គម្រោងលើកកម្រិតជួសជុល និងថែទាំផ្លូវជាតិលេខ២៣នៅខេត្តកណ្តាល គ្រោងចំណាយថវិកាជាង២១លានដុល្លារ
អុន សម្ផស្ស
20 មិថុនា 2023 05:00 AM

រាជធានីភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣នេះ បានប្រកាសបើកការដ្ឋានគម្រោងលើកកម្រិតជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ២៣ ក្នុងភូមិសាស្ត្រស្រុកកោះធំ ប្រវែង១៩,៨៣គីឡូ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ម៉ែត្រ គ្រោងចំណាយថវិកាសរុប ២១,៦៨ លានដុល្លារអាម៉េរិក ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូនប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងការតភ្ជាប់ប្រទាក់ក្រឡាគ្នាទៅដល់គ្រប់ទីកន្លែងនៅក្នុងប្រទេសកម្ពុជា។ 

ចំពោះគម្រោងលើកកម្រិតជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ២៣ នេះគឺក្រោមឥណទានសម្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) មានចំណុចចាប់ផ្តើមពីឃុំជ្រោយតាកែវ ឆ្លងកាត់ឃុំលើកដែកស្រុកកោះធំ (ចាប់ពីគល់ស្ពានកោះធំ) រហូតដល់ឃុំពាមរាំង ស្រុកលើកដែក(តភ្ជាប់ ជាមួយ ផ្លូវខេត្តលេខ១៤) នៃភូមិសាស្ត្រខេត្តកណ្តាល។ ដោយត្រូវស្ថាបនាពង្រីកទទឹងតួផ្លូវប្រវែង១១ម៉ែត្រ និងក្រាលកៅស៊ូAC កម្រាស់ ៨សង់ទីម៉ែត្រ លើទទឹងតួផ្លូវប្រវែង ១០ម៉ែត្រ មានគន្លងសម្រាប់រថយន្ត និងគន្លងសម្រាប់ទោចក្រយានធ្វើចរាចរណ៍ ២គន្លង ទៅ-មក។ គម្រោងនេះក៏នឹងស្ថាបនានូវស្ពានចំនួន ៤កន្លែង លូមូលកាត់ទទឹងផ្លូវចំនួន៣៣កន្លែង លូប្រអប់កាត់ទទឹងផ្លូវចំនួន១៧កន្លែង និងលូមូលអមសងខាងផ្លូវប្រវែង ១៥៥៨ម៉ែត្រ ព្រមទាំងការបំពាក់ស្លាកសញ្ញា គំនូសសញ្ញា បង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្ថិភាព ទៅតាមបទដ្ឋានបច្ចេកទេសផ្លូវថ្នល់ផងដែរ។

លើសពីនេះគម្រោងនេះ នឹងរួមបញ្ចូលនូវការស្ថាបនារង្វង់មូលមួយកន្លែងផងដែរ ស្ថិតនៅត្រង់ចំណុចផ្លូវប្រសព្វទិសចុះពីស្ពានកោះធំរវាងផ្លូវជាតិលេខ២១B និងផ្លូវជាតិលេខ២៣ ដើម្បីសម្រួល និងបញ្ចៀសទិសដៅចរាចរណ៍ទៅ-មក។ ត្រូវអនុវត្តការសាងសង់ដោយក្រុមហ៊ុន Heng Sambat Co., Ltd Import Export Transportation and Construction ប្រើប្រាស់រយៈ ពេលសាងសង់ចំនួន២៤ខែ និងរយៈពេលថែទាំចំនួន ៣៦ខែ ដោយប្រើប្រាស់ថវិកាដែលជាឥណទានសម្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី សម្រាប់ការសាងសង់ ការបោសសម្អាតគ្រាប់មីនយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗរួមជាមួយ នឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលសម្រាប់ការដោះស្រាយផលប៉ះពាល់ផងដែរ។

សូមជម្រាបថា កំណាត់ផ្លូវជាតិលេខ២៣នេះ គឺជាខ្សែផ្លូវដ៏មានសក្តានុពល និងមានភាពប្រទាក់ក្រឡាតភ្ជាប់ជាមួយផ្លូវជាតិលេខ២១B និងផ្លូវជាតិលេខ២១ ឆ្ពោះទៅកាន់ទិសដៅរាជធានីភ្នំពេញ ព្រំដែនកម្ពុជា-វៀតណាម(ជ្រៃធំ-ឡុងប៊ិញ) និងតភ្ជាប់ជាមួយផ្លូវជាតិលេខ១៤ ទិសដៅអ្នកលឿង ខេត្តព្រៃវែង និងព្រំដែនកម្ពុជា-វៀតណាម(ក្អមសំណ-វិញសឿង) ព្រមទាំងតភ្ជាប់ជាមួយបណ្តាញខ្សែផ្លូវផ្សេងៗដទៃទៀតនៅក្នុងតំបន់នេះផងដែរ៕

សូមទស្សនាវីដេអូព័ត៌មាន៖

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត