើង​ធ្វើ​បាតុកម្ម​បរិហារ​អាម៉េរិក និងចេញការព្រមានពី​សង្គ្រាម​នុយក្លេអ៊ែរ
N
Nary Vann
26 មិថុនា 2023 02:30 AM

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង បានរាយការណ៍នៅថ្ងៃចន្ទទី ២៦ ខែមិថុនាថា ប្រទេសកូរ៉េខាងជើងបានរៀបចំការប្រមូលផ្តុំគ្នាទ្រង់ទ្រាយធំនៅទីក្រុងព្យុងយ៉ាង ខណៈប្រជាជនបានស្រែកពាក្យស្លោកដែលប្តេជ្ញាថា «សង្គ្រាមសងសឹក» ដើម្បីបំផ្លាញសហរដ្ឋអាម៉េរិក ក្នុងអំឡុងការប្រារព្ធខួបលើកទី៧៣នៃការផ្ទុះឡើងនៃសង្គ្រាមកូរ៉េ។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បានរាយការណ៍ថា បុគ្គលិក និងនិស្សិតប្រហែល ១២០ ០០០នាក់ បានចូលរួមក្នុងការប្រមូលផ្តុំដែលធ្វើឡើងនៅទូទាំងរាជធានីកាលពីថ្ងៃអាទិត្យ។​ រូបថតដែលចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋបង្ហាញកីឡដ្ឋានមួយដែលប្រមូលផ្តុំដោយមនុស្សកាន់បដាដែលសរសេរថា «ទឹកដីអាម៉េរិកទាំងមូលស្ថិតនៅក្នុងកន្លែងបាញ់ប្រហាររបស់យើង» និង «ចក្រពត្តិនិយមអាម៉េរិកជាអ្នកបំផ្លាញសន្តិភាព»។

ការប្រារព្ធពិធីរំឭកខួបកាលពីថ្ងៃអាទិត្យបានកើតមានឡើងចំពេលមានការព្រួយបារម្ភថា ក្រុងព្យុងយ៉ាងអាចនឹងបាញ់បង្ហោះផ្កាយរណបចារកម្មយោធាដំបូងរបស់ខ្លួន ក្នុងពេលឆាប់ៗនេះ ដើម្បីបង្កើនការត្រួតពិនិត្យសកម្មភាពយោធារបស់សហរដ្ឋអាម៉េរិក បន្ទាប់ពីការប៉ុនប៉ងលើកដំបូងរបស់ខ្លួនបានបញ្ចប់ដោយការបរាជ័យកាលពីថ្ងៃទី ៣១ ឧសភា។​ KCNA បានឱ្យដឹងថា នាពេលនេះកូរ៉េខាងជើងមានអាវុធដ៏ខ្លាំងក្លាបំផុត ដើម្បីដាក់ទណ្ឌកម្មពួកចក្រពត្តិនិយមអាម៉េរិក ហើយប្រជាជនកូរ៉េខាងជើងកំពុងឆេះឆួលដោយឆន្ទៈដ៏មោះមុត ដើម្បីសងសឹកសត្រូវ។

គួរបញ្ជាក់ថា ប្រទេសកូរ៉េខាងជើងបាននិងកំពុងសាកល្បងអាវុធជាច្រើនប្រភេទ រួមទាំងមីស៊ីលផ្លោងអន្តរទ្វីបដ៏ធំបំផុតរបស់ខ្លួន ដោយបង្កើនភាពតានតឹងជាមួយកូរ៉េខាងត្បូង និងសម្ព័ន្ធមិត្តសំខាន់របស់កូរ៉េខាងត្បូង ពោលគឺសហរដ្ឋអាម៉េរិក។ នៅក្នុងរបាយការណ៍របស់ក្រសួងការបរទេសដាច់ដោយឡែកមួយ កូរ៉េខាងជើងបានអះអាងថា សហរដ្ឋអាម៉េរិកកំពុងខំប្រឹងបញ្ឆេះសង្រ្គាមនុយក្លេអ៊ែរ ដោយចោទប្រកាន់ក្រុងវ៉ាស៊ីនតោនពីការបញ្ជូនអាវុធយុទ្ធសាស្ត្រទៅកាន់ប្រទេសនានាក្នុងតំបន់៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត