
ទីភ្នាក់ងារវប្បធម៌របស់អង្គការសហប្រជាជាតិ បានប្រកាសថា សហរដ្ឋអាម៉េរិកគ្រោងនឹងចូលរួមជាមួយអង្គការយូណេស្កូ (UNESCO) ឡើងវិញ ចាប់ពីខែកក្កដាឆ្នាំនេះ ដោយបញ្ចប់ជម្លោះដ៏វែងឆ្ងាយដែលបានធ្វើឱ្យទីក្រុងវ៉ាស៊ីនតោន បញ្ចប់សមាជិកភាពរបស់ខ្លួននៅក្នុងឆ្នាំ២០១៨...។

ប្រធានអង្គការយូណេស្កូ លោកស្រី អ៊ូដ្រេយ អាហ្ស៊ូឡេយ៍ Audrey Azoulay បានលើកឡើងនៅពេលដែលលោកស្រីប្រាប់អ្នកតំណាងស្ថាប័នជាសមាជិកក្នុងទីក្រុងប៉ារីស អំពីការសម្រេចចិត្តរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការចូលរួមឡើងវិញ ថាវាជាទង្វើនៃភាពជឿជាក់យ៉ាងមុតមាំនៅក្នុងអង្គការយូណេស្កូ និងក្នុងពហុភាគីនិយម។ សហរដ្ឋអាម៉េរិក ដែលជាសមាជិកស្ថាបនិកនៃអង្គការយូណេស្កូ គឺជាអ្នករួមចំណែកដ៏សំខាន់ក្នុងការផ្តល់ថវិកាដល់អង្គការយូណេស្កូ រហូតដល់ឆ្នាំ២០១១ នៅពេលដែលស្ថាប័ននេះបានទទួលស្គាល់ប៉ាឡេស្ទីនជារដ្ឋសមាជិក។ នោះបានបង្កឱ្យមានការបញ្ចប់ការរួមចំណែកក្រោមច្បាប់របស់សហរដ្ឋអាម៉េរិក។ បន្ទាប់មកលោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) បានប្រកាសនៅឆ្នាំ២០១៧ ថា សហរដ្ឋអាម៉េរិកដកខ្លួនចេញពីអង្គការយូណេស្កូជាមួយអ៊ីស្រាអែល ដោយចោទប្រកាន់ស្ថាប័ននេះ មានភាពលំអៀងប្រឆាំងនឹងរដ្ឋជ្វីហ្វ។ ការដកខ្លួនចេញរបស់ទីក្រុងវ៉ាស៊ីនតោន បានចូលជាធរមាននៅក្នុងឆ្នាំ២០១៨ ។

លោកស្រី អាហ្ស៊ូឡេយ៍ អតីតរដ្ឋមន្ត្រីវប្បធម៌បារាំង ដែលបានដឹកនាំអង្គការ UNESCO តាំងពីឆ្នាំ២០១៧ មក បានចាត់ទុកការនាំយកសហរដ្ឋអាម៉េរិកមកវិញ ជាអាទិភាពនៃអាណត្តិរបស់ខ្លួន។ លោកស្រីបាននិយាយកាលពីថ្ងៃចន្ទទី១២មិថុនាថា អង្គការយូណេស្កូកំពុងដំណើរការបានល្អ ប៉ុន្តែវានឹងកាន់តែប្រសើរឡើងនៅពេលដែលសហរដ្ឋអាម៉េរិកត្រឡប់មកវិញ។ លោកស្រីបានបន្ថែមថា វត្តមានរដ្ឋាភិបាលសហរដ្ឋអាម៉េរិក និងសង្គមស៊ីវិល អាចធ្វើឱ្យសហគមន៍អន្តរជាតិក្នុងវិស័យអប់រំ វប្បធម៌ និងវិទ្យាសាស្រ្តកាន់តែរីកចម្រើន។ នៅក្នុងលិខិតមួយទៅកាន់លោកស្រី អាហ្ស៊ូឡេយ៍ ដែលមើលឃើញដោយសារព័ត៌មាន AFP លោក រីឆាដ វ៉ើម៉ា Richard Verma អនុរដ្ឋមន្ត្រីសហរដ្ឋអាម៉េរិក ទទួលបន្ទុកការគ្រប់គ្រង និងធនធាន បានលើកឡើងថា ទីក្រុងវ៉ាស៊ីនតោនដឹងគុណចំពោះលោកស្រី អាហ្ស៊ូឡេយ៍ សម្រាប់វឌ្ឍនភាពលើបញ្ហាសំខាន់ៗ រួមទាំងការថយចុះការផ្តោតអារម្មណ៍លើការពិភាក្សានយោបាយ។

មុនពេលផ្អាកការរួមចំណែករបស់ខ្លួនក្នុងឆ្នាំ២០១១ សហរដ្ឋអាម៉េរិកបានរ៉ាប់រងប្រហែល២២ភាគរយនៃថវិការបស់អង្គការយូណេស្កូ ឬស្មើនឹង៧៥លានដុល្លារ។ ប៉ុន្តែសភាអាម៉េរិក ដែលបន្ទាប់មកត្រូវបានគ្រប់គ្រងទាំងស្រុងដោយគណបក្សប្រជាធិបតេយ្យរបស់លោកប្រធានាធិបតី ចូ បៃឌិន (Joe Biden) នៅក្នុងខែធ្នូ បានត្រួសត្រាយផ្លូវសម្រាប់សហរដ្ឋអាម៉េរិក ក្នុងការស្តារមូលនិធិឡើងវិញ ដោយកំណត់ដាច់ដោយឡែកនូវថវិកាចំនួន១៥០លានដុល្លារ។ រដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក អាន់ថូនី ប្លីងខេន (Antony Blinken) កាលពីខែមីនា បាននិយាយថា អវត្តមានរបស់សហរដ្ឋអាម៉េរិក ពីអង្គការយូណេស្កូ កំពុងអនុញ្ញាតឱ្យប្រទេសចិន សរសេរច្បាប់ស្តីពីបញ្ញាសិប្បនិម្មិត។ លោកបានប្រាប់គណៈកម្មាធិការព្រឹទ្ធសភាថា៖ «ខ្ញុំជឿជាក់យ៉ាងខ្លាំងថា យើងគួរតែត្រលប់ទៅអង្គការយូណេស្កូវិញ មិនមែនជាអំណោយដល់អង្គការយូណេស្កូទេ ប៉ុន្តែដោយសារតែរឿងដែលកំពុងកើតឡើងនៅអង្គការយូណេស្កូ ពិតជាមានសារសំខាន់។ ពួកគេកំពុងធ្វើការលើច្បាប់ បទដ្ឋាន និងស្ដង់ដារសម្រាប់បញ្ញាសិប្បនិម្មិត។ យើងចង់ចូលរួមផងដែរ»។

ឯកអគ្គរដ្ឋទូតចិនប្រចាំអង្គការយូណេស្កូ លោក យ៉ាង ជីន (Yang Jin) បាននិយាយកាលពីថ្ងៃចន្ទថា ទីក្រុងប៉េកាំងនឹងមិនប្រឆាំងនឹងការវិលត្រឡប់របស់សហរដ្ឋអាម៉េរិកទេ ដោយបន្ថែមថា ស្ថាប័ននេះត្រូវការរដ្ឋសមាជិកទាំងអស់ រួមដៃគ្នាដើម្បីបំពេញបេសកកម្មរបស់ខ្លួន ហើយថាប្រទេសចិន មានឆន្ទៈក្នុងការធ្វើការជាមួយរដ្ឋសមាជិកទាំងអស់។ ឯកអគ្គរដ្ឋទូតមកពីប្រទេសជាច្រើននៅទូទាំងពិភពលោក បានសាទរចំពោះព័ត៌មាននេះ។ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅអង្គការយូណេស្កូ លោកអាត់ស៊ូយូគិ អីអ៊ីកិ Atsuyuki Oike បានលើកឡើងថា៖ «ខ្ញុំមានទំនុកចិត្តថា រដ្ឋជាសមាជិកភាគច្រើន នឹងធ្វើការលើការវិលត្រឡប់របស់សហរដ្ឋអាម៉េរិក»។ បន្ថែមពីនោះ លោកបានហៅការចូលរួមរបស់អាម៉េរិកថា មិនអាចខ្វះបាន។ មែនទែនទៅ សហរដ្ឋអាម៉េរិកក៏ធ្លាប់ដកខ្លួនចេញពីអង្គការយូណេស្កូផងដែរក្នុងឆ្នាំ១៩៨៤ ហើយបានចូលរួមជាមួយអង្គការនេះឡើងវិញ បន្ទាប់ពីអវត្តមានជិត២០ឆ្នាំ នៅខែតុលា ឆ្នាំ២០០៣។ ផែនការដែលបានស្នើឡើងដើម្បីចូលរួមឡើងវិញនៅឆ្នាំ២០២៣ ឥឡូវនេះត្រូវដាក់ជូនទៅសន្និសីទទូទៅនៃរដ្ឋសមាជិកយូណេស្កូសម្រាប់ការអនុម័តចុងក្រោយ។ រដ្ឋសមាជិកមួយចំនួនចង់ឱ្យសម័យប្រជុំវិសាមញ្ញមួយត្រូវបានប្រារព្ធឡើងយ៉ាងឆាប់រហ័ស ដើម្បីសម្រេចចិត្ត៕



