ក្រសួងសាធារណការប្រគល់ថវិកា២០ម៉ឺនដុល្លារ ដល់មន្ទីរពេទ្យរដ្ឋធំៗពីរ ដើម្បីជួយកុមារកម្ពុជា
អុន សម្ផស្ស
21 មិថុនា 2023 12:00 PM

រាជធានីពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ បានប្រគល់ថវិកាមូលនិធិសប្បុរសធម៌ដែលប្រមូលបានពីកម្មវិធី «ខួប៣ឆ្នាំស្លាកលេខពិសេសផ្ទាល់ខ្លួន » ចំនួន២០ម៉ឺនដុល្លារសហរដ្ឋអាម៉េរិក ដល់មន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារជាតិ...។

យោងតាម ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ថវិកាមូលនិធិសប្បុរសធម៌បរិច្ចាគនាពេលនេះ គឺប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផាចំនួន១០ម៉ឺនដុល្លារ និងមន្ទីរពេទ្យកុមារជាតិចំនួន១០ម៉ឺនដុល្លារ ដើម្បីរួមចំណែកក្នុងការពិនិត្យ និងការព្យាបាលជំងឺកុមារនៅកម្ពុជា។ ជាមួយគ្នានេះ លោកក៏បានបន្ថែមថា ការបរិច្ចាគថវិកានេះអាចធ្វើទៅបានដោយមានការឯកភាពពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលអនុញ្ញាតឱ្យគណៈកម្មការគ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្តពិសេស អាចយកថវិកាដែលបានមកពីការរៀបចំ «ខួប ៣ឆ្នាំស្លាក លេខពិសេសផ្ទាល់ខ្លួន » បានប្រព្រឹត្តទៅកាលពីថ្ងៃទី៧ ទី៨ ខែមីនា ឆ្នាំ២០២៣កន្លងទៅ មកបរិច្ចាគជូនមន្ទីរពេទ្យទាំងពីរនេះ។

ទន្ទឹមនឹងនោះ ឯកឧត្តម ក៏បានគូសបញ្ជាក់បន្ថែមថា គិតចាប់ពីការចាប់ផ្តើមលក់ស្លាកលេខឡានពិសេសផ្ទាល់ខ្លួននាថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ មកត្រឹមខែឧសភា ឆ្នាំ២០២៣ នេះ ក្រសួងលក់ស្លាកលេខឡានពិសេសផ្ទាល់ខ្លួនបានចំនួន ១៩ ០០០ស្លាក ហើយទទួលបានចំណូល ៣៣លានដុល្លារអាម៉េរិក។ ដោយឡែកលេខឡានពិសេស(រាជធានី-ខេត្ត) លក់បានចំនួន ២២៨ ០០០ស្លាក ទទួលបានចំណូល ៦២លានដុល្លារផងដែរ

គួររម្លឹកថា ចាប់តាំងពីដើមឆ្នាំ២០២០ កន្លងមកក្រសួងសាធារណការ និងដឹកជញ្ជូនបានបើកដំណើរការជាផ្លូវការនៃការលក់លេខចុះបញ្ជីពិសេសផ្ទាល់ខ្លួនសម្រាប់រថយន្តដែលមានលក្ខណៈពិសេសអាចកុម្ម៉ង់តាមការពេញចិត្ត ដើម្បីបំពេញតម្រូវការ និងផ្តល់ជម្រើសសម្បូរបែបជូនប្រជាពលរដ្ឋ ហើយស្លាកលេខប្រភេទនេះបង្ហាញពីអត្តសញ្ញាណកម្ពុជាលើឆាកអន្តរជាតិ និងអាចកៀរគរចំណូលបន្ថែមជូនរដ្ឋ ព្រមទាំងអាចអនុញ្ញាតឱ្យម្ចាស់រថយន្តរក្សាលេខនោះទុកសម្រាប់ចុះបញ្ជីលើរថយន្តថ្មីរបស់ខ្លួននា ពេលក្រោយៗទៀតបានផងដែរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត