
ខេត្តព្រះសីហនុ៖ កម្លាំងនគរបាលខេត្តព្រះសីហនុបានឃាត់ខ្លួនយុវជនចំនួន២នាក់ ជាជនជាតិខ្មែរពាក់ព័ន្ធករណីឆក់ទូរសព្ទជនជាតិចិន១គ្រឿង បន្ទាប់ពីពួកគេបានធ្វើសកម្មភាពនាយប់រំលងអធ្រាត្រ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣នេះ។

ប្រភពពីស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឱ្យដឹងនាព្រឹកថ្ងៃដដែលថា កាលពីវេលាម៉ោង៣យប់រំលងអធ្រាត្រ មានប្រជាពលរដ្ឋប្តឹងរាយការណ៍មកថានៅចំណុចក្រោយភ្នំមាសចាស់ ស្ថិតក្នុងភូមិ២ សង្កាត់៤ ក្រុងព្រះសីហនុ មានជនសង្ស័យមិនស្គាល់អត្តសញ្ញាណចំនួន២នាក់ជិះម៉ូតូ១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅគ្មានស្លាកលេខ បានធ្វើសកម្មភាពឆក់ទូរសព្ទ១គ្រឿងម៉ាក Iphone 12 ProMax ពណ៌ទឹកប៊ិច របស់ជនរងគ្រោះជនជាតិចិនរួចនាំគ្នាជិះម៉ូតូរត់គេចខ្លួនបាត់។
សមត្ថកិច្ចបានបន្តទៀតថា ក្រោយទទួលបានព័ត៌មានភ្លាមៗ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានធ្វើការស្រាវជ្រាវតាមជំនាញរហូតឃាត់ខ្លួនបានជនសង្ស័យបានទាំងពីរនាក់ និងវត្តុតាងមួយចំនួនរួមមាន៖ ទូរសព្ទចំនួន ០៣គ្រឿង, ម៉ូតូ១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ (មធ្យោបាយធ្វើសកម្មភាព)។ គួរបញ្ជាក់ដែរថា បច្ចុប្បន្នការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងបន្តនីតិវិធីបញ្ជូនជនសង្ស័យទាំងពីរទៅផ្តន្ទាទោសតាមច្បាប់៕





